• 2021-09-21 03:38:35
  • ព័ត៌មាន

លម្អិតសមត្ថភាព Toyota Tundra TRD Pro ២០២២ គូប្រជែង Ford F-150 Raptor ថ្មី

  • 2021-09-21 03:38:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភីកអាប់ផ្តោតខ្លាំងលើ Off-road កំពុងក្លាយជាផ្នែកមួយដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង នៅលើទីផ្សាររថយន្តបច្ចុប្បន្ន។ ជាមួយគ្នានេះ ក្រុមហ៊ុន Toyota ទើបតែបានប្រកាសចេញនូវភីកអាប់ Tundra ឆ្នាំ២០២២ របស់ខ្លួន ដោយក្នុងនោះមានទាំងម៉ូដែលផ្តោតលើ Off-road គឺ Tundra TRD Pro ផងដែរ។

រថយន្ត Toyota Tundra TRD Pro ឆ្នាំ២០២២ ទទួលបានការឌីហ្សាញថ្មីទាំងស្រុងមិនឲ្យច្រលំគេនោះទេ ដោយក្នុងនោះរួមមានទាំងប៉ាណាមុខមួយផ្ទាំងធំ ហើយមានញាត់អំពូលពណ៌ទឹកក្រូច ៣គ្រាប់, ឡូហ្គូជាអក្សរ “TOYOTA” ក៏ដូចជា អំពូលភ្លើងមួយជួរនៅពីក្រោមអក្សរនោះទៀតផង។ មិនតែប៉ុណ្ណោះ ភីកអាប់នេះក៏បានបំពាក់កាងមុខប៉ារ៉ា មានបង្កប់អំពូលភ្លើងកាត់អ័ព្ទ LED និង ឡូហ្គូអក្សរ "TUNDRA” ក៏ដូចជារបាំងភក់ខាងមុខផងដែរ។

បន្ថែមពីនេះ វាក៏មានបំពាក់ឡូហ្គូ "TRD Pro” នៅផ្នែកចំហៀងនៃគម្របម៉ាស៊ីន និងលើទ្វារឃ្លុបក្រោយទៀតផង។ អ្វីដែលរឹតតែពិសេសនោះគឺ Tundra TRD Pro ឆ្នាំ២០២២ មានបំពាក់បន្ទះការពារបាតក្រោមអាលុយមីញ៉ូម មានឆ្លាក់អក្សរ TRD ពីលើ, គ្រឿងប្រព័ន្ធបូមពណ៌ក្រហម, ប្រព័ន្ធស៊ីម៉ាំង TRD និង យ៉ាន់កង់ ១៨អ៊ីញ ផងដែរ។

បើក្រឡេកទៅមើលផ្នែកខាងក្នុងវិញ ភីកអាប់នេះបំពាក់កុងទ័រឌីជីថលទំហំ ១២,៣អ៊ីញ, កៅអីមានឡូហ្គូ "TRD Pro”, ឈ្នាន់ Alloy, ដៃចង្កូតមានឡូហ្គូ "TRD” និង ឡូហ្គូ “TOYOTA” លើតាប្លូ ទៀតផង។

ពាក់ព័ន្ធជាមួយប្រព័ន្ធជើងក្រោមវិញ ម៉ូដែល Tundra TRD Pro ឆ្នាំ២០២២ ប្រើបូម FOX ២,៥អ៊ីញ មានរេសាវ័រប្រេង សម្រាប់ជួយដល់ដំណើរការ Off-road ឲ្យកាន់តែប្រសើរ។

Tundra TRD Pro ក៏បានប្រើដៃឃ្លោងខាងមុខថ្មី និង កល់បូមខ្ពស់ជាងមុន ១,‌១អ៊ីញ ហើយមានកញ្ចប់ Option “TRD Off-Road Package” ដែលរួមមានទាំងប្រព័ន្ធ Multi-Terrain Select System, មុខងារជំនួយពេលចុះចំណោទ Downhill Assist Control និង Crawl Control ទៀតផង។ មិនតែប៉ុណ្ណោះ ជាមួយនឹងប្រព័ន្ធ Multi-Terrain Monitor វាអនុញ្ញាតឲ្យអ្នកបើកបរមើលឃើញនូវផ្នែកខាងមុខ, ក្រោយ និងចំហៀងនៃរថយន្តបានយ៉ាងងាយ។

រថយន្ត Toyota Tundra TRD Pro ឆ្នាំ២០២២ បំពាក់ម៉ាស៊ីន Hybrid ថ្មី i-Force Max ចំណុះ ៣,៥លីត្រ twin-turbo ទំហំ ៦ស៊ីឡាំង ដំណើរការជាមួយម៉ូទ័រអគ្គិសនីមួយ មានកម្លាំងសរុប ៤៣៧សេះ និងកម្លាំងរមួល ៧៩០ញ៉ូតុនម៉ែត្រ ហើយដំណើរការដោយប្រអប់លេខអូតូ ១០វគ្គ។

បើប្រៀបធៀបជាមួយនឹងរថយន្ត Ford F-150 Raptor ឆ្នាំ២០២២ (៤៥០សេះ , ៦៩១ញ៉ូតុនម៉ែត្រ) វិញ វាមានកម្លាំងសេះតិចជាងបន្តិច ប៉ុន្តែមានកម្លាំងរមួលច្រើនជាងខ្លាំង។

សូមបញ្ជាក់ថា រថយន្ត Toyota Tundra ឆ្នាំ២០២២ នឹងចេញលក់នៅចុងឆ្នាំនេះ ខណៈតម្លៃរបស់វានឹងត្រូវប្រកាសនាពេលជិតចេញលក់តែម្តង៕

អត្ថបទ៖ សេង ឡុង

មតិយោបល់