• 2021-10-15 07:26:33
  • ព័ត៌មាន

Data U រៀបចំកិច្ចពិភាក្សា និងដាក់ផែនការដើម្បីដោះស្រាយការខ្វះជំនាញនៅកម្ពុជា

  • 2021-10-15 07:26:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សាលាបង្រៀនវិទ្យាសាស្ត្រគ្រប់គ្រងទិន្នន័យ និងបច្ចេកវិទ្យាព័ត៌មាននៅកម្ពុជា Data U Academy កាលពីពេលថ្មីៗនេះ បានសហការជាមួយនឹង Mekong Big Data HQ និង AmCham ដើម្បីរៀបចំកិច្ចពិភាក្សា ក៏ដូចជាការរៀបចំផែនការនានា ដើម្បីដោះស្រាយករណីខ្វះជំនាញ និងបណ្តាក់ទុនទៅលើការបណ្តុះបណ្តាលការផ្លាស់ប្តូរឌីជីថល។

កិច្ចពិភាក្សានេះ មានការចូលរួមពីតំណាងក្រុមហ៊ុនឈានមុខគេជាច្រើននៅកម្ពុជា ដូចជា ភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិហៅកាត់ថា USAID, AmCham Cambodia, Atlassian ក្រុមហ៊ុន Agility និង Dom Agency ធនាគារ Wing និងក្រុមហ៊ុនកូកាកូឡាកម្ពុជា ជាដើម។

ដើម្បីចាប់ផ្តើមលើប្រធានបទពិភាក្សានានា លោកស្រី Ioni Spinu នាយកក្រុមហ៊ុន Data U បានចោទជាសំណួរថា «តើកម្ពុជាអាចបង្កើតវិទ្យាសាស្ត្រទិន្នន័យបាន ដូចដែលឥណ្ឌាបានធ្វើស្តីពីបច្ចេកវិទ្យាព័ត៌មាន ដែរឬទេ?

លោកស្រី Spinu បានចោទសួរជាសំណួរនេះទៅកាន់ក្រុមអ្នកជំនាញមកពីឧស្សាហកម្មនានា ដើម្បីពិភាក្សាទៅលើតម្រូវការជាសកលដែលកំពុងតែកើនឡើងឥតឈប់ឈរ ទៅលើជំនាញវិទ្យាសាស្ត្រទិន្នន័យ និងរបៀបដែលកម្ពុជា ជួយបំពេញចន្លោះខ្វះខាតនេះ។

បើយោងទៅតាម Data U ដែលជាកម្មវិធីបណ្តុះបណ្តាលវិទ្យាសាស្ត្រទិន្នន័យឈានមុខគេនៅកម្ពុជា ទីផ្សារពិភពលោក នឹងត្រូវការអ្នកអាជីពផ្នែកទិន្នន័យរហូតដល់ទៅ១១,៤លាននាក់ ក្នុងរយៈពេល៥ឆ្នាំខាងមុខទៀត។ ប៉ុន្តែ បើទោះបីតម្រូវការជាសកលកើនឡើងចំនួន២៩%ពីមួយឆ្នាំទៅមួយឆ្នាំក៏ដោយ ការផ្គត់ផ្គង់ក្នុងទីផ្សារការងារ កើនឡើងត្រឹមតែ១៤%ប៉ុណ្ណោះ។

Data U ដែលត្រូវបានបង្កើតឡើងកាលពីខែមករា ឆ្នាំ២០២០ មានគម្រោងបំពេញចន្លោះខ្វះខាតមួយចំនួន តាមរយៈការបង្វឹកយុវជនកម្ពុជាវ័យក្មេង និងអ្នកដែលអត់ការងារធ្វើដោយសារតែវិបត្តិកូវីដ ១៩ ទាំងក្នុងជំនាញផ្នែកបច្ចេកវិទ្យា និងជំនាញទន់ ដែលត្រូវការជាចាំបាច់។

ក្រោយពីបំពេញវគ្គសិក្សារយៈពេល៦ខែ លោកស្រី Spinu នឹងផ្តល់ការគាំទ្រទៅលើអាជីពពេញមួយជីវិតសម្រាប់និស្សិតដែលបញ្ចប់ការសិក្សា ក្នុងនោះរាប់បញ្ចូលទាំងការធានាផ្នែកការងារ ផងដែរ ហើយលោកស្រីបានបន្ថែមថា ប្រាក់ខែពេលចាប់ផ្តើមការងារដំបូងសម្រាប់និស្សិតបញ្ចប់ការសិក្សា គឺមានចន្លោះពី៧៥០ដុល្លារ និង១៨០០ដុល្លារ ក្នុង១ខែ។

លោកស្រី Spinu បានឲ្យដឹងថា៖ «បច្ចុប្បន្ន ស្របពេលដែលបច្ចេកវិទ្យាថ្មីៗជាច្រើនកំពុងតែរីកចម្រើន ការបណ្តាក់ទុនលើទេពកោសល្យ និងការត្រៀមខ្លួនឲ្យរួចរាល់សម្រាប់បដិវឌ្ឍឧស្សាហកម្ម I4.0 ពិតជាសំខាន់ណាស់»។

ការខ្វះជំនាញ គឺជាបញ្ហាដ៏ចម្បងមួយនៅលើទីផ្សារកម្ពុជា ខណៈដែលការទទួលបានអ្នកជំនាញផ្នែកបច្ចេកវិទ្យា ពិតជាពិបាករក្សា និងថែរក្សាទុក។ វាមិនត្រឹមតែជំនាញបច្ចេកទេសប៉ុណ្ណោះ ប៉ុន្តែជំនាញវិជ្ជាជីវៈ ឬជំនាញទន់ ក៏អាចនឹងខ្វះខាតនៅកន្លែងសំខាន់ៗផងដែរ។ ភាពរឹងមាំ និងការស្រោចស្រង់ពីវិបត្តិកូវីដ ១៩ របស់កម្ពុជា អាស្រ័យទៅលើការអភិវឌ្ឍជំនាញថ្មីៗឥតឈប់ឈរ។

ជាមួយគ្នានេះ ភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិហៅកាត់ថា USAID បានទទួលស្គាល់ពីតម្រូវការដ៏ចាំបាច់នេះ និងបានបណ្តាក់ទុនក្នុងការទឹកប្រាក់ច្រើនជាង៣០០.០០០ដុល្លារអាមេរិក ដើម្បីផ្តល់ជំនួយដល់និស្សិត និងនិយោជក ដែលចង់អភិវឌ្ឍទំនាញ់វិភាគទិន្នន័យរបស់ខ្លួន។ ជំនួយនេះ ជួយកាត់បន្ថយតម្លៃសិក្សាទៅលើជំនាញវិទ្យាសាស្ត្រទិន្នន័យចំនួន៣០០០ដុល្លារក្នុង១នាក់។

លោក Chris McCarthy នាយកប្រតិបត្តិក្រុមហ៊ុនទីផ្សារឌីជីថល MangoTango និងរដ្ឋលេខាក្រុមហ៊ុន AmCham បាននិយាយថា និយោជិតមួយចំនួនរបស់លោកបានអនុវត្តការងារវិភាគទិន្នន័យរួចជាសម្រេចសម្រាប់ក្រុមហ៊ុនអន្តរជាតិ និងបានបន្ថែមថា យុវជនវ័យក្មេង និងធនធានមនុស្សដ៏ឆ្លាតវៃរបស់កម្ពុជា អាចទាញយកអត្ថប្រយោជន៍ពីការកើនឡើងតម្រូវការលើទំនាញទាំងនេះ។

លោកបានឲ្យដឹងថា៖ «ការស្វែងរកអ្នកជំនាញផ្នែកទិន្នន័យ ពិតជាសំខាន់ណាស់។ ចាប់ពីហាងធម្មតា ដែលកំពុងតែគ្រប់គ្រងសន្និធិ រហូតដល់កម្មវិធីព្យាករលើការបន្លំ រាល់ការធ្វើអាជីវកម្មទាំងអស់ ក្នុងពិភពលោក ពឹងផ្អែកទៅលើទិន្នន័យ»។

បើយោងទៅតាមការអង្កេត ក្រុមហ៊ុនប្រមាណជា២០% និយាយថា ពួកគេត្រូវការអ្នកមានញជំនាញ និងបុគ្គលិក ដើម្បីជួយសម្រេចគោលដៅរបស់ពួកគេក្នុងរយៈពេលពី៣ ទៅ៥ឆ្នាំ ហើយក្រុមហ៊ុនជិត២០% បញ្ជាក់ថា ទីផ្សារការងារនេះ កំពុងតែមានដំណើរការលឿនជាងជំនាញ ដែលកំពុងតែអភិវឌ្ឍទៅទៀត។

ក្រុមហ៊ុនជិត៣០% បាននិយាយថា ប្រសិនបើគ្មានការបណ្តាក់ទុនការអភិវឌ្ឍជំនាញថ្មីៗសម្រាប់បដិវដ្តន៍ឧស្សាហកម្ម I4.0 ទេ ពួកគេនឹងចាញ់គូប្រកួតប្រជែងរបស់ពួកគេលើចំណែកទីផ្សារ ក្នុងនោះរាប់បញ្ចូលទាំងក្រុមហ៊ុនដែលមានមូលដ្ឋាននៅប្រទេសផ្សេងផងដែរ៕

អត្ថបទ៖ In Sopheng

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី