• 2021-11-22 03:16:37
  • ព័ត៌មាន

CamTech Summit 2021 នាំមកជូនដោយក្រុមហ៊ុនព្រូដិនសល ត្រូវបានបញ្ចប់ដោយជោគជ័យ

  • 2021-11-22 03:16:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រឹត្តិការណ៍ CamTech Summit 2021 ដែលនាំមកជូនដោយព្រូដិនសល គឺជាព្រឹត្តិការណ៍បច្ចេកវិទ្យាហិរញ្ញវត្ថុ រយៈពេល ៥ ថ្ងៃនៅក្នុងប្រទេសកម្ពុជា ដែលធ្វើឡើងនៅចន្លោះថ្ងៃទី ៨ ដល់ ១២ ខែវិច្ឆិកា ឆ្នាំ ២០២១ ដើម្បីបង្ហាញពីវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ និងបច្ចេកវិទ្យានានាដែលកំពុងរីកចម្រើនរបស់កម្ពុជា។

ក្នុងពិធីបើកព្រឹត្តិការណ៏ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានមានប្រសាសន៍នៅក្នុងសុន្ទរកថាស្វាគមន៍ថា “ជំងឺរាតត្បាតបានរំខានដល់ការរស់នៅ ការប្រកបអាជីវកម្ម និងការប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមករបស់យើងគ្រប់ៗគ្នា។ ទោះជាយ៉ាងណា​ក៏​ដោយ ការរំខាននេះបានសង្កត់ធ្ងន់លើសារៈសំខាន់នៃបច្ចេកវិទ្យាឌីជីថលក្នុងការកាត់បន្ថយផលប៉ះពាល់ពីជំងឺរាតត្បាត និងអនុញ្ញាតឱ្យយើងពន្លឿនការផ្លាស់ប្តូរផ្នែកឌីជីថល ក៏ដូចជាសម្របខ្លួនយើងទៅនឹងសេដ្ឋកិច្ចឌីជីថលដែលជាគំរូនៃកំណើនសេដ្ឋកិច្ចថ្មី”។

ខ្លឹមសារនេះ​បានបញ្ជាក់​ជាថ្មី​ដោយ លោកជំទាវ នាវ ច័ន្ទ​ថា​ណា ​ទេសាភិបាលរង​ធនាគារជាតិ​នៃ​កម្ពុជា ក្នុង​សុន្ទរកថា​បើក​សម្ពោធ​ថា “​ដូច​ដែល​យើង​បានដឹង​រួចមកហើយ​ថា បច្ចេកវិទ្យា​បាន​នឹង​កំពុង​រីកចំរើន​យ៉ាង​ឆាប់រហ័ស ជាពិសេស​នៅក្នុង​វិស័យបច្ចេកវិទ្យា​ហិរញ្ញវត្ថុ (Fintech) ដែលជា​លទ្ធផល​នៃ​បដិវត្តន៍​ឧស្សាហកម្ម (IR) 4.0 ហើយ​វា​កំពុង​ក្លាយជា​កត្តា​ជំរុញ​ដ៏​សំខាន់​ ដើម្បីគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចដូចប្រទេសជាច្រើនក្នុងពិភពលោកបច្ចុប្បន្នដែលកំពុងប្រើប្រាស់បច្ចេកវិទ្យានេះ។ នេះដោយសារតែជំនឿយ៉ាងមុតមាំថា បច្ចេកវិទ្យាអាចលើកកម្ពស់ប្រសិទ្ធភាពនៃសកម្មភាពសេដ្ឋកិច្ច ដូចជាការផលិត និងការចែកចាយទំនិញ និងសេវាកម្មទាំងក្នុងវិស័យសាធារណៈ និងឯកជន ហើយជាលទ្ធផល វាជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព ជាពិសេសក្នុងអំឡុងពេលមានជំងឺរាតត្បាតកូវីដ១៩។

លោក Wilf Blackburn នាយកប្រតិបត្តិប្រចាំតំបន់សម្រាប់ទីផ្សារកំណើនធានារ៉ាប់រងរបស់ក្រុមហ៊ុនព្រូដិនសលសាជីវកម្មអាស៊ី បានបន្ថែមថា “បច្ចេកវិទ្យាពិតជាបានដើរតួនាទីយ៉ាងសំខាន់ ដើម្បីយើងអាចចូលរួម និងគាំទ្រអតិថិជន ព្រមទាំងទីប្រឹក្សារបស់យើងក្នុងអំឡុងពេលមានជំងឺរាតត្បាតនេះ នៅពេលដែលជំនួបទល់មុខគ្នាត្រូវបានកាត់បន្ថយដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺ។ យើងក៏បាននឹងកំពុងផ្តោតសំខាន់ក្នុងការបង្កើនសមត្ថភាពផ្នែកឌីជីថលរបស់យើង ដោយទទួលស្គាល់ថាបច្ចេកវិទ្យានឹងជួយយើងក្នុងការបង្កើនការការពារសម្រាប់អតិថិជនរបស់យើង”។

ព្រឹត្តិការណ៏រយៈពេល ៥ ថ្ងៃជាមួយក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ព្រូដិនសលកម្ពុជា ដែលជាម្ចាស់ឧបត្ថម្ភកម្មវិធីធំ យើងមានវាគ្មិនជាតិ និងអន្តរជាតិជាង ៧៥ នាក់ ដែលបានចែករំលែកពីជំនាញរបស់ពួកគេលើបច្ចេកវិទ្យាសុខភាព បច្ចេកវិទ្យាធានារ៉ាប់រង បច្ចេកវិទ្យា Blockchain បច្ចេកវិទ្យាទេសចរណ៍ បច្ចេកវិទ្យាអចលនទ្រព្យ និងបច្ចេកវិទ្យាកសិកម្ម និងឌីជីថលនីយកម្ម។ អាជីវកម្មទើបនឹងចាប់ផ្តើម ដែលបានឈ្នះពានរង្វាន់ជាច្រើន ក៏ត្រូវបានបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍នេះផងដែរ ដើម្បីបង្ហាញថាតើប្រព័ន្ធអេកូឡូស៊ីនៃការចាប់ផ្តើមអាជីវកម្មដ៏ធំរបស់ប្រទេសកម្ពុជាបានឈានដល់កម្រិតណាលើការប្រកួតប្រជែងរបស់ខ្លួនឆ្ពោះទៅរកស្តង់ដារពិភពលោក។

លោក Sanjay Chakrabarty អគ្គនាយកនៃក្រុមហ៊ុនព្រូដិនសលកម្ពុជា និងជាសមាជិកក្រុមប្រឹក្សាភិបាលនៃ CAFT បានលើកឡើងអំពី ភាពពាក់ព័ន្ធនៃការជំរុញកិច្ចសហការរវាងភាគីពាក់ព័ន្ធ និងការអភិវឌ្ឍសមត្ថភាពក្នុងវិស័យឌីជីថល នៅក្នុងសុន្ទរកថាបិទរបស់លោកថា «ដើម្បីសម្រេចបាននូវគោលដៅបរិយាប័ន្នហិរញ្ញវត្ថុនៅក្នុងប្រទេស ប្រជាជនកម្ពុជាទាំងអស់ត្រូវមានលទ្ធភាពអាចទទួលបានឬមានគណនីធនាគារ ប្រាក់កម្ចី ប្រាក់សន្សំ ការវិនិយោគ និងការធានារ៉ាប់រង។ បច្ចេកវិទ្យា​កំពុង​បង្កើនលទ្ធភាព​សម្រាប់​សេវា​ទាំង​អស់​នោះ​ដល់​អតិថិជន​តាម​រយៈ​ទូរស័ព្ទ​របស់​ពួក​គេ និង​ក្នុង​តម្លៃ​ទាប​បំផុត»។

លោក Tomas Pokorny អគ្គលេខាធិការក្រុមប្រឹក្សាភិបាល CAFT និងលោកស្រី Weena Llona នាយកប្រតិបត្តិ CAFT ជាអ្នករៀបចំព្រឹត្តិការណ៍នេះ បានបិទព្រឹត្តិការណ៍ដោយគូសបញ្ជាក់ថា នេះគ្រាន់តែជាការចាប់ផ្តើមសម្រាប់ CAFT និងកម្ពុជាក្នុងជំហានឆ្ពោះទៅរកការដាក់បញ្ចូលហិរញ្ញវត្ថុ និងការធ្វើឌីជីថលនីយកម្មតែប៉ុណ្ណោះ។ លោក Tomas បានបន្តថា “កម្ពុជាកំពុងវិវឌ្ឍជានិច្ចនៅក្នុងវិសយ័បច្ចេកវិទ្យារបស់ខ្លួន ហើយរដ្ឋាភិបាលមានការខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការផ្តល់ក្របខ័ណ្ឌឌីជីថល ដល់អ្នកដឹកនាំឧស្សាហកម្ម និងអ្នកផ្សេងទៀត ដើម្បីចែករំលែកជំនាញរបស់ពួកគេ ហើយយើងមានក្រុមយុវជនដែលមានទេពកោសល្យដែលត្រៀមខ្លួនសម្រាប់ការប្រកួតប្រជែងក្នុងវិសយ័នេះផងដែរ ដូច្នេះយើងប្រាកដណាស់ថាប្រទេសកម្ពុជាមានអនាគតដ៏ភ្លឺស្វាងនៅខាងមុខ»។

លោកស្រី Weena បានបន្ថែមថា “ព្រឹត្តិការណ៍រយៈពេល ៥ ថ្ងៃនេះពិតជាមិនគ្រប់គ្រាន់ដើម្បីបង្ហាញពីទិដ្ឋភាពបច្ចេកវិទ្យា និងបច្ចេកវិទ្យាដ៏ធំរបស់កម្ពុជាទាំងអស់នោះឡើយ ប៉ុន្តែយើងសង្ឃឹមថាទស្សនិកជនទាំងក្នុង និងក្រៅប្រទេសអាចដឹងពីអ្វីដែលកម្ពុជាផ្តល់ជូន”។

ព្រឹត្តិការណ៍ Camtech Summit ២០២១ នេះត្រូវបានរៀបចំឡើង ដោយសមាគមសហពន្ធ័ហិរញ្ញវត្ថុនិងបច្ចេកវិទ្យានៃកម្ពុជា (CAFT) សហការជាមួយធនាគារជាតិនៃកម្ពុជា (NBC) សមាគមធនាគារនៅកម្ពុជា (ABC) និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) និងជាដៃគូមួយក្នុងចំណោមដៃគូទាំង ១១ សម្រាប់ ព្រឹត្តិការណ៍ Fintech ពិភពលោក ដែលប្រព្រឹត្តទៅនៅថ្ងៃទី ១១-១២ ខែវិច្ឆិកា ឆ្នាំ ២០២១។ លោកអ្នកនៅតែអាចមើលព្រឹត្តិការណ៍នេះបានតាមរយៈ https://camtechsummit.com/

អត្ថបទ៖ ម៉េងងី

មតិយោបល់