• 2021-09-06 03:44:17
  • ព័ត៌មាន

ទីបំផុត ឡាន Mercedes-Benz G-Class អត់ប្រើប្រេង បង្ហាញរូបរាងហើយ!

  • 2021-09-06 03:44:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Mercedes-Benz បានបង្ហាញចេញនូវគំរូរថយន្ត EQG Concept នៅក្នុងកម្មវិធី 2021 IAA Mobility Show ក្នុងទីក្រុង Munich ប្រទេសអាល្លឺម៉ង់ ដែលវាជារថយន្ត G-Class ដំណើរការដោយថាមពលអគ្គិសនីសុទ្ធ។

គោលបំណងរបស់ Mercedes-Benz គឺរក្សាបុគ្គលិកលក្ខណៈរបស់រថយន្ត G-Class ខណៈពេលដែលនាំយកនូវសមត្ថភាព Off-road ដ៏អស្ចារ្យរបស់វា ចូលទៅក្នុងសម័យកាលនៃរថយន្តអគ្គិសនី ដែលមិនបំភាយឧស្ម័នពុលដល់បរិស្ថាន។

គំរូរថយន្ត EQG Concept នេះ បានរក្សារូបរាងដូច G-Class ជំនាន់ទី២ ភាគច្រើន (W463) ប៉ុន្តែក៏រំលេចនូវអត្តសញ្ញាណរបស់ខ្លួន ដើម្បីបញ្ជាក់ថាវាជារថយន្តអគ្គិសនីដែរ ដោយមានបំពាក់ប៉ាណាមុខពេញ គ្មានរន្ធខ្យល់ ហើយមានភ្លើងបំភ្លឺ និងជាប្រភេទ ២ ពណ៌ទៀតផង។

មិនតែប៉ុណ្ណោះ វាក៏មានបំពាក់ដំបូលមានភ្លើង LED, កញ្ចក់ចំហៀងមានភ្លើង LED, យ៉ាន់ Alloy ទំហំ ២២អ៊ីញ, កាងដែលផ្តល់កម្រិតមុជខ្យល់ Aerodynamic ជាងមុន និង ប្រអប់ដាក់អីវ៉ាន់នៅខាងក្រោយ ត្រង់កន្លែងវាធ្លាប់ប្រើសម្រាប់ដាក់កង់សាគួ។

បើទោះបីវាជារថយន្តអគ្គិសនីសុទ្ធ ១០០% ក៏ដោយ ប៉ុន្តែ EQG នៅតែប្រើគ្រោងឆ្អឹង ladder frame ដូច G-Class ដដែល ជាមួយនឹងប្រព័ន្ធបូម independent suspension នៅខាងមុខ និង rigid axle នៅខាងក្រោយ។ វាមានន័យថា រថយន្តនេះនៅតែរក្សាសមត្ថភាព Off-road ដូចប្រភេទម៉ាស៊ីនប្រើប្រេងដដែល។

យ៉ាងណាមិញ ក្រុមហ៊ុន Mercedes មិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមអំពីគំរូរថយន្ត EQG Concept ឡើយ ប៉ុន្តែក្រុមហ៊ុនបានបញ្ជាក់ថា រថយន្តនេះនឹងបំពាក់ម៉ូទ័រអគ្គិសនីចំនួន ៤ គ្រឿង ដែលអាចបញ្ជាដាច់ដោយឡែកពីគ្នាបាន ដើម្បីផ្តល់កម្លាំងអូសទាញ និងភាពគ្រប់គ្រង ដែលធ្វើឲ្យវាអាចលឿនជាងម៉ូដែល Mercedes-AMG G63 ទៅទៀត៕

អត្ថបទ៖ សេង ឡុង

មតិយោបល់