• 2021-05-19 09:12:38
  • ព័ត៌មាន

អាមេរិក កំពុងតែឈឺក្បាលដោយសារបទល្មើសបច្ចេកវិទ្យាកើនឡើងយ៉ាងគំហុក

  • 2021-05-19 09:12:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការបោកបញ្ឆោតតាមរយៈប្រព័ន្ធបច្ចេកវិទ្យាមានការកើនឡើងខ្លាំងចាប់តាំងពីឆ្នាំកន្លងទៅ ដោយសារតែការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលជំរុញឱ្យប្រជាពលរដ្ឋជុំវិញពិភពលោកងាកមកប្រើប្រព័ន្ធបច្ចេកវិទ្យាដើម្បីប្រកបការងារ និងដើម្បីទិញសម្ភារៈ ឬម្ហូបអាហារជាដើម។ ជាឧទាហរណ៍ កាលពីពេលថ្មីៗនេះក្រុម FBI របស់សហរដ្ឋអាមេរិកបានបង្ហាញពីការកើនឡើងយ៉ាងខ្លាំង នៃបទល្មើសបច្ចេកវិទ្យាក្នុងរយៈពេល ១៤ខែចុងក្រោយនេះ ដែលមានចំនួនរហូតដល់ទៅមួយលានករណី។

របាយការណ៍នេះបានបង្ហាញថា ការបោកបញ្ឆោតភាគច្រើនពាក់ព័ន្ធនឹងករណី លួងលោមស្នេហាដើម្បីសុំប្រាក់ ឬក៏ប្រើប្រាស់រូបភាពអាសអាភាសដើម្បីគំរាមឱ្យបង់ប្រាក់។ ពេលខ្លះទៀតពួកក្រុមជនខិលខូចបានបោកបញ្ឆោតជនរងគ្រោះឱ្យចូលប្រាក់ដើម្បីធ្វើជំនួញ ឬទិញភាគហ៊ុនដែលមិនមានប្រភពច្បាស់លាស់។ ប៉ុន្តែការបោកបញ្ឆោតដែលមានច្រើនបំផុតនោះ គឺការលក់សម្ភារៈដោយទាមទារឱ្យមានការបង់ប្រាក់ជាមុន ប៉ុន្តែជនខិលខូចមិនបានផ្ញើទំនិញឱ្យជនរងគ្រោះនោះទេ។

ទាក់ទងនឹងការបោកបញ្ឆោតខាងលើនេះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាក៏សង្កេតឃើញមានការបោកបញ្ឆោតក្រោមរូបភាពលក់សម្ភារៈ ប៉ុន្តែមិនផ្ញើទំនិញជូនអតិថិជន បន្ទាប់ពីទទួលបានប្រាក់ ជាច្រើនមកហើយនៅក្នុងប្រទេសកម្ពុជាយើង។

ដូច្នេះដើម្បីចៀសវាងការខាតបង់ប្រាក់កាស នាយកដ្ឋានសូមឱ្យប្រជាពលរដ្ឋចៀសវាងការបង់ប្រាក់ជាមុននៅពេលដែលទិញទំនិញតាមរយៈអនឡាញប្រសិនជាអាចធ្វើបាន។ ម្យ៉ាងវិញទៀតប្រសិនបើបងប្អូនទទួលបានសារដែលសុំឱ្យជួយថវិកា ឬខ្ចីប្រាក់ ក្រោមរូបភាពណាមួយនោះ សូមបងប្អូនទូរសព្ទបញ្ជាក់ជាមួយសាមីខ្លួនផ្ទាល់ មុននឹងធ្វើការផ្ញើលុយដើម្បីចៀសវាងការបោកបញ្ឆោតពីជនខិលខូច៕

ប្រភព៖ Anti Cyber Crime Department

មតិយោបល់