• 2021-04-07 09:00:21
  • ព័ត៌មាន

ស្មាតហ្វូនពិសេសៗដែលខ្វះការគាំទ្រពីពិភពលោករបស់ LG មុនថយចេញពីអាជីវកម្មស្មាតហ្វូន

  • 2021-04-07 09:00:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មកដល់ថ្ងៃនេះ អាជីវកម្មស្មាតហ្វូនរបស់ LG បានដើរដល់ផ្លូវទាល់ និងប្រកាសថយចេញពីការប្រកួតប្រជែងលើពិភពបច្ចេកវិទ្យាស្មាតហ្វូនជាផ្លូវការ។

ត្បិតថា LG ចាកចេញក៏ពិតមែន ប៉ុន្ដែកាលពីកន្លងមកក្រុមហ៊ុនបច្ចេកវិទ្យាកូរ៉េខាងត្បូងមួយនេះ ក៏មានផលិតផលគួរឱ្យស្ងើចសរសើរ និងទទួលបានការគោរពផងដែរ ខណៈពិភពលោកមិនបានសាទរពួកគេ និងទុកឱ្យផលិតខាងក្រោមនេះនៅរងាខ្វះការគាំទ្រ។ ផលិតផលទាំងនោះរួមមាន៖

LG KE850 Prada ស្មាតហ្វូន touch screen ដំបូង ដែលប្រកាសចេញនៅ ខែធ្នូ ឆ្នាំ២០០៦ ប៉ុន្ដែត្រូវបានពិភពលោកមើលរំលេង ដោយទៅចាប់អារម្មណ៍ iPhone ដំបូងបំផុតរបស់ Apple ដែលប្រកាសចេញនៅ ខែមករា ឆ្នាំ២០០៧ ដោយរំលងពេលតែ១ខែប៉ុណ្ណោះ។

LG KU990 Viewty ជាស្មាតហ្វូនដំបូងគេដែលអាចថតវីដេអូ slo-motion ក្នុងកម្រិត 320p ក្នុងល្បឿន 120fps ដែលមានចលនាយឺតជាងល្បឿនធម្មតា៤ដង។ វាត្រូវបានប្រកាសចេញនៅ ពាក់កណ្តាលឆ្នាំ២០០៧។

LG Optimus 2X ជាស្មាតហ្វូនដំបូងដែលអាចថតវីដេអូដល់កម្រិត Full HD 1080P។ វាត្រូវបានប្រកាសចេញនៅឆ្នាំ២០១១។

លើសពីនេះ LG Optimus 2X ក៏ជាស្មាតហ្វូនដំបូងបំផុតដែលមានបំពាក់ dual-core processor និងត្រូវបានកត់ចូលទៅក្នុង សៀវភៅឯតទគ្គកម្មពិភពលោកហ្គីនណេស ថែមទៀតផង។

LG Optimus 3D ជាស្មាតហ្វូនដំបូងដែលមានលែនកាមេរ៉ាក្រោយចំនួនពីរគ្រាប់ ដោយប្រកាសចេញនៅឆ្នាំ២០១១។ វាមិនទទួលបានការគាំទ្រពីអ្នកប្រើនោះទេ ក្រោយមក LG ក៏សម្រេចផលិតលែនកាមេរ៉ាត្រឹមតែមួយជំនួសវិញ។

LG BL40 New Chocolate ជាស្មាតហ្វូនដំបូងដែលមានកម្រិតអេក្រង់ ultra-wide ដោយមានកម្រិត aspect ratio 21:9 ខណៈពិភពស្មាតហ្វូនទើបតែស្ថិតក្នុង ឆ្នាំ២០០៩ ហើយវាក៏ត្រូវបានក្រុមហ៊ុនដទៃសើចចំអកផងដែរនៅពេលនោះ ក្រោយមកនាពេលបច្ចុប្បន្ន វាក៏ក្លាយជារឿងទូទៅចំពោះស្មាតហ្វូនមានអេក្រង់វែងបែបនេះ។

Nexus 4 ជាស្មាតហ្វូន Android ដំបូងដែលមានមុខងារទ្រទ្រង់សាកថ្មដោយមិនប្រើខ្សែ Qi wireless charging។

សរុបទៅ LG មិនដែលបញ្ឈប់បង្កើតអ្វីដែលថ្មីនោះទេសម្រាប់អ្នកប្រើប្រាស់ ប៉ុន្ដែគ្រាន់តែការបង្កើតថ្មីអាចនឹងមិនចំកាលៈទេសៈ ទើបធ្វើឱ្យអ្នកខ្វះការគាំទ្រពីប្រិយមិត្ត ម៉្លោះហើយក៏ជាហេតុធ្វើឱ្យ LG ឈានដល់បិទអាជីវកម្មស្មាតហ្វូននៅថ្ងៃនេះ។

ប៉ុន្ដែទោះជាយ៉ាងណាក៏ដោយ ទោះមិននៅក្នុងអាជីវកម្មស្មាតហ្វូនបន្ត ប៉ុន្ដែពួកគេនៅតែក្ដាប់អាជីវកម្មជាច្រើនទៀតក្នុងដៃដូចជា វិស័យគ្រឿងបន្លាស់រថយន្តអគ្គិសនី, ឧបករណ៍IoT (ឧបករណ៍វៃឆ្លាតដោយប្រើអ៊ីនធឺណិត), ឧបករណ៍ទំនើបសម្រាប់ផ្ទះវៃឆ្លាត, មនុស្សយន្ត, បច្ចេកវិទ្យា AI និងបណ្ដាញទំនាក់ទំនង 6G ផងដែរ ដូចនេះសង្ឃឹមថា LG នៅតែបន្តមានអ្វីថ្មី និងមុនគេ សម្រាប់បម្រើដល់តម្រូវការរបស់មនុស្សប្រចាំថ្ងៃ៕

ប្រភព៖ GSMarena ប្រែ​សម្រួល៖ កុសល

មតិយោបល់