- 2021-11-29 02:25:18
- ផលិតផលថ្មី
ឡានអគ្គិសនីទីមួយរបស់ Lexus សាកពេញម្តងជិះបាន ៦០០គ.ម អាចនឹងប្រើឈ្មោះនេះ
- 2021-11-29 02:25:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឡានអគ្គិសនីទីមួយរបស់ Lexus សាកពេញម្តងជិះបាន ៦០០គ.ម អាចនឹងប្រើឈ្មោះនេះ
ចន្លោះមិនឃើញ
ក្រុមហ៊ុន Lexus ទើបតែបញ្ចេញគំរូរថយន្តអគ្គិសនីទីមួយរបស់ខ្លួន ស៊េរីឆ្នាំ២០២៣ ដែលអាចនឹងប្រើឈ្មោះ RZ 450e ដោយវាមានរូបរាងដ៏ស្អាតទាក់ទាញបំផុត និងអាចធ្វើដំណើរបានឆ្ងាយជាងរថយន្តអគ្គិសនីទីមួយរបស់ Toyota ទៅទៀត ពេលសាកភ្លើងពេញ។
រថយន្តអគ្គិសនីនេះ ត្រូវបានឌីហ្សាញជារថយន្តបែបអនាគត ដែលមានភាពប្រណីតខ្លាំង ពិសេសផ្នែកខាងមុខដែលរចនាជារាងច្រមុះត្រីឆ្លាម បំពាក់ជាមួយ LED និងមានប៉ាណា spindle grille ដែល Leuxs ច្រើនតែបំពាក់លើរថយន្តខ្លួន។ ផ្នែកចំហៀងរថយន្តគឺឃើញមានដៃទ្វារជារបៀប pop-out E-latch គឺវានឹងលៀនចេញមកពេលយើងត្រូវការបើកទ្វារ។ ចង្កៀងស្តុបក្រោយក៏ជាប្រភេទ LED និងមានបំពាក់ spoiler នៅខាងក្រោយផងដែរ។
ចំណែកផ្នែកខាងក្នុងរថយន្ត បើតាមរូបភាពដែល Lexus បានបង្ហាញគឺចាប់អារម្មណ៍ជាពិសេសលើដៃចង្កូតដែលឌីហ្សាញជារាងនឹមលើកដំបូង (yoke steering) បំពាក់កុងទ័រឌីជីថល និងមានប្រព័ន្ធកម្សាន្ត Touchscreen ដ៏ធំនៅចំកណ្តាលផ្ទៃតាប្លូ ដែលអាចបញ្ជាដោយប្រើសំឡេង ព្រមទាំងមានអេក្រង់ heads-up display ផងដែរ។ ចំពោះកៅអីរថយន្ត មើលទៅដូចជាកៅអីសម្រាប់ដាក់នៅលើរថយន្តប្រណាំងផងដែរ ដែលមានចំនួន៤ (មុខ២ ក្រោយ២) និងប្រើសោឌីជីថល។
Lexus RZ 450e ត្រូវអភិវឌ្ឍឡើងលើគ្រោងឆ្អឹង e-TNGA ដូចរថយន្ត bZ4X របស់ Toyota និង Solterra របស់ Subaru ដែរ។ រថយន្តនេះមានកម្លាំងម៉ាស៊ីនខ្លាំង ៥៣៦សេះ ដោយជាន់ពីល្បឿន ០ ទៅ ១០០គ.ម/ម៉ ប្រើពេលតែ ៣វិនាទី និងមានអាគុយធំផ្ទុកភ្លើងបាន ៩០គីឡូវ៉ាត់ម៉ោង ហើយពេលសាកភ្លើងពេញម្តង អាចធ្វើដំណើរបានដល់ចម្ងាយ ៦០០គីឡូម៉ែត្រ។ វាក៏នឹងភ្ជាប់មកជាមួយដុំសាកលឿនផងដែរ។ បើប្រៀបធៀបនឹង Toyota bZ4X គឺបំពាក់អាគុយផ្ទុកភ្លើងបានតែ ៧១,៤គីឡូវ៉ាត់ម៉ោង ដែលអាចធ្វើដំណើរបានត្រឹម ៤២០គីឡូម៉ែត្រ។
អាគុយរបស់ Lexus នេះ អាចប្រកួតជាមួយគូប្រជែងធំៗបានដូចជា Tesla Model Y, Audi Q4 e-tron, Genesis GV60, BMW iX, Mercedes-Benz EQC, Jaguar I-Pace, Polestar 2 និង Cadillac Lyriq។
ក្រុមហ៊ុន Lexus នឹងបញ្ចេញរថយន្តនេះ ជាផ្លូវការក្នុងអំឡុងពីរបីខែក្រោយ ហើយគ្រោងដាក់លើទីផ្សារនៅអំឡុងឆមាសទី២ នៃឆ្នាំ២០២២ ដោយមិនទាន់បានបញ្ជាក់នៅឡើយ៕