• 2021-11-10 08:32:37
  • ព័ត៌មាន

ប្រព័ន្ធគ្រប់គ្រងព័ត៌មានសាលារៀន SIS របស់មិត្តហ្វូន នឹងផ្ដល់សេវាកម្មឌីជីថល១០០០ កន្លែងទូទាំងប្រទេស

  • 2021-11-10 08:32:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រព័ន្ធគ្រប់គ្រងព័ត៌មានសាលារៀន (SIS) ត្រូវបានអភិវឌ្ឍឡើងដោយក្រុមហ៊ុន មិត្តហ្វូន ដោយមានការគាំទ្រពី ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា។

ប្រព័ន្ធអប់រំឌីជីថល របស់ក្រុមហ៊ុន មិត្តហ្វូន ខាងលើត្រូវបានផ្ដល់ចំណាត់ថ្នាក់ជា «ដំណោះស្រាយបច្ចេកវិទ្យាព័ត៌មានធុរកិច្ចល្អបំផុតប្រចាំឆ្នាំ» ដោយស្ថាប័ន Globee Awards គឺជាកម្មវិធីផ្ដល់ពានរង្វាន់និងចំណាត់ថ្នាក់ធុរកិច្ចអន្តរជាតិដ៏ល្បីល្បាញមួយ។

យោងតាមផែនការ SIS នឹងត្រូវដាក់ពង្រាយនៅតាមសាលារៀនចំនួន ១០០០ កន្លែងនៅទូទាំងប្រទេសកម្ពុជា។ នៅដំណាក់កាលដំបូង ប្រព័ន្ធនេះត្រូវបានសាលារៀនចំនួន ៣០០កន្លែងបានប្រើប្រាស់រួចជាស្រេចហើយ ដោយក្នុងនោះមានសិស្សចំនួនជាង ៣០០.០០០នាក់ និងគ្រូជាង ២០.០០០នាក់។ នេះបើយោងតាមការឲ្យដឹងពីគណៈគ្រប់គ្រងរបស់ មិត្តហ្វូន។

ពិធីចុះហត្ថលេខា

លោក ហ្វុង វ៉ាន់ គឿង អគ្គនាយកក្រុមហ៊ុន មិត្តហ្វូន បានមានប្រសាសន៍ថា ប្រព័ន្ធ SIS ត្រូវបានទទួលស្គាល់ដោយស្ថាប័នអន្តរជាតិ Globee Awards ថាជាកម្មវិធីអប់រំឌីជីថលមួយដែលស្ថិតក្នុងចំណោមកម្មវិធីលំដាប់កំពូលៗនៅលើពិភពលោក។

លោកបានថ្លែងប្រាប់យ៉ាងដូច្នេះថា៖ «រួមគ្នាជាមួយនឹងក្រុមហ៊ុនបច្ចេកវិទ្យាយក្សៗនៅលើពិភពលោកដូចជា IBM, HP និង Samsung ផងនោះធ្វើឲ្យ ក្រុមហ៊ុនមិត្តហ្វូនប្រចាំកម្ពុជា សម្រេចបាននូវចំណាត់ថ្នាក់លំដាប់កំពូលក្នុងប្រភេទ ពានរង្វាន់ធុរកិច្ចឆ្នើមអន្តរជាតិ ទទួលបានទាំងពានរង្វាន់មាសនិងប្រាក់លើប្រព័ន្ធអប់រំឌីជីថលរបស់ខ្លួន»។

លោកបានបន្ថែមថា៖ «ពានរង្វាន់ទាំងនេះបញ្ជាក់ជាថ្មីម្ដងទៀតអំពីភាពឈានមុខគេរបស់ មិត្តហ្វូន នៅក្នុងវិស័យបច្ចេកវិទ្យាឌីជីថល។ សមិទ្ធផលនេះ កាន់តែលើកទឹកចិត្តដល់ក្រុមហ៊ុនបន្ថែមទៀត ក្នុងការនាំមកនូវនវានុវត្តន៍ផ្នែកបច្ចេកវិទ្យានិងឌីជីថលច្រើនថែមទៀត មកក្នុងទីផ្សារកម្ពុជា»។

យោងតាមក្រុមហ៊ុន មិត្តហ្វូន បានឲ្យដឹងថា ប្រព័ន្ធ SIS ផ្ដល់នូវអត្ថប្រយោជន៍ ៣ សំខាន់ៗដល់អ្នកប្រើប្រាស់ ។ ទីមួយ ប្រព័ន្ធនេះផ្ដល់នូវកម្មវិធីអនឡាញមួយដែលអ្នកប្រើប្រាស់អាចចូលប្រើវាបានដោយប្រើអ៊ីនធឺណិត។ ទីពីរ ប្រព័ន្ធនេះផ្ដល់កម្មវិធីសិក្សាបត់បែនបានដើម្បីបំពេញតាមតម្រូវការរបស់សាលារៀន និងទីបី ផ្ដល់នូវអត្ថប្រយោជន៍ផ្នែកតភ្ជាប់អ្នកប្រើប្រាស់ប្រព័ន្ធទូរសព្ទមិត្តហ្វូន អាចចូលប្រើប្រព័ន្ធ SIS ដោយមិនគិតថ្លៃអ៊ីនធឺណិត។

គម្រោង SIS បង្កើតឡើងក្នុងគោលដៅចូលរួមចំណែកដល់កិច្ចអភិវឌ្ឍន៍នៃវិស័យអប់រំរបស់កម្ពុជា តាមរយៈការផ្ដល់សេវាកម្មឌីជីថលដល់សាលារៀនជាង ១០០០កន្លែង នៅទូទាំងប្រទេស។

គម្រោងឌីជីថលមួយនេះមានគោលបំណងលើកកម្ពស់បទពិសោធន៍របស់សិស្សានុសិស្សដូចជា៖

-ផ្ដល់លក្ខណៈឲ្យសិស្សចូលប្រើតាមរយៈកម្មវិធីអេបទូរសព្ទដៃ ឬកម្មវិធីនៅលើអនឡាញ

-ផ្ដល់ជម្រើសសម្បូរបែបសម្រាប់ការសិក្សាតាមអនឡាញ

-ប្រើប្រាស់បច្ចេកវិទ្យាដើម្បីតាមដានលទ្ធផលសិក្សារបស់សិស្ស និងពង្រឹងកម្មវិធីអន្តរាគមន៍

-ផ្ដល់លទ្ធភាពដល់បុគ្គលិកសិក្សាក្នុងការរៀបចំចាត់ចែងថ្នាក់រៀននៅលើអនឡាញ៕

អត្ថបទ៖ រក្សា

មតិយោបល់