• 2021-12-01 07:50:30
  • ព័ត៌មាន

ក្រសួងប្រៃសណីយ៍ ត្រៀមថវិកា ១០ មុឺនដុល្លារក្នុងមួយឆ្នាំសម្រាប់ Creator ផលិត Content អប់រំ

  • 2021-12-01 07:50:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឯកឧត្តម ជា វ៉ាន់ដេត មានប្រសាសន៍ថា៖ “ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានត្រៀមថវិកាចំនួន ១០ម៉ឺនដុល្លារ ក្នុងមួយឆ្នាំ សម្រាប់ផ្ដល់ជូនដល់ក្រុមហ៊ុនឌីជីថលមេឌៀ និងអ្នក​ផលិតមាតិកាទាំងឡាយណា ផលិតបានមាតិកាដែលផ្តល់នូវការអប់រំ និងប្រយោជន៍ផ្សេងៗក្នុងសង្គម។” នេះជាប្រសាសន៍លើកឡើងរបស់រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក្នុងអំឡុងពេលរៀបចំសិក្ខាសាលាស្ដីអំពី “បញ្ហាប្រឈម និងឱកាស សម្រាប់អ្នកផលិតមាតិកាឌីជីថលក្នុងប្រទេសកម្ពុជា” កាលពីថ្មីៗនេះ​។

ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍

មាតិកា ឬខ្លឹមសារឌីជីថល (Digital Contents) ត្រូវបានចាត់ទុកជាផ្នែកមួយដ៏សំខាន់រួមចំណែកដល់ការកសាងសេដ្ឋកិច្ចនិងសង្គមឌីជីថល មានជាអាទិ៍ ការចូលរួមបង្កើននូវតម្លៃបន្ថែមលើសកម្មភាពពាណិជ្ជកម្ម ធុរកិច្ច ទេសចរណ៍ជាដើម ព្រមទាំងការបង្កើននូវអន្តរសកម្ម តាមប្រព័ន្ធឌីជីថលក្នុងសង្គម តាមរយៈការផ្តល់នូវការកម្សាន្ត និងព័ត៌មាន លើប្រភេទប្រភេទ មាតិកាកំសាន្ត (Entertainment) បច្ចេកវិទ្យា (Technology) ការបង្ហាត់បង្ហាញ (Tutorial & How to) ការផ្សងព្រេង និងដំណើរកំសាន្ត (Adventure & Travel) វីដេអូឯកសារ (Documentary) ពិពណ៌នា សង្ខេបភាពយន្ត (Film Review), ចំណេះដឹងទូទៅ, ការសំដែងសិល្បៈ និងចម្រៀង, និងការអប់រំជាដើម។

មាតិកាឌីជីថល ល្អៗទាំងនោះអាចផ្តល់នូវផលប៉ះពាល់វិជ្ជមាន ដល់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម។

ជាការគិតគូរវែងឆ្ងាយ ក្រសួងនឹងបន្តដាក់ចេញនូវកម្មវិធីគាំទ្របណ្តុះបណ្តាល និងលើកទឹកចិត្តដល់ការផលិតមាតិកាឌីជីថលនៅកម្ពុជា អំណោយផលដល់ការធ្វើសកម្មភាព និងស្វែងរកប្រាក់ចំណូល ដែលមានសក្តានុពលគាំទ្រដល់ការការបង្កើតនូវធុរកិច្ចថ្មីឌីជីថល និងការអភិវឌ្ឍ សេដ្ឋកិច្ចនិងសង្គមឌីជីថលនៅកម្ពុជា។

ក្រុមហ៊ុនឌីជីថលមេឌៀ និងអ្នក​ផលិតមាតិកា ក៏បានលើកឡើងពី បញ្ហាប្រឈមចំពោះមុខរបរនៃការផលិត ខ្លឹមសារឌីជីថល រួមមានការលួចចម្លងស្នាដៃ និងកម្មសិទ្ធបញ្ញា, កង្វះមាតិកាដែលមានគុណភាព សម្រាប់ អ្នកប្រើប្រាស់ឬទស្សនា, បញ្ហាហិរញ្ញវត្ថុនិងការប្រភពចំណូល, បញ្ហាបច្ចេកទេសជាមួយថ្នាលបង្កើតឬផ្តល់ មាតិកាដូចជា Facebook ឬ YouTube, កង្វះការគាំទ្ររបស់បណ្តាញសារព័ត៌មាន, និងការបណ្តុះបណ្តាល ជាដើម។

សម្រាប់បញ្ហាប្រឈមនេះ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នឹង​ស្វែករកកិច្ចសហការជាមួយ​ក្រុមហ៊ុនធំៗ ដូចជា Facebook និង YouTube ជាដើមដើម្បីធ្វើការបណ្តុះបណ្តាល និងដោះស្រាយបញ្ហា របស់សហគមន៍អ្នកផលិតមាតិកានៅកម្ពុជា។

បន្ថែមពីលើនេះ ក្នុងស្មារតីជួយសម្រួលដល់ធុរកិច្ចថ្មីឌីជីថល ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានបង្កើត នូវមជ្ឈមណ្ឌលនវានុវត្តន៍ឌីជីថល ស្ថិតនៅក្រោមបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា ដើម្បីរួមចំណែកក្នុង ការកសាងអេកូឡូស៊ីសហគ្រិនភាព និងគាំទ្រដល់ធុរកិច្ចថ្មីឌីជីថល សំដៅលើកកម្ពស់នវានុវត្តន៍ជាតិ។

មជ្ឈមណ្ឌលនេះនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការអនុវត្តនូវកម្មវិធីគាំទ្រ និងលើកទឹកចិត្តធុរកិច្ចថ្មីឌីជីថល ស្របតាមអនុក្រឹត្យស្តីពីការគ្រប់គ្រងនិងការលើកទឹកចិត្តថ្មីឌីជីថលដែលទើបទទួលបានការអនុម័តពីរាជរដ្ឋាភិបាល ក្រោមគំនិតផ្តួចផ្តើមរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។

ក្នុងប្រព័ន្ធអេកូឡូស៊ីនេះ អ្នកផលិត មាតិកាឌីជីថល ក៏ជាផ្នែកមួយយ៉ាងសំខាន់ដែលអាចរួមចំណែកក្នុងការជំរុញដល់ដំណើរការអាជីវកម្មរបស់ ធុរកិច្ចថ្មីឌីជីថល និងនវានុវត្តន៍ជាតិ តាមរយៈការធ្វើកិច្ចសហការផ្សព្វផ្សាយ, ការចូលរួមបង្កើតនូវផលិតផល ឬសេវាកម្មឌីជីថលថ្មីៗ និងបញ្ជ្រាបការយល់ដឹង បណ្តុះបណ្តាល និងអប់រំជាដើម។

Content Creator កំពុងចូលរួមសិក្ខាសាលា

ជម្រាបជូនដែរថា កាលពីថ្ងៃចន្ទទី ៣០ ខែសីហា ឆ្នាំ ២០២១ រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ បានជួបសំណេះសំណាលជាមួយផលិតករមាតិកាឌីជីថលច្រើនជាង ៥០ រូប​ដូចជា៖ អ្នកអភិវឌ្ឍមាតិកាឌីជីថល (Digital Media Creators), Vlogger (ឬ Youtuber), សិល្បៈករចម្រៀង (Digital Singers), សិល្បករឌីជីថល (Digital Artist), បុគ្គលមានឥទ្ធិពល (Influencers), ផលិតករភាពយន្ត (Filmmakers), ផលិតករតន្រ្តី (Music Producers) និងគំនូរជីវចលឌីជីថល (Digital Animation) ៕

Content Creator កំពុងចូលរួមសិក្ខាសាលា

អត្ថបទ៖ រក្សា

មតិយោបល់