- 2021-10-28 03:52:43
- ព័ត៌មាន
មកដឹងបច្ចេកវិទ្យាទំនើបៗបំផុត មានបំពាក់លើឡាន Range Rover ឆ្នាំ២០២២ ថ្មី
- 2021-10-28 03:52:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកដឹងបច្ចេកវិទ្យាទំនើបៗបំផុត មានបំពាក់លើឡាន Range Rover ឆ្នាំ២០២២ ថ្មី
ចន្លោះមិនឃើញ
ក្រុមហ៊ុន Land Rover ទើបតែបានប្រកាសចេញនូវរថយន្ត Range Rover ជំនាន់ថ្មី ស៊េរីឆ្នាំ២០២២ ជាផ្លូវការ ដោយក្នុងនោះវាទទួលបានការអាប់ដេតជាច្រើនទាំងរូបរាង និងបច្ចេកវិទ្យា ផងដែរ។ ដូចដែលការរំពឹងទុក SUV ដ៏ប្រណីតនេះមានបំពាក់បច្ចេកវិទ្យាចុងក្រោយបង្អស់ និងទំនើបៗជាច្រើន ទៀតផង។
ខាងក្រោមនេះគឺជាបច្ចេកវិទ្យាទំនើបៗបំផុត មានបំពាក់លើឡាន Range Rover ឆ្នាំ២០២២ ថ្មី៖
១) ប្រព័ន្ធ Pivi Pro ជំនាន់ចុងក្រោយ
ប្រព័ន្ធកម្សាន្ត Pivi Pro ជំនាន់ចុងក្រោយនេះត្រូវបានបំពាក់លើអេក្រង់កោង ទំហំ ១៣,១អ៊ីញ ដែលផ្តល់នូវការឆ្លើយតបប្រភេទ haptic feedback និងអនុញ្ញាតឲ្យអ្នកប្រើចូលទៅកាន់មុខងារ ៩០% នៅក្នុង Tap ចំនួន ២ ប៉ុណ្ណោះ។ វាមានបំពាក់អាគុយសាគួ ដូច្នេះនៅពេលដែលអ្នកចូលទៅក្នុងរថយន្ត វានឹងបើកឡើង ហើយត្រៀមខ្លួនឲ្យអ្នករួចជាច្រើន។ មិនតែប៉ុណ្ណោះ មុនងារ Apple CarPlay និង Android Auto ព្រមទាំងកន្លែងសាកថ្មទូរសព្ទ អាចដំណើរការបានដោយមិនចាំបាច់ប្រើខ្សែឡើយ។
ដោយឡែក កុងទ័រវិញមានទំហំធំជាងស៊េរីមុន គឺ ១៣,៧អ៊ីញ ហើយក៏មានបំពាក់កុងទ័របាញ់លើកញ្ចក់ ឬ Head-up Display ដែលបង្ហាញនូវព័ត៌មានសំខាន់ៗផងដែរ។
២) Wi-Fi សម្រាប់ការកម្សាន្ត និង On-the-air Update
អ្នកប្រើប្រាស់អាចទទួលបាន Wi-Fi Hotspot សម្រាប់ប្រើនៅក្នុងរថយន្ត Range Rover ថ្មី ហើយអាចប្រើ Spotify ឬកម្មវិធីផ្សេងៗទៀតដូចជា Netflix ជាដើម។ មិនតែប៉ុណ្ណោះ កៅអីអង្គុយជួរទី២ បានបំពាក់អេក្រង់ទំហំ ១១,៤អ៊ីញ និងមានរន្ធ HDMI ថែមទៀតផង។
៣) ប្រព័ន្ធភ្លើងទំនើបបំផុតរបស់ Land Rover
រថយន្ត Range Rover ឆ្នាំ២០២២ បានបំពាក់ចង្កៀងមុខប្រភេទ Digital LED Headlights ដែលអាចបាញ់ភ្លើងបានចម្ងាយ ៤៥០ម៉ែត្រ ហ៊ុំព័ទ្ធដោយអំពូលបំភ្លឺពេលថ្ងៃ Daytime Running Lights, ស៊ីញ៉ូប្រភេទ Animated Turn Signals, Adaptive Front Lighting និង Image Projection ធ្វើឲ្យវាក្លាយជាចង្កៀងមុខទំនើបបំផុតមានបំពាក់លើ Range Rover។
មិនតែប៉ុណ្ណោះ ក្នុងចង្កៀងមុខមួយចំហៀងមានបំពាក់កញ្ចក់ ១,២លាន Controllable Mirrors ដែលអាចបំបាំងស្រមោលសរុប ១៦ នៅលើផ្លូវ ដើម្បីការពារមិនឲ្យចាំងភ្នែកអ្នកដំណើរមកពីទិសផ្ទុយគ្នា។ លើសពីនេះទៅទៀត វាមានបំពាក់ប្រព័ន្ធដ៏ទំនើបមួយហៅថា eHorizon ដែលប្រើប្រាស់ទិន្នន័យផែនទី ដើម្បីសារ៉េចង្កៀងមុខនៅពេលដល់ផ្លូវកោង និងផ្លូវប្រសព្វ ដោយស្វ័យប្រវត្តិតែម្តង។
៤) កាមេរ៉ាសម្រាប់កញ្ចក់មើលក្រោយ កាមេរ៉ាសម្រាប់គ្រប់យ៉ាង
មុខងារដ៏ពិសេសមួយលើរថយន្ត Range Rover ឆ្នាំ២០២២ គឺកញ្ចក់មើលក្រោយដែលជាកាមេរ៉ា ឬហៅថា Rearview Mirror Camera។ វានឹងផ្លាស់ប្តូរកញ្ចក់មើលក្រោយ ទៅជាអេក្រង់បង្ហាញទិដ្ឋភាពផ្នែកខាងក្រោយ ដោយគ្រាន់តែចុចប៊ូតុងមួយប៉ុណ្ណោះ។
SUV នេះក៏មានមុខងារ Clear Sight Ground View ដែលប្រើប្រាស់កាមេរ៉ាមុខ និងប្រព័ន្ធកាមេរ៉ា ៣៦០ដឺក្រេរបស់វា ដើម្បីបង្ហាញស្ថានភាពផ្លូវជុំវិញ និងខាងមុខរថយន្ត ដូច្នេះអ្នកបើកបរអាចគេចចេញពីគ្រប់ឧបសគ្គទាំងអស់តែម្តង។
៥) មុខងារ Remote Park Assist
វាប្រើប្រាស់កាមេរ៉ាទាំង ៤គ្រាប់, សេនស័រទាំង ១២គ្រាប់ និងទិន្នន័យទាំងអស់ ដើម្បីស្វែងរកកន្លែងចំណតទំនេរ ហើយអ្នកគ្រាន់តែចេញពីរថយន្ត នោះវានឹងចូលចតដោយខ្លួនឯង។ ជាក់ស្តែង អ្នកបើកបរអាចបញ្ជាវាតាមរយៈអេក្រង់កម្សាន្ត Pivi Pro ឬក៏អាចប្រើតាមរយៈកម្មវិធីលើស្មាតហ្វូនផងដែរ។
៦) ប្រព័ន្ធ Advanced Driver Assistance
រថយន្ត Range Rover ឆ្នាំ២០២២ ក៏មានប្រព័ន្ធជំនួយការបើកបរជាច្រើនដែរ ដោយក្នុងនោះរួមមានទាំង មុខងារ Rear Collision Monitor with Occupant Protection Assist ដែលជួយរឹតបន្តឹងខ្សែក្រវ៉ាត់ និងរំកិលកៅអី មុនពេលមានគ្រោះថ្នាក់ ព្រមទាំងមុខងារ Adaptive Cruise Control with Steering Assist, Driver Condition Response, Blind Spot Assist និង Rear Traffic Monitor មកស្តង់ដារតែម្តង។
៧) មុខងារ Power-Assisted Doors
មុខងារនេះគឺសាមញ្ញ ប៉ុន្តែវាជាមុខងារដំបូងបង្អស់សម្រាប់រថយន្តរបស់ក្រុមហ៊ុន Land Rover ដោយអ្នកបើកបរគ្រាន់តែទាញដៃទ្វារ នោះទ្វារនឹងបើកចេញមកដោយស្វ័យប្រវត្តិតែម្តង៕
ចុចអាន៖ ទីបំផុត Range Rover ឆ្នាំ២០២២ ចេញជាផ្លូវការ ឌីហ្សាញប្លែកជាងមុន កាន់តែទំនើបជាងមុន