• 2021-12-16 02:04:36
  • ព័ត៌មាន

ពីរបីឆ្នាំខាងមុខ! ឡាន​អគ្គិសនីវៀតណាម មិនពឹងលើអាគុយបរទេសទៀតទេ

  • 2021-12-16 02:04:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុនរថយន្តវៀតណាម Vingroup បាន​ចាប់ផ្តើម​សាងសង់​រោងចក្រ​ផលិត​អាគុយ ដែលមានតម្លៃ ១៧៤លានដុល្លារ សម្រាប់​បំពាក់​លើ​រថយន្ត​អគ្គិសនី​របស់ខ្លួនតែម្តង ដោយមិនចាំបាច់​ត្រូវពឹង​ផ្អែក​លើ​អាគុយ​របស់​ប្រទេសដទៃទៀតឡើយ។

រោងចក្រ​នេះ​ត្រូវបានសាងសង់​លើ​ផ្ទៃដីទំហំ ៨ហិចតា នៅខេត្ត Ha Tinh។ វា​មាន​សមត្ថភាព​ អាចផលិត​អាគុយ​ប្រភេទ Lithium ប្រមាណ ១០ម៉ឺន ក្នុងមួយឆ្នាំ។ ក្នុងនោះ​ គឺ​អាច​ផ្គត់ផ្គង់​សម្រាប់​រថយន្ត​អគ្គិសនីបាន ៨ម៉ឺនគ្រឿង នៅពេល​ប្រតិបត្តិការ​ពេញ​លេញ​ក្នុងឆ្នាំ​២០២២។

ដៃគូដែល​ក្រុមហ៊ុន Vingroup សហការ​ផលិតអាគុយរួមមាន StoreDot, Gotion High-Tech និង ProLogium ជាដើម។ ក្រុមហ៊ុន​វៀតណាមនេះ ក៏បានផ្តោតសំខាន់​លើ​ការ​ស្រាវជ្រាវ និង​អភិវឌ្ឍ​ផ្ទៃក្នុង ពោលគឺ​បាន​បង្កើតស្ថាប័ន​ស្រាវជ្រាវផ្ទាល់ខ្លួន ដើម្បី​អភិវឌ្ឍ​អាគុយ និង​បច្ចេកវិទ្យាសាកថ្ម។

គួរដឹងថា ​តំបន់​អាស៊ីប៉ាស៊ីហ្វិក បាន​ក្លាយ​ជាទីផ្សារ​ដែលកំពុង​ពេញ​និយម​ប្រើប្រាស់​រថយន្ត​អគ្គិសនី។ ជាមួយគ្នានោះ ឧស្សាហកម្ម​ផលិត​អាគុយ ក្នុងតំបន់នេះ ដូចជានៅ​ចិន ឥណ្ឌា ជប៉ុន និង​កូរ៉េខាងត្បូង នឹង​មានកំណើន​ផ្គត់ផ្គង់​ក្នុងប៉ុន្មាន​ឆ្នាំខាងមុខទៀត។

កាលពីខែវិច្ឆិកាកន្លងទៅ ក្រុមហ៊ុនផលិតរថយន្តវៀតណាម VinFast បានដាក់បង្ហាញរថយន្តអគ្គិសនីរបស់ខ្លួនជាផ្លូវការ នៅលើទីផ្សារសហរដ្ឋអាមេរិក ក្នុងកម្មវិធី 2021 Los Angeles Auto Show ដោយក្នុងនោះមានម៉ូដែល VF E35 និង VF E36។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ VinFast VF E36 ដែលជា SUV កៅអី ៣ជួរ ដំណើរការដោយថាមពលអគ្គិសនីសុទ្ធ នឹងក្លាយជាគូប្រជែងរបស់ Tesla Model Y ដែលជាម៉ាករថយន្តអគ្គិសនីល្បីឈ្មោះខ្លាំងទូទាំងពិភពលោក៕

ប្រភព៖ Techinasia ប្រែ​សម្រួល៖ សំភី

មតិយោបល់