• 2021-04-17 08:25:00
  • ព័ត៌មាន

Elon Musk​ ​ត្រូវ​ប៉ាន់​ណាស់! ​​NASA ​ជ្រើស​យក​ក្រុមហ៊ុន​ឯក​ជន SpaceX ​ដឹក​មនុស្ស​ទៅ​ឋាន​ព្រះចន្ទ​

  • 2021-04-17 08:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​អង្គភាព​អវកាស​អាមេរិច​ដ៏​ល្បី​ល្បាញ​ NASA ​បាន​ប្រកាស​ដំណឹង​ច្បាស់​ការណ៍​ថា​ ​ជ្រើស​យក​ក្រុមហ៊ុន​អវកាស​ឯក​ជន SpaceX ​របស់​លោក​ Elon Musk ​ក្នុង​បេសកម្ម​បញ្ជូន​មនុស្ស​ទៅ​ស្រាវជ្រាវ​បន្ត​នៅ​ភព​ព្រះ​ចន្ទ​ជា​ថ្មី​ម្ដង​ទៀត។ ​បេសកម្ម​នេះ​សហរដ្ឋ​អាមេរិក​ធ្លាប់​បញ្ចូន​ជោគជ័យ​លើក​ទី​១​តាំង​ពី​​ឆ្នាំ​ ១៩៧២ ​ជំនាន់​ Apollo ​ទី១១​។​

អវកាសយានិក /រូបតំណាង

​ប្រសិន​បើ​បេសកម្ម​នេះ​ជោគ​ជ័យ​មាន​ន័យ​ថា​ SpaceX ​គឺ​ជា​ក្រុមហ៊ុន​អវកាស​ឯក​ជនដំបូង​គេ​សម្រេច​ជោគជ័យ​ដ៏​ធំ​ធេង​សម្រាប់​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​មួយ​នេះ។ ​គម្រោង​នេះ​ត្រូវ​បាន​គេ​ដេញ​ថ្លៃ​រួចរាល់​ក្នុង​ទំហំ​​ទឹកប្រាក់​ ២,៨៩ ប៊ីលាន​ដុល្លារ​។​ គម្រោង​ដដែល​នេះ​អាច​នឹង​រួច​រាល់​នៅ​ឆ្នាំ ២០២៤ ។

​តម្លៃ​ប៉ុណ្ណេះ​របស់​ SpaceX ​អាច​ថា​ទាប​បន្តិច​ហើយ ​​ព្រោះ​ពី​មុន​រដ្ឋាភិបាល​ត្រូវ​ចំណាយ​ដល់​ ១០ ​ឬ​ ២០ ប៊ីលាន​ដុល្លារ​​ឯណោះ​ទើប​អាច​ទៅ​រួច។ ​ម្យ៉ាង​ទៀត​ ​បច្ចេកវិទ្យា​ឈាន​មុខ​ដែល​ SpaceX ​កំពុង​មាន​ក្នុង​ដៃ​នោះ​គឺ ​​យាន​ ​Starship ​ដែល​ជា​ជំហាន​ថ្មី​ធ្វើ​យ៉ាង​ណា​ឲ្យ​ការ​ចុះ​ចត​ត្រឡប់​មក​ផែន​ដី​វិញ​ដោយ​សុវត្ថិភាព​ ​និង​អាច​ប្រើប្រាស់​បាន​ច្រើន​ដង​ ​មិន​មែន​ប្រើម្ដង​កម្ទេច​ចោល​ដូច​យាន​មុនៗ​ដែល​ត្រូវ​ចំណាយ​ខ្ពស់​ពេល​ផលិត​ឡើង​វិញ​។​

​សម្រាប់​ដំណើការ​និង​បច្ចេកវិទ្យា​ទំនើប​អភិវឌ្ឍន៍​ចុងក្រោយ​បង្អស់​ NASA ​ចង់​បញ្ចូន​អវកាស​យានិក​ដល់​ទៅ ៤ រូប​ (អាច​មាន​ប្រុស​និង​ស្រី)​ ដោយ​ ២ូប​ផ្សេង​ត្រូវ​ចំណាយ​ពេល​មួយ​សប្ដាហ៍​នៅ​លើ​ព្រះចន្ទ ​មុន​នឹង​ត្រឡប់​មក​ផែន​ដី​វិញ ដោយ​ប្រើប្រាស់​រួម​គ្នា​នឹង​ប្រព័ន្ធ​រុក្កែតSpace Launch System ​របស់ NASA។

ប្រធាន ណាសា ស្រមៃ​ចង់​ឃើញក្រុមហ៊ុន​ឯកជន បង្កើតស្ថានីយ៍​អវកាស​ជាច្រើននៅ​ក្នុង​គន្លងតារាវិថីដូច​ស្ថានីយ៍​អវកាស​អន្តរជាតិ​សព្វថ្ងៃនេះ។ រីឯ​ប្រធាន ​ក្រុមហ៊ុន​អវកាស SpaceX លោក Elon Musk មាន​គម្រោង​ចង់​សង់​យានដ៏ធំ ​Starship​ ដើម្បី​ដឹកមនុស្ស​ទៅ​ធ្វើដំណើរ​ជុំវិញ ព្រះចន្ទ ឬ​ទៅដល់​ភពអង្គារថែម​ទៀត​។​

យាន SpaceX Starship human lander /រូបថត៖ SpaceX

​បច្ចុប្បន្ន​​ក្រុមហ៊ុន​អវកាស​ឯកជន​ចំនួន ៣ ​លេច​ធ្លោ​ជាង​គេ​មាន​ដូច​ជា៖ SpaceX , Blue Origin ​របស់​លោក Jeff Bezos ​និង​ defence contractor Dynetics Inc ​ប៉ុន្តែ​ SpaceX ​ជា​អ្នក​ដេញ​ថ្លៃ​ឈ្នះ​ត្រូវ​បាន NASA រើស​យក​ជា​ផ្លូវការ​តែម្ដង។​​

​ជម្រាប​ជូន​ផង​ដែរ​ថា ​SpaceX ​បានក្លាយ​​ជា​ក្រុមហ៊ុន​អវកាស​ដំបូង​គេ​ដែល​បញ្ជូន​យានផ្ទុក​អវកាស​យានិក​អាមេរិច​​ ទៅ​​ស្ថានីយ៍​អវកាស​អន្តរជាតិ​បាន​ដោយជោគជ័យ​កាល​ពី​ខែ​ឧសភា​ឆ្នាំ ២០២០​ កន្លង​ទៅ​៕​

ប្រភព៖ engadget ប្រែ​សម្រួល៖ រក្សា

មតិយោបល់