• 2021-07-21 02:54:36
  • ព័ត៌មាន

Toyota ចេញឡាន Prius ខ្នាតតូចថ្មី តម្លៃ១,៧ម៉ឺនដុល្លារ ជិះ១០០គ.មស៊ីសាំងមិនដល់៣លីត្រ

  • 2021-07-21 02:54:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Toyota បានប្រកាសចេញរថយន្ត Prius C (ឬហៅថា Aqua នៅជប៉ុន) ជំនាន់ទី២ ថ្មីសន្លាង ដែលមានរូបរាងតូចបំផុតក្នុងត្រកូល Prius សម្រាប់ទីផ្សារប្រទេសជប៉ុន។

បើប្រៀបធៀបជាមួយនឹងរថយន្ត Prius C ជំនាន់ទី១ ដែលបានបង្ហាញខ្លួនក្នុងឆ្នាំ២០១២ និងលក់ដាច់ច្រើនជាង ១,៨៧លានគ្រឿង Prius C ជំនាន់ទី២ បានបំពាក់ប្រព័ន្ធ Hybrid ដែលមានដំណើរការប្រសើរជាងមុន ជួយសន្សំសំចៃជាងមុន ២០ភាគរយ ជាមួយនឹងការប្រើប្រាស់គ្រោងឆ្អឹង និងការឌីហ្សាញថ្មី។

រថយន្ត Toyota Prius C ជំនាន់ថ្មី ប្រើប្រាស់គ្រោងឆ្អឹង TNGA GA-B ដែលត្រូវបានប្រើលើរថយន្ត Toyota Yaris។ វាបំពាក់ម៉ាស៊ីនសាំងចំណុះ ១,៥លីត្រ ជាមួយម៉ូទ័រអគ្គិសនីមួយ និងអាគុយថ្មី Hybrid ថ្មី (high-output bipolar nickel-hydrogen battery) ដែលធ្វើឲ្យវាអាចប្រើមុខងារ EV Mode បានយូរជាងមុន មុនពេលម៉ាស៊ីនសាំងដំណើរការជំនួសវិញ។

មិនតែប៉ុណ្ណោះ រថយន្ត Prius C ថ្មីក៏មានបំពាក់ប្រព័ន្ធបើកបរប៉ុងពីរ E-Four all-wheel-drive ដែលជួយដល់ការទប់លំនឹងនៅលើផ្លូវរអិលទៀតផង។ បើយោងតាមក្រុមហ៊ុន Toyota អះអាងថា រថយន្តខ្នាតតូចនេះមានកម្រិតស៊ីសាំងជាមធ្យមត្រឹមតែ ២,៨លីត្រប៉ុណ្ណោះ សម្រាប់ការបើកបរចម្ងាយផ្លូវ ១០០គីឡូម៉ែត្រ។

ក្រឡេកទៅមើលផ្នែកខាងក្នុង វាបានបំពាក់កុងទ័រឌីជីថល និងអេក្រង់កម្សាន្ត Touchscreen ទំហំ ១០,៥អ៊ីញ ព្រមទាំងបំពាក់ប្រព័ន្ធសុវត្ថិភាព Toyota Safety Sense មកស្តង់ដារ ដោយក្នុងនោះរួមមានទាំងមុខងារ Full-speed Range Radar Cruise Control, Lane Tracing Assist និង Teammate Advance Park System ទៀតផង។

សូមបញ្ជាក់ថា រថយន្ត Toyota Prius C ជំនាន់ទី២ នេះ នឹងត្រូវដាក់លក់នៅប្រទេសជប៉ុន ក្នុងតម្លៃចាប់ពី ១៧ ៩៩៥ដុល្លារ សម្រាប់ប្រភេទប៉ុងមួយ និង ២៣ ៦៥៥ដុល្លារសម្រាប់ប្រភេទប៉ុងពីរ៕

ចង់បានរថយន្តថ្មី ប៉ុន្តែមិនមានប្រាក់គ្រប់គ្រាន់ សូមកុំបារម្ភ! លោកអ្នកអាចស្នើសុំឥណទាន​រថយន្តរបស់ធនគារ CIMB ដែលផ្តល់ជូនអត្រាការប្រាក់ពិសេស ៨,៥% ទំហំឥណទានដល់ ៧០% និងរយៈពេលឥណទានដល់ ៥ឆ្នាំទៀតផង។ សម្រាប់ព័ត៌មានលម្អិត សូមជជែកជាមួយមន្ត្រីឥណទានរថយន្តរបស់ធនាគារ CIMB ដោយផ្ទាល់ តាមរយៈលេខទូរសព្ទ 096 669 2222 / 092 667 375 ៕

អត្ថបទ៖ សេង ឡុង

មតិយោបល់