• 2021-11-23 10:05:39
  • ព័ត៌មាន

ក្រុមហ៊ុនមួយ ប្រកាសអំពីការជ្រៀតចូលដែលប៉ះពាល់ដល់សេវាកម្ម WordPress

  • 2021-11-23 10:05:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីថ្ងៃទី ២២ វិច្ឆិកា កន្លងទៅក្រុមហ៊ុន GoDaddy បានប្រកាសអំពីការជ្រៀតចូលទៅក្នុងប្រព័ន្ធផ្ទុកទិន្នន័យរបស់សេវាកម្ម WordPress កាលពីខែកញ្ញាដោយប្រើលេខសម្ងាត់ដែលបានបែកធ្លាយ។ នៅក្នុងការវាយប្រហារនេះ ក្រុមជនខិលខូចបានលួចទាញយកគណនីអុីមែល និងលេខសម្គាល់អតិ​ថិជនចំនួនប្រមាណ ១,២ លាននាក់ ដែលពួកគេអាចប្រើអុីមែលទាំងនោះដើម្បីធ្វើការបោក​បញ្ឆោត​ជន​រងគ្រោះនៅពេលក្រោយបាន។

ជាងនេះទៅទៀតឈ្មោះសម្គាល់គណនី និងលេខសម្ងាត់ សម្រាប់ចូលទៅក្នុងប្រព័ន្ធ sFTP និងផ្ទុកទិន្នន័យជាច្រើនក៏ត្រូវបានបែកធ្លាយ ប៉ុន្តែបច្ចុប្បន្នក្រុមហ៊ុនបានធ្វើការផ្លាស់ប្ដូរលេខសម្ងាត់ទាំង​នោះ​ហើយ។ នេះមិនមែនជាលើកទីមួយទេដែលទិន្នន័យរបស់អ្នកប្រើប្រាស់ជាច្រើនត្រូវបានបែក​ធ្លាយ​ដោយសារតែបញ្ហាសុវត្ថិភាពរបស់ក្រុមហ៊ុន GoDaddy ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ។

កន្លង​ទៅ​កាល​ពី​ឆ្នាំ ២០១៨ ភាពចន្លោះប្រហោងនៅក្នុងប្រព័ន្ធ AWS បានធ្វើឱ្យទិន្នន័យនៅលើម៉ាស៊ីនមេ GoDaddy ត្រូវបានបែកធ្លាយ ហើយនៅឆ្នាំ២០២០ គណនីអ្នកប្រើប្រាស់ចំនួន ២៧ ០០០ ត្រូវបានជ្រៀតចូលដោយគ្មានការអនុញ្ញាត។ ដើម្បីចៀសវាងពីការជ្រៀតចូល នាយកដ្ឋានសូមធ្វើការក្រើនរំឮកជាថ្មីឱ្យអ្នកប្រើប្រាស់ប្រើលេខសម្ងាត់ដែលពិបាកនឹងស្មាន ហើយម្យ៉ាងវិញទៀតលោកអ្នកត្រូវតែចៀសវាងប្រើលេខសម្ងាត់ដូចៗគ្នាពីគណនីមួយទៅគណនីមួយទៀត ព្រោះនេះអាចឱ្យជនខិលខូចចូលទៅក្នុងគណនីទាំងអស់របស់លោកអ្នកបានក្នុងករណីដែលលេខសម្ងាត់របស់គណនីណាមួយត្រូវបានបែកធ្លាយ៕

ប្រភព៖ Anti Cyber Crime Department

មតិយោបល់