• 2021-12-20 08:54:21
  • ព័ត៌មាន

សាកលវិទ្យាល័យ១០ ផ្ដល់​វគ្គ​បណ្តុះ​បណ្តាល​ពិសេសមួយលើ​អនឡាញដំបូងបំផុតដល់និស្សិតកម្ពុជា

  • 2021-12-20 08:54:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធីសិក្សាមួយថ្មីមានឈ្មោះថា «SmartStart Unipreneur Learning Platform (ULP)» គឺជាវគ្គសិក្សា «លាយបញ្ចូលគ្នា» (blended learning) ទទួលស្គាល់ជាផ្លូវការ ដែលមានវគ្គសិក្សាក្នុងថ្នាក់រៀន និងរៀនតាមអនឡាញដោយខ្លួនឯង ដែលមានគោលបំណងបណ្ដុះបណ្ដាលសិស្សានិស្សិតសាកលវិទ្យាល័យនូវផ្នត់គំនិតសហគ្រិន និងសមត្ថភាពបច្ចេកទេស។

មាតិកាអំឡុងវគ្គសិក្សាផ្ដោតលើទ្រឹស្តីលក្ខណៈជាសកលអំពីការផ្តើមអាជីវកម្មដំបូង ដែលត្រូវបានកែសម្រួលសម្របទៅនិងទីផ្សារនៅកម្ពុជា និងបទពិសោធ៍ជោគជ័យរបស់សហគ្រិនក្នុងស្រុក។

សូមទស្សនាវីដេអូខាងក្រោម៖

និស្សិតសាកលវិទ្យាល័យដែលចូលរួមក្នុងវគ្គសិក្សានេះត្រូវបានគេរំពឹងថានឹងទទួលបានចំណេះដឹងស៊ីជម្រៅ អំពីភាពជាសហគ្រិន អភិវឌ្ឍផ្នត់គំនិតសហគ្រិន និងបង្កើនសមត្ថភាពការងារ និងជំនាញជីវិតរបស់ពួកគេ។

កម្មវិធីខាងលើនេះបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MoU) រវាងក្រុមហ៊ុន Smart Axiata និង Impact Hub ភ្នំពេញ ជាមួយសាកលវិទ្យាល័យនៅកម្ពុជាចំនួន ១០ ដើម្បីផ្តល់វគ្គបង្រៀនបច្ចេកទេសអំពីអាជីវកម្មទើបបង្កើតថ្មីដែលពាក់ព័ន្ធជាមួយនឹងទីផ្សារនៅកម្ពុជា។

ពិធីចុះ (MoU) រវាងក្រុមហ៊ុន Smart និង Impact Hub ភ្នំពេញ ជាមួយសាកលវិទ្យាល័យនៅកម្ពុជាទាំង ១០

ពិធីចុះអនុស្សរណៈយោគយល់គ្នានេះធ្វើឡើងនៅពីថ្ងៃសុក្រ ទី១៧ ខែធ្នូ ឆ្នាំ២០២១ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ Feiruz Ikhwan នាយកប្រតិបត្តិស្តីទីក្រុមហ៊ុន Smart Axiata Melanie Mossard នាយកផ្នែកសហគ្រិន និងនវានុវត្តន៍នៃ Impact Hub ភ្នំពេញ និងសាកលវិទ្យាធិការមកពីសាកលវិទ្យាល័យទាំង ១០ ដែលជាផ្នែកមួយនៃកម្មវិធីដើម្បីជម្រុញសហគ្រិនភាពបច្ចេកវិទ្យានៅកម្ពុជា ដោយស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍន៍វិស័យអប់រំ និងបច្ចេកវិទ្យាគមនាគមន៍ព័ត៌មានក្នុងប្រទេស ដើម្បីឆ្ពោះទៅរកការបង្កើត ប្រទេសកម្ពុជាឌីជីថល (Digital Cambodia )។

រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា

ដោយមានការគាំទ្រពីមូលនិធិកសាងសមត្ថភាព និងស្រាវជ្រាវ (CBRD) កម្មវិធី SmartStart ULP ត្រូវបានអនុវត្តដោយភ្ជាប់ជាមួយ បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា សាកលវិទ្យាល័យពុទ្ធិសាស្ត្រ សាកលវិទ្យាល័យជាតិគ្រប់គ្រង សាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្ត្រសេដ្ឋកិច្ច សាកលវិទ្យាល័យបៀលប្រាយភ្នំពេញ និងសៀមរាប សាកលវិទ្យាល័យភូមិន្ទកសិកម្ម សាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា បាត់ដំបង សាកលវិទ្យាល័យអង្គរ សាកលវិទ្យាល័យស្វាយរៀង និង សាកលវិទ្យាល័យបច្ចេកវិទ្យានិងវិទ្យាសាស្ត្រកម្ពុជា។

ចាប់តាំងពីកម្មវិធីត្រូវបានដាក់សាកល្បងកាលពីឆ្នាំ ២០១៩ កម្មវិធីនេះមានសិស្សនិសិ្សតចំនួនប្រហែល ៧៥០ នាក់ បានចុះឈ្មោះក្នុងវគ្គបណ្ដុះបណ្ដាលនេះ។

លោក Feiruz Ikhwan នាយកប្រតិបត្តិស្តីទីក្រុមហ៊ុន Smart Axiata មានប្រសាសន៍ថា៖ «នេះគឺជាឱកាសដ៏ល្អសម្រាប់និស្សិតជាច្រើនក្នុងថ្នាក់បរិញ្ញាបត្រនាពេលបច្ចុប្បន្ននេះ។ ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុងការបង្កើតឌីជីថលកម្ពុជា យើងមានទំនុកចិត្តថាកម្មវិធី SmartStart ULP ជាមួយការគាំទ្ររបស់ក្រសួងទាំងពីរ នឹងជួយផ្ដល់ចំណេះដឹងមូលដ្ឋានគ្រឹះនៃភាពជាសហគ្រិន និងបំណិនជីវិត ដែលសិស្សនិសិ្សតនានា ត្រូវការដើម្បីឈានចូលទៅក្នុងវិស័យការងារដោយជោគជ័យ និងនាំយកការផ្លាស់ប្តូរនៅក្នុងក្រុមហ៊ុន សហគមន៍ និងប្រទេសរបស់ពួកគេ។»

លោក Feiruz Ikhwan

SmartStart ULP គឺជាកម្មវិធីសិក្សាតាមអនឡាញក្នុងស្រុកដំបូងគេបង្អស់ ដែលណែនាំចំណេះដឹងអំពីភាពជាសហគ្រិនតាមរយៈវិធីសាស្រ្តសិក្សាចម្រុះ។ ជាមួយនឹងប្រព័ន្ធគ្រប់គ្រងការសិក្សា (LMS) ដ៏ល្អមួយ សិស្សនិស្សិតចំណាយពេល ៣០ ម៉ោងក្នុងថ្នាក់រៀន និង ១៥ ម៉ោងធ្វើការប្រកបដោយឯករាជ្យ និងសិក្សាតាមអនឡាញ។ វគ្គសិក្សានេះត្រូវបានបង្រៀនជាភាសាខ្មែរ និងភាសាអង់គ្លេស ហើយរួមបញ្ចូលភាពជាដៃគូរបស់សាកលវិទ្យាល័យនានា ជាវគ្គជម្រើស ឬជាវគ្គកាតព្វកិច្ច។

កញ្ញា Melanie Mossard ជានាយកផ្នែកសហគ្រិន និងនវានុវត្តន៍នៃ Impact Hub ភ្នំពេញ បានឲ្យដឹងថា៖ «ក្រុមហ៊ុន Smart Axiata និង Impact Hub ភ្នំពេញ តែងតែមានកិច្ចសហប្រតិបត្តិការដ៏ល្អរវាងគ្នាទៅវិញទៅមក ក្នុងការអភិវឌ្ឍន៍អ្នកមានទេពកោសល្យ ផ្នែកសហគ្រិនភាពបច្ចេកវិទ្យានៅក្នុងប្រទេសកម្ពុជាក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ និងការជំរុញប្រព័ន្ធអេកូឌីជីថល។ លើកនេះ ដោយមានការគាំទ្រយ៉ាងខ្លាំងពីសាកលវិទ្យាល័យទាំងដប់ ដែលផ្តល់តម្លៃដល់សហគ្រិនភាពបច្ចេកវិទ្យា សម្រាប់ការអភិវឌ្ឍន៍របស់សិស្សនិស្សិត ខ្ញុំពិតជារំភើបណាស់ដែលបានឃើញថាកម្មវិធីនឹងត្រូវបានដាក់បញ្ចូលជាផ្នែកមួយនៃកម្មវិធីសិក្សារបស់ពួកគេ។»

កញ្ញា Melanie បន្ថែមទៀតថា៖ «លើសពីនេះ យើងបានរកឃើញថា វាមានសារៈសំខាន់ណាស់ក្នុងការសម្រេចយកសហគ្រិនកម្ពុជា ចំនួន ១៥ នាក់ ជាករណីសិក្សា ដើម្បីបង្ហាញពីផ្នែកនីមួយៗនៃកម្មវិធីសិក្សា ដើម្បីបង្ហាញពីគំរូក្នុងស្រុកដែលសិស្សអាចកំណត់អត្តសញ្ញាណខ្លួនឯងបាន។ ជាមួយនឹងវីដេអូ លំហាត់ និងសម្ភារៈនានា ក្នុងវិធីសាស្រ្តសិក្សាចម្រុះ សិស្សនឹងអាចរៀនបានទាំងទ្រឹស្តី និងបទពិសោធន៍ជាក់ស្តែងជាមួយមិត្តភក្តិ និងគ្រូរបស់ពួកគេ ដែលផ្តល់អត្ថប្រយោជន៍ដល់អាជីពរបស់ពួកគេនាពេលអនាគត។ យើងជឿជាក់ថា ការវិនិយោគក្នុងការអភិវឌ្ឍផ្នត់គំនិតសហគ្រិនភាពក្នុងចំណោមយុវជនកម្ពុជា គឺជាកត្តាសំខាន់សម្រាប់អនាគតនៃប្រទេសកម្ពុជា។ យើងត្រូវបង្កើនអ្នកបង្កើតការងារជំនាន់ថ្មីនិងអ្នកកដោះស្រាយបញ្ហា ហើយយើងសង្ឃឹមថាវេទិកានេះនឹងបំពាក់ឱ្យពួកគេសម្រាប់អនាគតរបស់ពួកគេ។»

លោក Feiruz បានបន្ថែមទៀតថា៖ «ការមានផ្នត់គំនិតសហគ្រិនគឺជាជំនាញដ៏មានតម្លៃក្នុងជីវិត សម្រាប់ការអភិវឌ្ឍន៍ផ្ទាល់ខ្លួន និងវិជ្ជាជីវៈរបស់នរណាម្នាក់។ យើងរំពឹងថាសិស្សទាំងអស់នឹងទទួលបានអត្ថប្រយោជន៍ពី កម្មវិធី SmartStart ULP ដោយមិនគិតពីថា តើមហិច្ឆតារបស់ពួកគេគឺចង់ចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួនរបស់ពួកគេ ឬធ្វើការនៅតាមក្រុមហ៊ុននោះទេ។ យើងជឿជាក់ថាកម្មវិធី ULP នឹងផ្តល់ការបណ្តុះបណ្តាល និងជំនាញដែលនឹងជួយបង្កើតអ្នកដឹកនាំកម្ពុជាជំនាន់ក្រោយ។»

បណ្ឌិត សុខ គឹមឈិន ព្រឹទ្ធបុរសមហាវិទ្យាល័យសេដ្ឋកិច្ចកសិកម្ម និងអភិវឌ្ឍន៍ជនបទ មានប្រសាសន៍ថា៖ «ខ្ញុំពិតជាជឿជាក់ថាកិច្ចសហប្រតិបត្តិការរវាង សាកលវិទ្យាល័យភូមិន្ទកសិកម្ម Impact Hub ភ្នំពេញ និង Smart Axiata នឹងពិតជាលើកកំពស់ការអប់រំសហគ្រិនភាពនៅកម្ពុជា។»

ក្រៅពីការចូលរួមក្នុងវគ្គសិក្សានេះ និស្សិតឆ្នើមៗមកពីសាកលវិទ្យាល័យទាំងដប់នឹងត្រូវបានអញ្ជើញឱ្យចូលរួមក្នុងកម្មវិធី Bootcamp ដោយស្នាក់នៅរយៈពេល ៣ថ្ងៃ ២ យប់ ដើម្បីស្វែងយល់បន្ថែមអំពីសហគ្រិន ភាពបច្ចេកវិទ្យា និងធ្វើការបន្ថែមលើគំនិតអាជីវកម្មរបស់ពួកគេពីសាកលវិទ្យាល័យ ដើម្បីប្រកួតប្រជែងសម្រាប់ការធ្វើដំណើរទៅក្រៅប្រទេស ឬនិង ការប្រកួតប្រជែសម្រាប់រង្វាន់សាច់ប្រាក់ នៅចុងបញ្ចប់នៃឆមាសរបស់ពួកគេផងដែរ។

សម្រាប់ព័ត៌មានបន្ថែម និងព័ត៌មានថ្មីៗអំពីវគ្គសិស្សា SmartStart Unipreneur សូមតាមដានទំព័រ Facebook របស់ Smart for Cambodia ឫចូលទៅកាន់ www.smartstart.com.kh

អត្ថបទ៖ រក្សា

មតិយោបល់