• 2021-11-29 10:13:43
  • ព័ត៌មាន

អ្នកជំនាញផ្នែកបណ្ដាញទូរសព្ទចល័ត ណែនាំមិនឲ្យប្រើប្រាស់ឧបករណ៍ «ពង្រីកសេវាទូរសព្ទ»

  • 2021-11-29 10:13:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកជំនាញមកពីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងអ្នកជំនាញផ្នែកបណ្ដាញទូរសព្ទចល័ត បានទទូចឲ្យប្រជាជនកុំនាំគ្នាប្រើឧបករណ៍ «ចាប់ ឬពង្រីកសេវាទូរសព្ទ» (repeater ឬ amplifier) ដើម្បីដោះស្រាយបញ្ហាសេវាទូរសព្ទចល័តខ្សោយ។

អ្នកជំនាញបាននិយាយថា ឧបករណ៍ចាប់សេវាទូរសព្ទដែលគ្មានការអនុញ្ញាតពីក្រសួងពាក់ព័ន្ធ គឺមិនបានជួយដោះស្រាយបញ្ហាខ្សោយសេវាទូរសព្ទនោះទេ ប៉ុន្តែ ផ្ទុយទៅវិញ ឧបករណ៍ទាំងនោះបង្កការរំខានដល់ស្ថានីយផ្សាយសេវារបស់ក្រុមហ៊ុនបណ្ដាញទូរសព្ទចល័តទៅវិញទេ។ ជាងនេះទៅទៀត ការទិញ លក់ ដំឡើង និងប្រើប្រាស់ឧបករណ៍ទាំងនេះដោយគ្មានអាជ្ញាបណ្ណ គឺជាទង្វើខុសច្បាប់ ដែលអាចនឹងត្រូវប្រឈមមុខនឹងច្បាប់ស្ដីពីទូរគមនាគមន៍កម្ពុជា។

បច្ចុប្បន្ន គេឃើញមានការត្អូញត្អែរមួយចំនួននៅលើបណ្ដាញព័ត៌មានសង្គមអំពីការខ្សោយ ឬគ្មានសេវាទូរសព្ទដៃនៅតាមតំបន់មួយចំនួន ដែលជួនកាល សេវាខ្សោយ ឬគ្មានសេវាតែម្ដង។

អ្នកជំនាញបានពន្យល់ថា អ្នកដែលបានទិញឧបករណ៍ចាប់សេវាទូរសព្ទៃ (ឬហៅថា mobile wave amplifier ឬ repeater) បានដំឡើងប្រើប្រាស់ឧបករណ៍នេះដោយគ្មានការអនុញ្ញាតដែលនាំឲ្យបង្កការរំខានធ្ងន់ធ្ងរទៅលើស្ថានីយផ្សាយរបស់ក្រុមហ៊ុនបណ្ដាញទូរសព្ទ និងនាំឲ្យប៉ះពាល់ដល់គុណភាពសេវាដែលផ្ដល់ដល់អតិថិជន។ អ្នកជំនាញបានបន្តថា ឧបករណ៍ចាប់សេវាទូរសព្ទនេះត្រូវបានគេរកឃើញថា មានប្រើក្នុងចំនួនដ៏ច្រើនគួរសម នៅក្នុងរាជធានីភ្នំពេញ និងខេត្តកណ្ដាល។

យោងតាមអ្នកជំនាញ ឧបករណ៍ចាប់សេវាទូរសព្ទនេះវារំខានទៅដល់ស្ថានីយផ្សាយសេវា ដែលនាំឲ្យប៉ះពាល់ទៅដល់គុណភាពសេវា។ ឧបករណ៍ទាំងនេះរំខានដល់សេវាទូរសព្ទដៃ ធ្វើឲ្យគេមិនអាចកំណត់ហ្រ្វេកង់បាន និងបណ្ដាលឲ្យអ្នកប្រើប្រាស់នៅក្នុងតំបន់ជិតខាងមិនអាចធ្វើការហៅចេញ ឬទទួលទូរសព្ទ ឬប្រើប្រាស់អ៊ីនធឺណិតបាន។

បើយោងតាមច្បាប់ មានតែសហគ្រាសឬក្រុមហ៊ុនដែលផ្ដល់សេវាទូរសព្ទចល័តប៉ុណ្ណោះ ដែលត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់ឧបករណ៍បញ្ជូនសេវាទូរសព្ទចល័តសម្រាប់ការដំឡើងនៅតាមតំបន់នានាដែលមានសេវាខ្សោយ ដើម្បីធ្វើឲ្យគុណភាពសេវាទូរសព្ទមានភាពល្អប្រសើរ និងមិនបង្កផលរំខានទៅដល់បណ្ដាញទូរគមនាគមន៍ចល័តដទៃទៀត។

ក្នុងករណីដែលសេវាទូរសព្ទនៅក្នុងតំបន់ណាមួយមិនឆ្លើយតបទៅតាមតម្រូវការប្រើប្រាស់ដោយសារតែសេវាខ្សោយពេក អ្នកប្រើប្រាស់ត្រូវធ្វើការទំនាក់ទំនងដោយផ្ទាល់ និងចូលរួមរាយការណ៍អំពីបញ្ហានេះទៅកាន់ក្រុមហ៊ុនផ្ដល់សេវាទូរសព្ទ ដើម្បីសុំការណែនាំ និងការធានាផលប្រយោជន៍របស់អ្នកប្រើប្រាស់៕

មតិយោបល់