- 2021-06-04 07:54:33
- ព័ត៌មាន
intel សម្រេចចិត្តចាក់សាំង ដុតស្ពានពាណិជ្ជកម្មជាមួយ Apple ចោល ដោយមិនខ្វល់អតិថិជនធំ
- 2021-06-04 07:54:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
intel សម្រេចចិត្តចាក់សាំង ដុតស្ពានពាណិជ្ជកម្មជាមួយ Apple ចោល ដោយមិនខ្វល់អតិថិជនធំ
ចន្លោះមិនឃើញ
ក្រោយ Apple ប្រកាសចេញឈីបថ្មី M1 ផលិតដោយខ្លួនឯង និងបានបំពាក់វាលើ MacBook Air, MacBook Pro និង Mac mini ឈប់ប្រើឈីប intel តទៅទៀត ធ្វើក្រុមហ៊ុននេះបានចេញយុទ្ធនាការប្រឆាំងនឹង Apple ទាំងកំហឹង។ ការខឹងសំបារនោះ ក៏ព្រោះតែ Apple ជាអតិថិជនធំដ៏មានសក្កានុពលរបស់ខ្លួន។
ចាប់ពី ខែមីនា កន្លងទៅ intel បានចេញយុទ្ធនាការ Anit-M1 ដើម្បីប្រឆាំងនឹងឈីបថ្មី M1 ដោយបើកចំហរ។ intel បានចេញផ្សាយពាណិជ្ជកម្មជាច្រើនដោយ ធ្វើយ៉ាងណាដើម្បីអះអាងថា ឡេបថប Macbook ពិបាកប្រើ លេងហ្គេមមិនកើត គ្មានរន្ធតំណភ្ជាប់ច្រើន មិនអាចប្រើជាថេបប្លេត ឬមានលក់សម្ភារៈភ្ជាប់ក្រៅផ្សេងច្រើន តួយ៉ាងដូចនៅក្រោមនេះជាឧទាហរណ៍។
ប៉ុណ្ណឹង intel នៅដុត Apple មិនទាន់អស់ចិត្តនោះទេ ដោយនៅក្នុងព្រឹត្តិការណ៍ប្រកាសចេញ បន្ទះឈីបចុងក្រោយ ជំនាន់ទី១១ H series កាលពី ចុងខែឧសភា ពួកគេវាយប្រហារជាសាធារណៈទៅលើ ឡេបថប Macbook យ៉ាងធ្ងន់ធ្ងរ។
intel អះអាងថា ប្រតិបត្តិការ macOS មិនអាចលេងសូម្បីហ្គេមល្បីៗជាច្រើន។ ពួកគេលើកឡើងទៀតថា intel បានដើរតួជំនួសបន្ទះឈីប M1 របស់ Apple ដោយជឿជាក់ថែមទៀតផង។
កាន់តែចុកឈាមបន្ថែមទៀត intel បានយក ឡេបថប MacBook Pro មាន CPU intel core i9 9980HK និង VGA AMD Radeon Pro 5600M មកប្រៀបធៀបជាមួយ កុំព្យូទ័រប្រើ CPU intel core i5 11400H និង VGA GeForce RTX 3060។ ជាលទ្ធផល នៃការសាកល្បងច្រើនដំណាក់កាល intel អះអាងថា កុំព្យូទ័រដែលប្រើឈីប intel ផ្តល់បទពិសោធន៍លេងហ្គេមល្អជាង កុំព្យូទ័រ Mac ១០០%។
អំឡុងពេលនោះផងដែរ លោក Alan Dexter មកពីសារព័ត៌មាន PC Gamer បានចោទសួរទៅកាន់ intel ថា ការវាយប្រហារទៅកាន់ Apple ចំៗបែបនេះ តើ intel ចង់ដុតស្ពានឆ្លងទៅកាន់ Apple ឬយ៉ាងណា? ប៉ុន្ដែខាង intel លោក Ryan Shrout ដែលជាប្រធានយុទ្ធសាស្ត្រនៃក្រុមហ៊ុនបាននិយាយថា Apple ប្រកាសបន្ទះឈីបថ្មី Apple Silicon M1 ជាសាធារណៈហើយ ដូចនេះគេគឺជាគូប្រកួតប្រជែងរបស់ intel។
បន្ថែមពីនេះ ការដែលដកឈីប intel ទៅប្រើឈីប M1 ក៏ជាហេតុផលដ៏ប្រសើរមួយ ត្បិតកាលពី ឆ្នាំ២០១៩ Apple បញ្ចេញ Macbook Pro ១៦អ៊ិញ ប្រើបន្ទះឈីប intel core i9 ប៉ុន្ដែបញ្ហាគឺថា វាឆាប់ឡើងកម្ដៅខ្លាំង ធ្វើឱ្យវាដំណើរការយឺតជាងឈីប core i7 ថែមទៀត។ ដើម្បីដោះស្រាយបញ្ហានេះ Apple ក៏ប្ដូរទៅប្រើ ឈីប M1 លើឡេបថបខ្លួនវិញម្ដង ជាលទ្ធផលវាដំណើរការខ្លាំង និងមិនឆាប់ក្ដៅលើតួខ្លួនឡេបថបដ៏ស្ដើងរបស់ Apple ថែមទៀតផង។
ជារួមមក ការដែល Apple សម្រេចប្រើបន្ទះឈីបផលិតដោយខ្លួនឯង ជាដំណឹងមិនល្អសម្រាប់ intel នោះទេ ត្បិតពួកគេបាត់បង់អតិថិជនធំ មិនតែប៉ុណ្ណោះ ក្រុមហ៊ុន intel ក៏ឈានដល់ដំណាក់កាល ដុតស្ពានពាណិជ្ជកម្មទៅកាន់ Apple ចោល និងលើកទង់ជាដៃគូប្រកួតប្រជែងនឹងគ្នាថែមទៀតផង។ ប៉ុន្ដែថ្ងៃមុខយ៉ាងណា ថាពួកគេអាចចាប់ដៃគ្នាបង្កើតផលិតផលអស្ចារ្យសម្រាប់អ្នកប្រើឬអត់ យើងមិនអាចគិតដឹងមុននោះឡើយ មានតែទុកឱ្យពេលវេលាជាអ្នកសម្រេចទៅចុះ៕