• 2021-09-22 02:45:18
  • ព័ត៌មាន

មេធំ Toyota ថា បើងាកទៅប្រើឡានអគ្គិសនីសុទ្ធ ជប៉ុននឹងបាត់ការងាររាប់លាន

  • 2021-09-22 02:45:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាយកប្រតិបត្តិក្រុមហ៊ុន Toyota លោក Akio Toyoda ដែលជាប្រធានសមាគមអ្នកផលិតរថយន្តរបស់ប្រទេសជប៉ុនផងដែរនោះ មិនសប្បាយចិត្តនឹងការជំរុញឲ្យងាកទៅប្រើរថយន្តអគ្គិសនិសុទ្ធរបស់រដ្ឋាភិបាលជប៉ុនប៉ុន្មានឡើយ។

នាយកប្រតិបត្តិក្រុមហ៊ុន Toyota លោក Akio Toyoda

នាយកប្រតិបត្តិរូបនេះបាននិយាយថា ការប្រើរថយន្តអគ្គិសនីទាំងអស់អាចធ្វើឲ្យប្រទេសជប៉ុន បាត់បង់ការងារចំនួន ៥,៥ លានកន្លែង និង បាត់បង់ការផលិតរថយន្តចំនួន ៨ លានគ្រឿង នៅត្រឹមឆ្នាំ ២០៣០។

ស្ថិតនៅក្នុងកិច្ចប្រជុំមួយនៃសមាគមអ្នកផលិតរថយន្តរបស់ប្រទេសជប៉ុន (JAMA) ដែលមានការចូលរួមពីប្រធាននៃក្រុមហ៊ុនធំៗមកពី Honda, Yamaha និង Isuzu ដែរនោះ លោក Toyoda បានព្រមានថា គោលដៅផលិតរថយន្តអគ្គិសនីសុទ្ធដែលមានសក្តានុពលខ្លាំងក្លាជំរុញដោយអាជ្ញាធរជប៉ុន ដែលបំផុតគំនិតដោយអឺរ៉ុប មិនមាននិរន្តរភាពនោះទេ។

គួរឲ្យដឹងថា រដ្ឋាភិបាលមានបំណងកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់របស់ប្រទេសជប៉ុន នៅត្រឹមឆ្នាំ ២០៣០ និងឈានដល់គ្មានការបំភាយកាបូនសុទ្ធ នៅឆ្នាំ ២០៥០ តាមរយៈការប្រើប្រាស់យានយន្តអគ្គិសនីសុទ្ធទាំងអស់។ ទោះជាយ៉ាងណាក៏ដោយ នាយកប្រតិបត្តិក្រុមហ៊ុន Toyota ជឿជាក់ថា ផែនទីបង្ហាញផ្លូវគួរតែគិតគូរពីការពិត ដែលថាជីវិតសេដ្ឋកិច្ចរបស់ជប៉ុនកើតចេញពីការផលិត។

ក្នុងនោះ លោក Toyoda បានសង្កត់ធ្ងន់ថា ការផ្លាស់ប្តូរទៅជាយានយន្តអគ្គិសនីសុទ្ធ អាចធ្វើឲ្យមូលដ្ឋានឧស្សាហកម្មរបស់ជប៉ុនធ្លាក់ចុះ ដូច្នេះលោកស្នើឲ្យមានវិធីសាស្រ្តទូលំទូលាយដើម្បីកាត់បន្ថយកាបូនជំនួសវិញ។

លោកបានបញ្ជាក់ទៀតថា ក្រុមហ៊ុនផលិតរថយន្តជប៉ុន ផលិតរថយន្តប្រហែល ១០ លានគ្រឿងក្នុងមួយឆ្នាំនៅក្នុងប្រទេសរបស់ខ្លួន ហើយប្រហែលពាក់កណ្តាលចំនួននោះ ត្រូវបាននាំចេញ។ លោកបានលើកឡើងពីការព្យាករណ៍ ដែលព្យាករណ៍ថានៅឆ្នាំ ២០៣០ រោងចក្រក្នុងស្រុកនឹងនៅតែផលិតបាន ៨ លានគ្រឿងក្នុងមួយឆ្នាំ ដែលមានទាំងរថយន្តប្រើម៉ាស៊ីនចំហេះក្នុង រួមទាំង ម៉ាស៊ីន Hybrid និងPlug-in Hybrid។

លោក Toyoda បានបន្ថែមទៀតថា នៅពេលដែលយានយន្តទាំងនោះត្រូវបានហាមឃាត់ ក្រុមហ៊ុនផលិតរថយន្តនឹងទទួលរងផលប៉ះពាល់ខ្លាំង ដោយត្រូវសម្រេចចិត្តដ៏លំបាកមួយថា នឹងបញ្ជូនការផលិតយានយន្តទាំងនោះទៅបរទេស ឬបញ្ចប់វាទាំងស្រុង ដែលជាហេតុបណ្តាលធ្វើឲ្យជប៉ុនបាត់បង់ការងារជាច្រើនកន្លែង៕

អត្ថបទ៖ សេង ឡុង

មតិយោបល់