• 2021-08-06 02:05:02
  • ព័ត៌មាន

មេរោគស៊ើបយកការណ៍ដ៏គ្រោះថ្នាក់ Pegasus Spyware និងកម្មវិធីបង្ក្រាប

  • 2021-08-06 02:05:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មេរោគស៊ើបយកការណ៍ដ៏គ្រោះថ្នាក់ Pegasus spyware ដែលពិភពលោកកំពុងព្រួយបារម្ភ ត្បិតបានចម្លងទៅកាន់ទូរសព្ទទូទាំងពិពភលោក ប្រមាណ ៥០០០០ គ្រឿង ត្រូវបានរកដំណោះស្រាយបានហើយ ដោយកម្មវិធី MVT (Mobile Verification Toolkit) របស់ អង្គការសិទ្ធិមនុស្ស Amnesty International។

Pegasus spyware ជាមេរោគស៊ើបការណ៍ ដែលដំណើរការលើស្មាតហ្វូនយ៉ាងស្ងប់ស្ងាត់ ដែលកម្មវិធីចាប់មេរោគធម្មតាៗមិនអាចដឹងក្លិនវាឡើយ។ មេរោគនេះមានលទ្ធភាពខ្ពស់ ត្បិតអាចគ្រប់គ្រងទូរសព្ទអ្នកប្រើទាំងមូល (take full control) អាចអានការឆ្លើយឆ្លងគ្នាដោយសម្ងាត់ ស្ដាប់ការសន្ទនាតាមទូរសព្ទ រួមទាំងអាចចូលមើលរូបថតឬវីដេអូរបស់អ្នកប្រើបានថែមទៀតផង។

Pegasus spyware ត្រូវបានបង្កើតដោយអង្គការ ក្រុមហ៊ុនអ៊ីស្រាអែល NSO Group ដែលប្រើសម្រាប់ភ្នាក់ងារអនុវត្តច្បាប់ និងសេវាកម្មស៊ើបការណ៍។ វាត្រូវបានគេប្រើយ៉ាងទូលំទូលាយដើម្បីស៊ើបអង្កេតមនុស្សនៃប្រទេសផ្សេងៗដោយសម្ងាត់ ជាពិសេសគឺមន្រ្តីរដ្ឋាភិបាល សកម្មជន អ្នកនយោបាយ អ្នកកាសែត នាយកប្រតិបត្តិក្រុមហ៊ុនជាដើម។

ព្រោះតែកម្មវិធីមេរោគនេះមានតម្លៃថ្លៃ ដូចនេះ វាមិនចេះតែចម្លងឬចូលទៅស៊ើបការណ៍ទូរសព្ទទូទៅផ្ដេសផ្ដាសនោះឡើយ គឺវាសំដៅទៅចំពោះបុគ្គលណាដែលជាគោលដៅស៊ើបការណ៍តែប៉ុណ្ណោះ។

យ៉ាងណា មេរោគចារកម្មដ៏គ្រោះថ្នាក់មួយនេះ មានកម្មវិធីអាចសម្គាល់ដឹងនិងអាចចាប់វាបានហើយ ដែលវាមានឈ្មោះថា MVT (Mobile Verification Toolkit) ជាកម្មវិធីបង្កើតឡើងដោយ អង្គការសិទ្ធិមនុស្សអន្តរជាតិ Amnesty សម្រាប់ប្រើលើប្រព័ន្ធប្រតិបត្តិការ Linux ឬ macOS ដើម្បីស្គេនលើស្មាតហ្វូន។

មិនត្រឹមតែអាចចាប់មេរោគបាន វាក៏មានអាចប្រាប់អ្នកប្រើថា មេរោគចារកម្មបានរំលោភបំពានអ្វីខ្លះលើស្មាតហ្វូន និងបានផ្ទេរទិន្នន័យអ្វីខ្លះទៅកាន់ភាគីទីបី ថែមទៀតផង។

គួរបន្ថែមបន្ដិចថា NSO Group ដែលបានបង្កើតមេរោគខាងលើ មានមូលដ្ឋាននៅ ប្រទេសអ៊ីស្រាអែល។ វាជាក្រុមហ៊ុនដ៏មានភាពល្បីល្បាញមួយ ផ្នែកអភិវឌ្ឍកម្មវិធី និងលក់ដូរមេរោគ ក៏ដូចជាមធ្យោបាយ Hack ផ្សេងៗ ដើម្បីវាយប្រហារទៅលើប្រព័ន្ធកុំព្យូទ័រ ទូរសព្ទ និងលួចតាមដានឯកជនភាពរបស់អ្នកប្រើប្រាស់៕

ប្រភព៖ Forbes ប្រែ​សម្រួល៖ កុសល

មតិយោបល់