• 2021-08-13 06:05:32
  • ព័ត៌មាន

ណាសា៖ មានឱកាសតិចតួចណាស់ដែលអាចម៍ផ្កាយបេននូបុកផែនដី

  • 2021-08-13 06:05:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមអ្នកវិទ្យាសាស្ត្រនិយាយកាលពីថ្ងៃពុធទី១១សីហាថា អាចម៍ផ្កាយមួយ ដែលគេស្គាល់ថា បេននូ (Bennu)នឹងហោះឆ្លងកាត់នៅចន្លោះកណ្តាលរវាងចម្ងាយផែនដីនិងព្រះចន្ទនៅឆ្នាំ ២១៣៥ ប៉ុន្តែលទ្ធភាពបុកជាមួយផែនដីរបស់យើងនៅប៉ុន្មានសតវត្សរ៍ខាងមុខនេះគឺមានតិចតួចណាស់។ យានអវកាស OSIRIS-RExរបស់អង្គការណាសាបានចំណាយពេលពីរឆ្នាំនៅជិតអាចម៍ផ្កាយបេននូដែលមានប្រវែង ៥០០ ម៉ែត្រ ដោយសង្កេតមើលទំហំ រូបរាង ម៉ាស់ និងសមាសភាពរបស់វា និងតាមដានគន្លងរបស់វាវិលជុំវិញព្រះអាទិត្យ។

អាចម៍ផ្កាយ​បេន​នូ​ទំនង​មិន​បុក​ចំ​ផែនដី​នៅ​ឆ្នាំ​២១៣៥​នោះទេ

ដោយប្រើដៃយន្តរបស់វា យានអវកាសនេះក៏បានប្រមូលសំណាកពីផ្ទៃអាចម៍ផ្កាយបេននូ ដែលនឹងជួយដល់អ្នកស្រាវជ្រាវក្នុងការកំណត់មើលគន្លងអនាគតវាផងដែរ។ ថ្មនិងធូលីដែលប្រមូលបានដោយយាន OSIRIS-REx គ្រោងនឹងត្រឡប់មកផែនដីវិញនៅថ្ងៃទី ២៤ ខែកញ្ញាឆ្នាំ ២០២៣។ អាចម៍ ផ្កាយបេននូត្រូវបានរកឃើញនៅឆ្នាំ ១៩៩៩ ហើយត្រូវបានចាត់ថ្នាក់ជាអាចម៍ផ្កាយគ្រោះថ្នាក់។វានឹងហោះកៀកផែនដីនៅខែកញ្ញាឆ្នាំ ២១៣៥ ។ អ្នកវិទ្យាសាស្ត្រចង់ដឹងថាតើទំនាញផែនដីនិងបាតុភូតដែលគេស្គាល់ថាឥទ្ធិពលយ៉ាកូវស្គីនឹងប៉ះពាល់ដល់គន្លងអនាគតរបស់វានិងលទ្ធភាពនៃផលប៉ះពាល់លើគន្លងជាបន្តបន្ទាប់របស់វាដែរឬអត់។

លោក ដេវីដ ហ្វាណូចឆា ជាអ្នកវិទ្យាសាស្ត្រនៃមជ្ឈមណ្ឌលសិក្សាអំពីវត្ថុហោះកៀកផែនដីនៅឯមន្ទីរពិសោធន៍កម្លាំងរុញរបស់យានអវកាសនៃអង្គការណាសានៅរដ្ឋកាលីហ្វ័រញ៉ា បាននិយាយថា “ទិន្នន័យរបស់យាន OSIRIS-REx ផ្តល់ឱ្យយើងនូវព័ត៌មានច្បាស់លាស់បន្ថែមទៀត យើងអាចសាកល្បងដែនកំណត់នៃម៉ូឌែលរបស់យើង និងគណនាគន្លងអនាគតរបស់អាចម៍ផ្កាយបេននូក្នុងកម្រិតជាក់លាក់ខ្ពស់បំផុតរហូតដល់ឆ្នាំ ២១៣៥”។ លោកហ្វាណូចឆា ជាអ្នកនិពន្ធការសិក្សាដែលចេញផ្សាយក្នុងទស្សនាវដ្តី Icarusបាននិយាយថា “យើងមិនដែលចេញគំរូគន្លងរបស់អាចម៍ផ្កាយដល់កម្រិតជាក់លាក់បែបនេះពីមុនទេ”។ លោកបានសង្កត់ធ្ងន់ថា “លទ្ធភាពនៃផលប៉ះពាល់ជាទូទៅគឺតូចខ្លាំងណាស់។ យើងមិនគួរព្រួយបារម្ភអំពីវាច្រើនពេកទេ”៕

ប្រភព៖ rasmeinews.com

មតិយោបល់