- 2021-11-11 02:30:26
- ផលិតផលថ្មី
Subaru ចេញឡានអគ្គិសនីទីមួយ ដែលជាកូនភ្លោះនឹង Toyota bZX4 សាកពេញបើកដល់មណ្ឌលគិរី
- 2021-11-11 02:30:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Subaru ចេញឡានអគ្គិសនីទីមួយ ដែលជាកូនភ្លោះនឹង Toyota bZX4 សាកពេញបើកដល់មណ្ឌលគិរី
ចន្លោះមិនឃើញ
ក្រុមហ៊ុន Subaru ទើបតែបានប្រកាសចេញរថយន្តអគ្គិសនីដំបូងរបស់ខ្លួនគឺម៉ូដែល Solterra ស៊េរីឆ្នាំ២០២៣ ដែលជាការផលិតឡើងសហការជាមួយក្រុមហ៊ុន Toyota ហើយរថយន្តនេះក៏ជាកូនភ្លោះជាមួយម៉ូដែល bZX4 ដែលជារថយន្តអគ្គិសនីទីមួយរបស់ Toyota ផងដែរ។
ពាក្យថា Solterra គឺជាពាក្យឡាទីន សំដៅលើ ព្រះអាទិត្យ និង ផែនដី។
រថយន្ត Subaru Solterra មានរូបរាងស្ទើរតែដូចគ្នាបេះបិទទៅនឹងរថយន្ត Toyota bZX4 ពោលគឺដូចផ្នែកខាងមុខដែលមានចង្កៀង LED ប៉ាណា និងកាងជាដើម ដោយខុសគ្នាតែទីតាំងឡូហ្គូប៉ុណ្ណោះ។ ចំណែកផ្នែកខាងក្រោយ គឺរូបរាងចង្កៀងស្តុប ក៏ឌីហ្សាញដូចគ្នាផងដែរ ប៉ុន្តែគ្រាន់តែខុសការបញ្ចេញភ្លើង LED គ្នាបន្តិច ក្រៅពីនេះគឺដូចគ្នាទាំងអស់ ទាំងទីតាំងឡូហ្គូ និងពិលកាងក្រោយ។ រថយន្តនេះត្រូវបានអភិវឌ្ឍឡើងលើគ្រោងអគ្គិសនី e-TNGA ដូចនឹង bZX4 ផងដែរ។
រថយន្ត Solterra មានប្រវែង ៤៦៩០មម ទទឹង ១៨៦០មម និងកម្ពស់ ១៦៥០មម។ វាប្រើម៉ូទ័រអគ្គិសនីមួយ ប៉ុង១ រត់កង់ខាងមុខ កម្លាំង ២០១សេះ និងជម្រើសប៉ុង២ កម្លាំង ២១៥សេះ។ អាគុយរបស់រថយន្តនេះអាចផ្ទុកភ្លើងបាន ៧១,៤គីឡូវ៉ាត់ម៉ោង ហើយពេលសាកពេញម្តង អាចរត់បានចម្ងាយ ៤៦០គីឡូម៉ែត្រ សម្រាប់ប៉ុង២ និង ៥៣០គីឡូម៉ែត្រ សម្រាប់ប៉ុង១ (បើគិតពីភ្នំពេញ ទៅមណ្ឌលគិរី មានចម្ងាយ ៥២១គីឡូម៉ែត្រ)។
ចំពោះការឌីហ្សាញផ្នែកខាងក្នុង គឺដូចគ្នាសឹងតែ ១០០% ហើយរវាងរថយន្ត Subaru Solterra និងរថយន្ត Toyota bZX4 គឺដូចទាំងកុងទ័រឌីជីថល អេក្រង់ប្រព័ន្ធកម្សាន្ត តាប្លូ ដៃទ្វារ និងប្រអប់លេខជាដើម តែខុសគ្នាត្រង់ដៃចង្កូតដែលដៃចង្កូត BZX4 មានរាងជានឹម ឯដៃចង្កូត Solterra មានរាងធម្មតា និងមានប៊ូតុងចុចបញ្ជា។
ប្រព័ន្ធ និងមុខងារលម្អិតដែលមាននៅក្នុងរថយន្ត Solterra នេះនិងតម្លៃរបស់វា នឹងត្រូវក្រុមហ៊ុន Subaru ប្រកាសជាផ្លូវការបន្ថែមទៀត ក្នុងពិព័រណ៌រថយន្ត Los Angeles Auto Show នាសប្តាហ៍ក្រោយ៕