- 2021-10-11 07:22:33
- ផលិតផលថ្មី
រថយន្តអ៊ីដ្រូហ្សែនរបស់ Toyota ចាក់មួយពេញ ជិះពីខ្មែរដល់ភូមា
- 2021-10-11 07:22:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រថយន្តអ៊ីដ្រូហ្សែនរបស់ Toyota ចាក់មួយពេញ ជិះពីខ្មែរដល់ភូមា
ចន្លោះមិនឃើញ
ខណៈដែលគេកំពុងតែផ្តោតខ្លាំងទៅលើរថយន្តអគ្គិសនី ក្រុមហ៊ុន Toyota ឯណោះវិញ ទើបតែប្រកាសប្រាប់ពិភពលោកថា រថយន្តអ៊ីដ្រូហ្សែន Mirai របស់ខ្លួនបានបំបែកកំណត់ត្រា Guinness ដោយចាក់ពេញតែម្តង អាចបើកបានចម្ងាយជាង ១៣០០គីឡូម៉ែត្រ (ពី ប៉ោយប៉ែត ដល់ក្រុងយ៉ុំាងហ្គូន ប្រទេសមីយ៉ាន់ម៉ា ចម្ងាយប្រហែល ១ពាន់គីឡូម៉ែត្រ)។
ការបើកបរប៉ុនប៉ងបំបែកកំណត់ត្រានេះ ធ្វើឡើងរយៈពេល២ថ្ងៃ កាលពីថ្ងៃទី២៣ និង ២៤ សីហា ២០២១ នៅ រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។ បន្ទាប់ពីចាក់បំពេញអ៊ីដ្រូហ្សែនចូលក្នុងរថយន្តប្រមាណ ៥នាទីមក មន្រ្តី Guinness ក៏បានបិទស្លាកសម្គាល់នៅត្រង់គម្របធុងសាំង មុនបើកចេញពីមជ្ឈមណ្ឌលបច្ចេកទេស Toyota (TTC) ក្នុងក្រុង Gardena។
នៅថ្ងៃទី១ នៃបេសកកម្មនេះ រថយន្ត Mirai ត្រូវបានបើកទៅដល់ San Ysidro បន្ទាប់មក Santa Barbara ហើយបន្តដំណើរតាមផ្លូវហាយវេ Pacific Coast ឆ្លងកាត់ Santa Monica និង Malibu មុនត្រឡប់ទៅកាន់ក្រុង Gardena។ ក្រុមបើកបរ បានត្រឡប់មកដល់ TTC ជាមួយចម្ងាយ ៧៦០គីឡូម៉ែត្រ ចុចដោយ GPS។
នៅថ្ងៃទី២ ក្រុមបានបន្តដំណើរ ដោយមិនបានចាក់អ៊ីដ្រូហ្សែនឡើយ និងវិលវិញក្នុងចម្ងាយ ៦០០គីឡូម៉ែត្រទៀត ធ្វើឱ្យចម្ងាយសរុបឡើងដល់ ១៣៦០គីឡូម៉ែត្រ បំបែកឯតទគ្គកម្មពិភពលោក។ មន្រ្តី Guinness បញ្ជាក់ថា ស្លាកសញ្ញាដែលបានបិទនៅគម្របធុងសាំង ពុំមានដាច់រហែកអ្វីឡើយ ដែលបង្ហាញថា រថយន្តនេះមិនត្រូវបានចាក់អ៊ីដ្រូហ្សែនថែមក្នុងពេលធ្វើដំណើរនោះទេ។
ចំពោះការបើកបររយៈពេល ២ថ្ងៃនេះ Toyota បានឱ្យដឹងថា គឺប្រើអ៊ីដ្រូហ្សែនអស់ ៥,៦៥គីឡូក្រាម ខណៈការបញ្ចេញតាមបំពង់ស៊ឺមុំាង គឺជាទឹក៕