• 2021-05-18 08:38:16
  • ព័ត៌មាន

កត្តា៣ធំៗ រុញ Apple ឱ្យក្លាយជាក្រុមហ៊ុនមានមូលធនទីផ្សារថ្លៃជាងគេបំផុតលើពិភពលោក

  • 2021-05-18 08:38:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Apple ជាស្លាកសញ្ញាមួយត្រូវបានមហាជនទទួលស្គាល់ជាសាធារណៈ ជាមួយនឹងផលិតផលពេញនិយមលើទីផ្សារ។ មិនតែប៉ុណ្ណោះ Apple ក៏ជាក្រុមហ៊ុនបច្ចេកវិទ្យាដែលទទួលបានជោគជ័យបំផុតនៅលើពិភពលោក ដោយកំពុងមានមូលធនទីផ្សារ ២,១០៧ ទីលានដុល្លារ នេះបើយោងទៅតាមរបាយការណ៍ពី CompaniesMarketCap។

ដូច្នេះ តើអ្វីទៅដែលធ្វើអោយ Apple ជោគជ័យសន្ធឹកសន្ធាប់យ៉ាងនេះ? យោងទៅតាម Make Use Of មានហេតុផលចំនួន៣៖

១. ធ្វើបានល្អជាងគូប្រកួតប្រជែង ជាការពិត iPhone មិនមែនជាស្មាតហ្វូន touch screen និងមាន Wi-Fi ដំបូងគេនោះទេ បច្ចេកវិទ្យាទាំងនេះមានយូរមកហើយ។ ប៉ុន្ដែ Apple មិនខ្លាចក្នុងការយកគំនិតរបស់គូប្រជែង ហើយធ្វើអោយវាកាន់តែប្រសើរជាងនោះទេ។

CEO របស់ Apple លោក Tim Cook ធ្លាប់និយាយថា “ពួកយើងមិនបានបង្កើតស្មាតហ្វូនដំបូងគេនោះទេ តែអ្វីដែល Apple បង្កើតគឺ ស្មាតហ្វូនដែលទំនើបបំផុត”។

២. យកចិត្តទុកដាក់អតិថិជន ភាពជោគជ័យរបស់ Apple មិនមែនត្រឹមផលិតផលមានគុណភាពនោះទេ។ ពួកគេជំនាញក្នុងការស្វែងយល់ និងថែរក្សាអ្នកប្រើប្រាស់របស់ខ្លួន។

ចំពោះកម្មវិធីដែលពួកគេបង្កើត ក្រៅពីមានមុខងារល្អៗងាយស្រួលប្រើប្រាស់ ក្រុមហ៊ុនក៏តែងតែបញ្ចេញកំណែអាប់ឌែតថ្មីៗសម្រាប់ឧបករណ៍ចាស់ៗជាច្រើន អាចឱ្យអ្នកប្រើទាំងនោះកាន់តែទទួលបានអត្ថប្រយោជន៍បន្ថែម និងនៅតែប្រើផលិតផលរបស់ពួកគេ។

ហើយអ្វីដែលធ្វើឱ្យអ្នកប្រើកាន់តែពេញចិត្តបន្ថែមនោះ គឺមជ្ឈមណ្ឌលសេវាកម្មរបស់ពួកគេ ដោយ Apple យកចិត្តទុកដាក់លើបញ្ហារបស់អ្នកប្រើ ពេលខ្លះពួកគេអាចនឹងផ្ដល់ផលិតផលថ្មីឱ្យអ្នកប្រើតែម្ដង ដើម្បីជាការប៉ះប៉ូវ។

៣. គោលបំណងច្បាស់លាស់ ពីមួយថ្ងៃទៅមួយថ្ងៃ CEO របស់ Apple បានបង្ហាញពីទិសដៅច្បាស់លាស់សម្រាប់ក្រុមហ៊ុន។ Apple មានបំណងនាំយកបច្ចេកវិទ្យាឌីជីថលទៅកាន់មនុស្សគ្រប់គ្នា ថែមទាំងផ្លាស់ប្តូររបៀបដែលអ្នកប្រើគិត ធ្វើ រៀន និងប្រាស្រ័យទាក់ទងគ្នាប្រចាំថ្ងៃ។

រហូតមកដល់សព្វថ្ងៃនេះពួកគេនៅតែប្រកាន់ខ្ជាប់នូវគោលការណ៍ខាងលើ។

លើសពីនេះទៀត បិតា Apple លោក Steve Jobs ក៏បាននិយាយផងដែរថា គោលបំណងច្បាស់លាស់ មានសារៈសំខាន់ក្នុងការផ្តោតលើកិច្ចការ និងនាំឱ្យមានប្រសិទ្ធភាពការងារខ្ពស់៕

ប្រភព៖ Zing ប្រែ​សម្រួល៖ កុសល

មតិយោបល់