- 2021-08-12 08:09:14
- ព័ត៌មាន
ត្រួសៗ! ស្វែងយល់ពីរបៀបនាំចូលឡានមួយទឹក មុនពេលដាក់លក់នៅខ្មែរ
- 2021-08-12 08:09:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ត្រួសៗ! ស្វែងយល់ពីរបៀបនាំចូលឡានមួយទឹក មុនពេលដាក់លក់នៅខ្មែរ
ចន្លោះមិនឃើញ
ភាពពេញនិយមពីការប្រើប្រាស់ឡានមួយទឹកនៅកម្ពុជា បានធ្វើឲ្យលំហូរនៃការនាំចូលកាន់តែមានការកើនឡើង ជាពិសេសប្រភេទរថយន្តប្រើប្រាស់ជាលក្ខណៈគ្រួសារដូចជា Lexus, Highlander, Prius, Camry ជាដើម។ ឡានមួយទឹកដែលអ្នកឃើញមានលក់នៅលើទីផ្សារទាំង ភាគច្រើនត្រូវបាននាំចូលពីសហរដ្ឋអាមេរិក ដែលជាទីផ្សារឡានមួយទឹកដ៏ធំសម្រាប់តំបន់អាស៊ី។
មុនពេលនាំយកមកលក់បាន ឈ្មួញត្រូវធ្វើដូចម្ដេចខ្លះ? និងត្រូវដឹកជញ្ជួនបែបណា? ខាងក្រោមនេះគឺជាការចែករំលែកបទពិសោធន៍រឿងនាំឡានមួយទឹកយកមកលក់៖
លោក ឌី ពិសិទ្ធ អ្នកជំនាញឆែកឡានមួយទឹកនៅ Autocheck Cambodia ដែលធ្លាប់មានបទពិសោធន៍ជាមួយឡានមួយទឹកបានប្រាប់ Sabay ថា មុនពេលបានរថយន្តមួយទឹកទាំងនេះយកមកលក់ អ្នកទិញត្រូវចំណាយពេលយូរទាំងការទិញ និងដឹកជញ្ជួន។ លោកបន្តថាឡានមួយទឹកទាំងនេះត្រូវបានបែងចែកជា ៤ប្រភេទសម្រាប់ឈ្មួញទិញយកមកលក់បន្តគឺ៖
ប្រភេទឡានមួយទឹកលក់នៅតាមឃ្លាំង៖ ជាប្រភេទឡានដែលអ្នកទិញអាចរកបាននៅតាមឃ្លាំងលក់មួយទឹក ដែលនៅមានស្ថានភាពស្អាត គុណភាពល្អ។ ឡានប្រភេទនេះច្រើននៅមានតម្លៃថ្លៃគួរសម ព្រោះជាឡានមួយទឹកដែលចេញពីក្រុមហ៊ុនផ្ទាល។
ប្រភេទឡានមួយទឹកចេញពីអ្នកប្រើប្រាស់៖ ឡានប្រភេទនេះឈ្មួញអាចរកទិញតពីអ្នកប្រើប្រាស់នៅតាមផ្ទះ នៅមានស្ថានភាពស្អាត និងគុណភាពល្អផងដែរ ដោយសារអ្នកប្រើប្រាស់មួយចំនួន ច្រើនប្ដូរស៊េរីថ្មី និងលក់ចេញទៅឲ្យឈ្មួញដែលមានអ្នកស្គាល់ និងយកមកលក់បន្ត។
ប្រភេទឡានមួយទឹកដេញថ្លៃ៖ ជាឡានមួយទឹកដែលមានសភាពខូចខាតតិចតួច ដោយសារបុក ឬបញ្ហាណាមួយ ដែលធ្វើការដាក់បង្ហាញឲ្យអ្នកទិញ ឈ្មួញធ្វើការដេញថ្លៃយក។ ឡានមួយទឹកប្រភេទនេះពុំសូវមានស្ថានភាពស្អាតទេ តែនៅមានគុណភាពល្អអាចនៅប្រើប្រាស់បាន ដោយតែត្រូវយកមកធ្វើបន្ថែមត្រង់ចំណុចខូចខាតណាមួយប៉ុណ្ណេះ។
ប្រភេទឡានជជុះ ឬ លក់លៃឡុង៖ ឡានប្រភេទនេះមិនចាំបាត់ធ្វើការដេញថ្លៃទេ ព្រោះជាប្រភេទឡានដែលមានលក្ខណៈខូចខាតខ្លាំង ភាពច្រើនជាឡានដែលក្រុមហ៊ុនធានារាប់រងកាត់ចេញពីអ្នកប្រើប្រាស់នៅពេលមានបញ្ហាបុកធ្ងន់ធ្ងរ ឬ ជាប្រភេទឡានលិចទឹក។ ឡានប្រភេទនេះពុំសូវមានឈ្មួញទិញយកមកលក់ឡើយព្រោះត្រូវចំណាយប្រាក់ច្រើនដើម្បីជួសជុល និងពុំសូវមានគុណភាព។
បន្ទាប់ពីទិញឡានទាំងនេះបានហើយ គេត្រូវធ្វើការដឹកជញ្ជួនតាមរយៈកប៉ាល់។
ក្នុងដំណាក់កាលនេះ លោក ងិន សុភាព ជាអ្នកធ្លាប់មានបទពិសោធន៍នាំឡានមួយទឹកមកលក់បានឲ្យដឹងថាដំណើរការដឹកជញ្ជូនរថយន្តពីសហរដ្ឋអាមេរិក មកលក់ខ្មែរគឺត្រូវដឹកតាមរយៈកប៉ាល់ និងត្រូវចំណាយពេលវេលាប្រហែលមួយខែ (អាចយូរជាងនេះ ឬ លឿនជាងនេះ) អាស្រ័យទៅតាមកប៉ាល់ដែលត្រូវទម្លាក់ទំនិញនៅប្រទេសផ្សេងៗ។
រថយន្តដែលដឹកជញ្ជូនគឺត្រូវរក្សាទុកក្នុងទូកុងតឺន័រ ដោយក្នុងមួយកុងតឺន័រអាចរក្សាទុករថយន្តបានច្រើនបំផុត ៣-៤ គ្រឿងដោយដាក់ប្រជ្រៀតគ្នា ប៉ុន្តែប្រសិនបើរថយន្តណាមានតម្លៃថ្លៃ និងមានទំហំធំគេអាចរក្សាទុកបាន ១-២ គ្រឿងប៉ុណ្ណោះ ដោយខ្លាចថាវាអាចប៉ះទង្គិចគ្នាធ្វើឲ្យខាតលើសដើម។
ដោយឡែកចំពោះកម្រៃលើការដឹកជញ្ជូនវិញមានចន្លោះពី ៣ ០០០ ដុល្លារ ទៅ ៤ ០០០ ដុល្លារ ក្នុងមួយទូ (តម្លៃនេះអាចមានការប្រែប្រួលទៅតាមស្ថានភាពជាក់ស្ដែង)។ នេះជាកត្តាមួយទៀតដែលធ្វើឲ្យរថយន្តដែលដាក់លក់នៅលើទីផ្សារប្រទេសកម្ពុជាមានតម្លៃថ្លៃ ក្រៅពីការចំណាយលើពន្ធនាំចូល៕