• 2021-12-01 01:05:13
  • ព័ត៌មាន

Suzuki ចេញលក់កូនឡានតម្លៃខ្ទង់ ១ម៉ឺនដុល្លារស្តើង ខាងក្នុងទូលាយ ហើយស៊ីសាំងតិចទៀត

  • 2021-12-01 01:05:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Suzuki បានបង្ហាញរូបរាងនៃរថយន្ត Alto ស៊េរីឆ្នាំ២០២២ ជាផ្លូវការ សម្រាប់ទីផ្សារប្រទេសជប៉ុន។ ថ្វីបើមានឈ្មោះបែបនេះមែន ប៉ុន្តែរថយន្ត Suzuki Alto ជំនាន់ទី៩ ខាងលើ គឺខុសគ្នាពីរថយន្ត Suzuki Maruti Alto ដែលមានលក់នៅប្រទេសឥណ្ឌា និងលើទីផ្សារដទៃទៀត។

រថយន្ត Suzuki Alto ឆ្នាំ២០២២ នៅតែរក្សាការឌីហ្សាញបែប Two-box ប៉ុន្តែបានកែកុនខ្លះៗ ជាពិសេសនៅផ្នែកខាងមុខ ហើយមានបំពាក់ចង្កៀងមុខរាងមូល។ មិនតែប៉ុណ្ណោះ រូបរាងរបស់វាមើលទៅក៏រៀងជ្រុងជាងមុនដែរ ដោយសារតែការបំពាក់កញ្ចក់មុខរាងបញ្ឈរជាងមុន និង ដំបូលរាបស្មើ។

អ្វីដែលរឹតតែពិសេសនោះគឺ រថយន្ត Suzuki Alto ថ្មីនេះ បានអាប់ដេតលើផ្នែកជាច្រើននៅកាប៊ីនខាងក្នុង ដែលអាចអង្គុយបាន ៤នាក់របស់វា ដូចជា តាប្លូ, កុងទ័រ, ដៃចង្កូត និង បន្ថែមកន្លែងទុកដាក់ឥវ៉ាន់ទៀតផង។

ជាមួយគ្នានេះដែរ វាក៏បានពាំនាំមកនូវបច្ចេកវិទ្យាសុវត្ថិភាពមួយចំនួន រួមទាំង ប្រព័ន្ធ ADAS ដូចជា ហ្វ្រាំងអាសន្នស្វ័យប្រវត្តិ, មុខងារផ្តល់ដំណឹងពេលមានឧបសគ្គនៅខាងមុខ និង មុខងារផ្តល់ដំណឹងពេលរថយន្តជិះចាកគន្លះផ្លូវ ផងដែរ។

រថយន្ត Suzuki Alto ឆ្នាំ២០២២ នឹងផ្តល់ជម្រើសម៉ាស៊ីន Mild-hybrid ដែលគួបផ្សំរវាងម៉ាស៊ីនសាំងចំណុះ ៦៦០សេសេ ទំហំ ៣ស៊ីឡាំង ជាមួយនឹងម៉ូទ័រមួយ និងកញ្ចប់អាគុយមួយ។ ថ្វីបើក្រុមហ៊ុនមិនបានផ្តល់ព័ត៌មានលម្អិតអំពីកម្លាំងសេះ និង កម្រិតស៊ីសាំងរបស់វា ប៉ុន្តែរថយន្ត Suzuki Alto ឆ្នាំ២០២១ មានកម្រិតស៊ីសាំងជាមធ្យម ៤លីត្រ/១០០គីឡូម៉ែត្រ និងមានកម្លាំង ៣៩សេះ។

យ៉ាងណាមិញ ចំពោះតម្លៃរបស់វាក៏ដូចគ្នាដែរ គឺក្រុមហ៊ុន Suzuki មិនទាន់បានប្រកាសនៅឡើយទេ ប៉ុន្តែរថយន្ត Alto ឆ្នាំ២០២១ ត្រូវបានដាក់លក់ក្នុងតម្លៃចាប់ពី ១១ ៨០០ដុល្លារ នៅក្នុងប្រទេសជប៉ុន៕

អត្ថបទ៖ សេង ឡុង

មតិយោបល់