• 2021-11-22 08:56:06
  • ព័ត៌មាន

សាកលឿនបំផុត! ស្មាតហ្វូន​ដែល​បំពាក់​ឈីប​ជំនាន់​ថ្មី អាច​ប្រើ​ជាមួយឆ្នាំងសាក ១៥០វ៉ាត់បាន

  • 2021-11-22 08:56:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Qualcomm នឹង​បញ្ចេញ​ឈីប​ជំនាន់ថ្មីរបស់ខ្លួនដែល​មាន​ឈ្មោះថា Snapdragon 8 Gen 1. នៅថ្ងៃទី៣០វិច្ឆិកាខាងមុខ។ ក្នុងនោះ​គេអះអាងថា ស្មាតហ្វូន​ថ្មីៗ​ដែល​បំពាក់ឈីបនេះ គឺ​នឹង​អាច​ប្រើ​ឆ្នាំងសាក ១៥០វ៉ាត់ ដែល​អាចសាក​ថ្មបាន​លឿនបំផុត។

តាម​ប្រភព​គណនី Weibo ឈ្មោះ Digital Chat Station ឱ្យដឹងថា Qualcomm នឹង​ផ្តល់​ការគាំទ្រ​នូវ​ល្បឿនសាកថ្ម​នៃឆ្នាំងសាក ១៥០វ៉ាត់ នៅពេល​ដែល​ឈីបជំនាន់​ថ្មីនេះ​នឹង​ត្រូវបញ្ចេញ​ជាផ្លូវការនៅចុងឆ្នាំ​២០២១ខាងមុខ។ ដូច្នេះ ស្មាតហ្វូន​ដែល​ផលិតនៅដើមឆ្នាំ​២០២២ ហើយ​បំពាក់ឈីប Snapdragon 8 Gen 1​ ស្មាតហ្វូន​នោះ​នឹង​ស្គាល់រសជាតិ​សាកលឿន​បំផុត​ជាមួយឆ្នាំសាក ១៥០វ៉ាត់ ដែល​ចំណាយពេល​ពេញ តែ១០នាទីប៉ុណ្ណោះ។

គេរំពឹងថា ឈីប​ Snapdragon 8 Gen1 ​នឹងត្រូវ​ធ្វើឱ្យកាន់ប្រសើរ​ចំពោះ​ការគាំទ្រ​ផ្នែក​ក្រាហ្វិក, AI និង​បង្កើនគុណភាពរូបភាព (image processing) ជាដើម។ ជាមួយគ្នានេះ ក្នុងការបំពាក់​នៅលើស្មាតហ្វូន ឈីប Snapdragon 8 Gen1 ត្រូវដំណើរការជាមួយ​ GPU Adreno 730 និង CPU ៣​ជម្រើស ដូចខាងក្រោម៖

-One Kryo 780 core (3.09GHz Cortex-X2)

-Three Kryo 780 cores (2.4GHz Cortex-A710)

-Four Kryo 780 cores (1.8GHz Cortex-A510)។

​ថ្មីៗនេះ មានការលេចធ្លាយថា ស្មាតហ្វូន​ចំនួន ៥ម៉ូដែលស៊េរីឆ្នាំ២០២២ របស់ក្រុមហ៊ុន OPPO, realme និង OnePlus ដែល​បញ្ចេញ​នៅឆ្នាំក្រោយ គឺមាន​ភ្ជាប់មកជាមួយឆ្នាំងសាក ១២៥វ៉ាត់។ ស្មាតហ្វូនទាំង​៦ម៉ូដែល​នោះរួមមាន realme GT2 Pro, OPPO Find X4 និង X4 Pro, OnePlus 10 Pro, OPPO Reno 8 Pro និង​ OPPO ត្រកូល N។ បើតាម​ការប៉ាន់ស្មាន ស្មាតហ្វូន​ទាំងនេះ ក៏ទំនង​ជាអាច​ប្រើឆ្នាំងសាក​ ១៥០វ៉ាត់ដែលភ្ជាប់មកជាមួយផងដែរ៕

ប្រភព៖ GSMarena ប្រែ​សម្រួល៖ សំភី

មតិយោបល់