- 2021-09-29 04:52:39
- ព័ត៌មាន
សិស្សវិទ្យាល័យខ្មែរ បង្ហោះគំរូកូនផ្កាយរណបជោគជ័យ Mentor ម្នាក់ទម្លាយការពិតនិងលើកទឹកចិត្ត អានរំភើបណាស់!
- 2021-09-29 04:52:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សិស្សវិទ្យាល័យខ្មែរ បង្ហោះគំរូកូនផ្កាយរណបជោគជ័យ Mentor ម្នាក់ទម្លាយការពិតនិងលើកទឹកចិត្ត អានរំភើបណាស់!
ចន្លោះមិនឃើញ
ក្រោយពេលសកម្មភាព សិស្សខ្មែរមួយក្រុមមកពីសាលាអុីធូស្ទែម E2STEM (ស្ថិតក្នុងបរិវេណវិទ្យាល័យព្រះយុគន្ធរ) បង្ហោះផ្ដាយរណបទៅលើអាកាសជោគជ័យ ដោយប្រើប្រាស់ត្រឹមសម្ភារៈសាមញ្ញៗតាមលទ្ធភាពប៉ុណ្ណោះ ត្រូវបានសារព័ត៌មានក្នុងស្រុក ចាប់អារម្មណ៍ចុះផ្សាយព្រោងព្រាត ព្រមទាំងទទួលបានការសាទរលើកសរសើរពីសាធារណជន កាលពីពេលថ្មីនេះ។
តាមរយៈការឲ្យដឹងពីគណនីហ្វេសប៊ុកឈ្មោះ Oudom Rith គឺជាសមាជិក Mentor ម្នាក់ក្នុងចំណោម ៤ នាក់ដ ទទួលខុសត្រូវនិងចាត់ចែងលើគម្រោងមួួយនេះសរសេរយ៉ាងក្បោះក្បាយ ដូចរៀបរាប់ខាងក្រោម៖
អត្ថបទ៖ -សិស្សវិទ្យាល័យខ្មែរមួយក្រុមបង្ហោះគំរូកូនផ្កាយរណបទៅលើអាកាសជោគជ័យ ផ្ដិតបានទិដ្ឋភាពយ៉ាងភ្ញាក់ផ្អើល
«តាមពិតទៅ បេសកម្មនេះជាផ្នែកមួយនៃការប្រកួត First Global Challenge 2021 តម្រូវឱ្យធ្វើ មនុស្សយន្ត និង គំរូកូនផ្កាយរណប។ នោះគឺជា បេសកម្ម Cosmos - Inspiration to Cambodian Young Generation ។ អ្វីដែលយើងធ្វើ និងរៀនបានគឺគិតឱ្យហួសពីការប្រកួត (More than Competition) ដែលគិតលើតែផ្នែកពិន្ទុនិងចំណាត់ថ្នាក់ដើម្បីប្រជែងនឹងបណ្តាប្រទេសផ្សេងៗទៀតជាង ១០០។»
សម្រាប់លោក ពិតជាសម្តែងការត្រេកអរមែនទែន ដែលក្រុមកូនសិស្សរបស់យើង តស៊ូរហូតដល់អាចបង្ហោះ រកឃើញនិងទាញយកទិន្នន័យដោយជោគជ័យ នៅថ្ងៃទី ២៦ កញ្ញា ឆ្នាំ ២០២១។ នៅពីក្រោយលទ្ធផលនេះ ចម្លើយមេរៀនមានតម្លៃមិនអាចកាត់ថ្លៃបាន គឺ៖
១. ធ្វើការប្រជែងជាមួយពេលវេលា
សម្រាប់ពួកគាត់(សិស្ស) កំពុងសិក្សាអនឡាញមិនទាន់ដល់ពេលវិស្សមកាល ហើយ ក៏កៀកការប្រលងត្រីមាសដែរ ដោយឡែកវិញ្ញាសារការប្រកួតអន្តរជាតិលើកនេះ គឺថ្មីស្រឡាង ហើយមាន មានពេលត្រឹមតែ ៥ សប្តាហ៍។សម្រាប់ពួកគាត់ដែលជាសិស្ស ទី ១០ ១១ និង ១២ មានរបស់ថ្មី ជាច្រើនដែលយើងមិនទាន់ដឹង ហើយត្រូវរៀន និង ប្រញ៉ាប់ធ្វើឱ្យបានលឿនជាទីបំផុត។ ម្ល៉ោះហើយ ទាំងខ្ញុំ ទាំងសិស្ស ត្រូវនៅធ្វើការដាច់យប់ ដល់យប់ជ្រៅជារឿងចៀសមិនផុត។
២. បើក្នុងស្រុកមិនមានលក់របស់ហ្នឹង គឺ បង្កើតនិងច្នៃវាដោយខ្លួនឯង
ដោយសារតែ យើងចង់គិតលើសពីការប្រកួត សមាជិកក្រុម បានសម្រេចចិត្តចង់ដាក់ឆ័ត្រយោង និង របស់ចាំបាច់មួយចំនួនទៀត ។ល។ ដូច្នេះ យើងក៏ដើររកទិញវា តែអភ័ព្វអី ស្រុកយើង អត់មាន។ ចង់ ឬ មិនចង់គឺមានតែធ្វើវាខ្លួនឯង ដោយច្នៃពីរបស់ជុំវិញដែលយើងអាចរកបាន។
៣. ការងារសហប្រតិបត្តិការ
គ្មាននរណាម្នាក់ ធ្វើការងារម្នាក់ឯងជោគជ័យទេ វាចេញមកពីចំណែកនៃការខំប្រឹងរបស់ សមាជិកម្នាក់ដែលធ្វើតាមតួនាទី កំណត់ និង អ្វីដែលខ្លួនជំនាញ ឬ រៀនរបស់ថ្មី ដែលខ្លួនមិនជំនាញ ដើម្បីឱ្យការងារដើរទៅមុខដោយរលូន។
៤. ផ្នត់គំនិតវិស្វកម្ម
គ្រប់យ៉ាងវាមិនរលូនដូចការព្រាងទុកទេ។ កំហុសបច្ចេកទេស ការគណនា គឺអាចកើតឡើងគ្រប់ពេល ។ បេះដូងសំខាន់គឺ បើមានបញ្ហាកើតឡើង តើយើងអាចឆ្លុះបញ្ចាំង ថាវាកើតឡើងដោយសារអ្វី? គួរប្រើដំណោះស្រាយណា? តើអាចដូរ វិធីសាស្ត្រផ្សេងពីនេះទេ ដើម្បីសម្រេចគោលដៅ?
៥. ការផ្តល់ទំនុកចិត្ត និងផ្តល់ឱកាស
គណៈគ្រប់គ្រងសាលា E2stem តែងតែជំរុញលើកទឹកចិត្ត ឧបត្ថម្ភ និង ព្រមធ្វើគ្រប់បែបយ៉ាងដើម្បីជួយឱ្យសិស្សសម្រចគោលដៅ។ ជាក់ស្តែងដូចជាថ្ងៃទី ២៤ ខែ កញ្ញា ពួកយើងមិនអាចបង្ហោះ កូនផ្កាយរណបបានដោយ ឧស្ម័នអេល្យូម ដែលទិញមក មិនអាចធ្វើឱ្យបាឡុង យោងទម្ងន់ឧបករណ៍បាន។ យើងព្យាយាមរកទិញឧស្ម័នប្រភេទនេះនៅត្បូងឃ្មុំក្តី កំពង់ចាមក្តី គឺសុទ្ធតែមិនមាន។ ចុងក្រោយគឺ មានតែ បង្ហូរឧស្ម័នអេល្យូមតម្លៃ ជាង ៧០ ដុល្លារចោល ហើយ រៀបឥវ៉ាន់មកភ្នំពេញទាំងអស់សង្ឃឹម និង មិនដឹងគួរធ្វើអ្វីតទៀត ព្រោះមិនដឹងរកជំនួយ ពីខាងណា ពិសេសគឺ ពេលវេលាកាន់តែខើច សម្រាប់ការប្រកួតនេះ។
កូនសិស្សបានធ្វើការឆ្លុះបញ្ចាំងពីកំហុសបច្ចេកទេស រួមជាមួយការប្តេជ្ញាចិត្តដ៏មុតមាំ គឺ មិនបោះបង់ ហើយ តស៊ូដល់ទីបញ្ចប់ ទោះសប្តាហ៍ក្រោយប្រលង ថ្ងៃ submit ការប្រកួតកាន់តែកៀក ក្តី។ គណៈគ្រប់គ្រងសាលា បានជួបជាមួយសិស្សនៅថ្ងៃទី ២៥ ហើយផ្តល់នូវកញ្ចប់ថវិកា និង សារលើកទឹកចិត្ត ដើម្បីឱ្យភារកិច្ចថ្ងៃ ទី ២៦ សម្រេចដោយជោគជ័យ។ ហើយចុងក្រោយគឺ ពួកយើងពិតអាចធ្វើវាបានមែន ។
៦. ទឹកចិត្តល្អរបស់ជនជាតិខ្មែរ
ក្រោយកូនផ្កាយរណបចុះចត មានអុំប្រុសប្រកបអាជីពឡើងត្នោតរើសបានគាត់បានពឹង ឱ្យសាច់ញាតិតេទាក់ទង រកលេខដែលបិទលើប្រអប់ភ្លាម ហើយប្រាប់ពីទីតាំង ដែលត្រូវម៉ាច់នឹង Location GPS ដែលបង្កប់លើ ឧបករណ៍។
ពួកគាត់កោតសរសើរក្មេងៗ ជំនាន់ក្រោយ ដែលអាចធ្វើវាបាន ហើយពួកយើងក៏មានកូនចិត្តមួយដែលលាក់បង្កប់ក្នុងដួងចិត្តដែរ គឺ ប្តេជ្ញាធ្វើខ្លួនជាយុវជនដែលមានគុណភាព ចំណេះជំនាញ ហើយ រកវិធីលើកស្ទួយជីវភាពអ្នកនៅតាមស្រុកស្រែឱ្យកាន់តែប្រសើរឡើងតាមរយៈបច្ចេកវិជ្ជា នវានុវត្តន៍ ។ល។
៧. Inspiration
អ្វីដែលជាបេះដូងនៃការបង្ហោះនេះ គឹមិនមែន កេរ្តិ៍ឈ្មោះសាលា ឬ ប្រទេស ថា កូនខ្មែរ ពូជអង្គរធ្វើបានទេ តែគឺ ជាសារមួយប្រាប់ទៅ ប្រជាជនខ្មែរទាំងអស់ ពិសេសក្មេង ឱ្យសំឡឹងផុតពីជើងមេឃ អវកាសគឺធំទូលាយ ហើយ សម្រាប់អ្នករាល់គ្នា ពិសេសគឺមានរបស់ជាច្រើនដែលយើង អាចសិក្សាស្រាវជ្រាវ។ ហើយពួកយើងសង្ឃឹមថានឹងមានសិស្ស និង ក្មេងៗ ចាប់ចិត្តស្រឡាញ់ វិស័យនេះ បន្ទាប់ពីក្រុមពួកយើង បើកទំព័រលើកនេះ ។
ពួកយើងគ្មានលុយដល់លានដុល្លារធ្វើរ៉ូកែត និង យានអវកាសពេលនេះទេ តែរបស់កំប៉ិកកំប៉ុក ប្រអប់ជ័រ និង ប្រអប់ស្នោរត្រឹមតែ ១០០០ ដុល្លារ និង វីដេអូ ដែលផ្តិតបានពីភាពស្រស់ស្អាតនៃ ភពផែនដីមើល ពី Edge of Space បានធ្វើឱ្យប្រជាជនខ្មែរ សរសេរ ស្រឡាញ់ជាប់ចិត្ត និង មានអារម្មណ៍ព្រឺក្បាលតិចៗ ពេលឃើញវា «នេះហើយ គឺវត្ថុបំណងសំខាន់នៃការបង្ហោះលើកនេះ»។
ពួកយើងរីករាយនឹង ចែករំលែក បទពិសោធន៍ និង បច្ចេកទេស៕