• 2021-09-20 02:32:52
  • ព័ត៌មាន

ទីបំផុត! Toyota Tundra ឆ្នាំ២០២២ ចេញហើយ ដូររាងថ្មីទាំងស្រុង ប្រើម៉ាស៊ីន Hybrid ទៀត!

  • 2021-09-20 02:32:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅទីបំផុត ក្រុមហ៊ុន Toyota បានប្រកាសចេញភីកអាប់ Tundra ស៊េរីឆ្នាំ២០២២ របស់ខ្លួនជាផ្លូវការ ដោយវាបានទទួលការអាប់ដេតរូបរាងថ្មីទាំងស្រុង ទាំងផ្នែកខាងក្រៅ និងខាងក្នុង ព្រមទាំងផ្លាស់ប្តូរជម្រើសម៉ាស៊ីនថ្មី ២ ទៀតផង។

គ្រាន់តែក្រឡេកឃើញភ្លាម យើងអាចមើលដឹងថារថយន្តភីកអាប់ Toyota Tundra ជំនាន់ថ្មីនេះ មានការផ្លាស់ប្តូរយ៉ាងខ្លាំង ជាពិសេសផ្នែកខាងមុខ ជាមួយនឹងការបំពាក់ប៉ាណាមួយផ្ទាំងធំថ្មី និង បំពាក់ចង្កៀងមុខរាងអក្សរ T ព្រមទាំងរន្ធបឺតខ្យល់បញ្ឈរថ្មីទៀតផង។

ចំណែកឯផ្នែកខាងក្រោយវិញ វាបានបំពាក់គ្រែដឹកថ្មី ជាប្រភេទអាលុយមីញ៉ូមទម្ងន់ស្រាល អាចការពារការកំពិតបានកាន់តែប្រសើរ ដែលស្រដៀងទៅនឹងរថយន្ត Tacoma។ មិនតែប៉ុណ្ណោះ វាក៏មានទំពក់ចង, ភ្លើងបំភ្លឺ និង រន្ធភ្លើង 120V នៅលើគ្រែដឹកនោះទៀត។ នៅខាងក្រោយនេះដដែល អ្វីដែលជាការផ្លាស់ប្តូរធំបំផុតមួយទៀត គឺចង្កៀងក្រោយរបស់វា ដែលឌីហ្សាញជាលក្ខណៈ 3D បែបបញ្ឈរ។

និយាយជារួមមក រូបរាង Toyota Tundra ឆ្នាំ២០២២ ថ្មី មើលទៅរៀងមាំ និងលេចធ្លោជាងមុន គួរឲ្យទាក់ទាញ។

សូមបញ្ជាក់ថា ភីកអាប់ Tundra ឆ្នាំ២០២២ នឹងផ្តល់ជម្រើសតួខ្លួន ២ ប្រភេទ គឺ Double Cab ដែលអាចជ្រើសយកគ្រែដឹកប្រវែង ១៩៨សង់ទីម៉ែត្រ ឬ ២៤៦សង់ទីម៉ែត្រ និង CrewMax ដែលមានគ្រែដឹកប្រវែង ១៦៧សង់ទីមែ៉ត្រ ឬ ១៩៨សង់ទីម៉ែត្រ។

យ៉ាងណាមិញ អ្វីដែលជាការអាប់ដេតធំបំផុតមួយទៀត គឺកាប៊ីនខាងក្នុង ដោយវាទទួលបានការឌីហ្សាញ និងរៀបចំកាន់តែទំនើប និងប្រណីត។ ក្នុងនោះវាបានបំពាក់ដៃចង្កូតថ្មី, កុងទ័រឌីជីថលទំហំដល់ ១២,៣អ៊ីញ និង អេក្រង់កម្សាន្តទំហំដល់ ១៤អ៊ីញ ដែលអាចភ្ជាប់មុខងារ Android Auto និង Apple CarPlay ដោយមិនបាច់ប្រើខ្សែទៀតផង។

ក្រៅពីនោះ វាក៏បានបំពាក់ចង្កឹះលេខថ្មី ហើយមានកន្លែងសាកថ្មទូរសព្ទឥតខ្សែ ក៏ដូចជាកែកុនប្លុកបញ្ជាកណ្តាលថ្មីទាំងស្រុងតែម្តង។

គួរឲ្យដឹងដែរថា រថយន្ត Toyota Tundra ឆ្នាំ២០២២ មានផ្តល់ជម្រើសម៉ាស៊ីនថ្មី ចំនួន ២ ដោយបោះបង់ចោលម៉ាស៊ីនចាស់ចំណុះ ៥,៧លីត្រ ទំហំ ៨ស៊ីឡាំងហើយ។

  • ទី១៖ ម៉ាស៊ីនសាំងចំណុះ ៣,៥លីត្រ twin-turbo ទំហំ ៦ស៊ីឡាំង មានកម្លាំង ៣៨៩សេះ និងកម្លាំងរមួល ៦៤៩ញ៉ូតុនម៉ែត្រ។
  • ទី២៖ ម៉ាស៊ីន Hybrid ដែលហៅថា i-Force Max មានកម្លាំងសរុប ៤៣៧សេះ និងកម្លាំងរមួល ៧៩០ញ៉ូតុនម៉ែត្រ។

រថយន្តភីកអាប់នេះដំណើរការដោយប្រអប់លេខអូតូ ១០វគ្គ ហើយមានសមត្ថភាពអាចអូសសណ្តោងបានទម្ងន់ ៥ ៤៤៣គីឡូក្រាម និង ដឹកបានទម្ងន់ ៨៨០គីឡូក្រាម។ វាក៏នឹងមានបំពាក់ប្រព័ន្ធ Toyota Safety Sense 2.5 មកស្តង់ដារដែរ។

រថយន្ត Toyota Tundra ឆ្នាំ២០២២ នឹងផ្តល់ជម្រើសចំនួន ៦ ម៉ូដែល គឺ SR, SR5, Limited, Platinum, 1794 និង TRD Pro ហើយនឹងចេញលក់នៅចុងឆ្នាំ ២០២១ នេះ ខណៈតម្លៃរបស់វានឹងត្រូវប្រកាសនាពេលជិតចេញលក់តែម្តង៕

អត្ថបទ៖ សេង ឡុង

មតិយោបល់