• 2021-09-14 03:09:16
  • ព័ត៌មាន

iOS 14.8 ចេញមកដើម្បីខ្ទប់មេរោគ ចារកម្ម Pegasus Spyware

  • 2021-09-14 03:09:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Apple ទើបបញ្ចេញ iOS 14.8 ថ្មីៗនេះ ដោយផ្ដោតលើការដោះស្រាយបញ្ហាសុវត្ថិភាពធំៗចំនួន៣ ពិសេសគឺខ្ទប់មេរោគចារកម្ម Pegasus Spyware ដែលអាចបង្កគ្រោះធ្ងន់ទៅលើអ្នកប្រើប្រាស់។

បញ្ហាសុវត្ថិភាពទាំងនោះរួមមាន ការដោះស្រាយទៅលើ CoreGraphics bug និង WebKit ដែលបង្ករភាពងាយរងគ្រោះ អាចឱ្យ Hacker ដំណើរការកូដតាមអំពើចិត្ត និងឈានដល់ការគ្រប់គ្រងឧបករណ៍អ្នកប្រើ។

មិនតែប៉ុណ្ណោះ ការអាប់ឌែតនេះវាក៏បានដោះស្រាយទៅលើបញ្ហាមេរោគចារកម្ម Pegasus Spyware ផងដែរ។ គួរបញ្ជាក់ថា កាលពីប៉ុន្មានសប្ដាហ៍មុននេះ មន្ទីរស្រាវជ្រាវ The Citizen Lab បានរាយការណ៍ទៅកាន់ក្រុមហ៊ុន Apple ថាមានការវាយប្រហារតាមរយៈមុខងារ iMessage ដោយមេរោគចារកម្ម Pegasus ដែលប៉ះពាល់ដល់ iPhone, iPad, Apple Watch និង Mac។

មេរោគនេះអាចធ្វើសកម្មភាពផ្សេងៗជាច្រើនដូចទៅនឹងម្ចាស់ iPhone ប្រើទូរសព្ទរបស់ពួកគេដូចច្នោះដែរ។ នេះបើយោងទៅតាម លោក John-Scott Railton អ្នកស្រាវជ្រាវជាន់ខ្ពស់នៅឯ The Citizen Lab។

គួរបន្ថែមថា Pegasus ជាមេរោគប្រភេទ Spyware ដែលត្រូវបានផលិតដោយ ក្រុមអ្នកអភិវឌ្ឍកម្មវិធីរបស់ ក្រុមហ៊ុនស៊ើបការណ៍សម្ងាត់ឯកជនអ៊ីស្រាអែល ដែលក្រុមហ៊ុននេះមានភាពល្បីល្បាញផ្នែកអភិវឌ្ឍកម្មវិធី និងលក់ដូរមេរោគ ក៏ដូចជាមធ្យោបាយ Hack ផ្សេងៗ ដើម្បីវាយប្រហារទៅលើប្រព័ន្ធកុំព្យូទ័រ និងលួចតាមដានឯកជនភាពរបស់អ្នកប្រើប្រាស់។

ដូចនេះ ដើម្បីជៀសផុតពីភាពងាយរងគ្រោះខាងលើ អ្នកគប្បីអាប់ឌែតទៅកាន់ iOS 14.8 ។ ដើម្បីអាប់ឌែតកំណែប្រព័ន្ធប្រតិបត្តិការថ្មី សូមចូលទៅកាន់៖

  • កម្មវិធី Settings > General > Software Update បន្ទាប់មកចុច Download and Install និងធ្វើតាមការណែនាំជាការស្រេច៕

ប្រភព៖ macrumors ប្រែ​សម្រួល៖ កុសល

មតិយោបល់