- 2021-04-05 05:07:04
- ព័ត៌មាន
គេហទំព័រថ្មី របស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ នឹងដាក់ដំណើរឆាប់ៗនេះ
- 2021-04-05 05:07:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គេហទំព័រថ្មី របស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ នឹងដាក់ដំណើរឆាប់ៗនេះ
ចន្លោះមិនឃើញ
បន្ទាប់ពីត្រូវបានអភិវឌ្ឍរួមគ្នា និងកែលម្អឲ្យកាន់តែប្រសើរឡើង ក្រោមក្របខណ្ឌ ជំនួយអភិវឌ្ឍជាផ្លូវការផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ របស់សាធារណរដ្ឋកូរ៉េជាមិត្ត ដែលបានផ្តល់តាមរយៈក្រសួងការងារ និងមុខរបរកូរ៉េ និងភ្នាក់ងារផ្តល់សេវាប្រព័ន្ធព័ត៌មានការងារកូរ៉េ (ខេ អ៊ី អាយ អេស)។ គេហទំព័រនៃ «ប្រព័ន្ធសេវាការងារ និងព័ត៌មានទីផ្សារការងារនៅកម្ពុជាតាមអ៊ីនធើរណិត» ដែលមានឈ្មោះថា www.nea.gov.kh របស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងរៀបចំបើកឲ្យដំណើរការនៅវេលាព្រឹកថ្ងៃព្រហស្បតិ៍ ទី៨ ខែមេសា ឆ្នាំ២០២១ខាងមុខនេះ។
ប្រព័ន្ធសេវាការងារ និងព័ត៌មានទីផ្សារការងារតាមអ៊ីនធើរណិតដែលនឹងត្រូវដាក់ឲ្យដំណើរនេះ គឺជាសមិទ្ធផលថ្មីមួយទៀតក្នុងវិស័យការងារកម្ពុជា ដែលនឹងផ្តល់ ដល់អ្នកប្រើប្រាស់ ភាគីពាក់ព័ន្ធ ទាំងអស់ និងសាធារណជននូវគេហទំព័រការងារជំនាន់ថ្មី សម្រាប់ដាក់ពាក្យស្វែងរកការងារ, ប្រកាសជ្រើសរើសកម្លាំងពលកម្ម, ធ្វើសម្ភាសការងារតាមអនឡាញ, ប្រឹក្សាយោបល់អាជីព, និងស្វែងរកព័ត៌មានពាក់ព័ន្ធស្ថិតិទីផ្សារការងារជាច្រើនទៀត កាន់តែងាយស្រួល ឆាប់រហ័ស ចំណេញពេលវេលា បំប្រួមគម្លាត បំបែករបាំងខកខានការងារ ព្រមទាំងអាចប្រើប្រាស់សេវានេះពីគ្រប់ទីកន្លែងក្នុងព្រះរាជាណាចក្រកម្ពុជា។
ប្រព័ន្ធផ្តល់សេវាការងារនេះនឹងដើរតួជាអន្តរការីដ៏សំខាន់បំផុតដែលជាស្ពានផ្សារភ្ជាប់រវាងឱកាសការងារ និងកម្លាំងពលកម្ម ដែលមានសក្តានុពល ដោយប្រើប្រាស់បច្ចេកវិទ្យាអ៊ីនធើរណិត និងឌីជីថលទំនើប ស្របតាមបរិការណ៍នៃការវិវត្តរីកចម្រើនផ្នែកបច្ចេកវិទ្យាព័ត៌មានវិទ្យា។
សមិទ្ធផលនៃប្រព័ន្ធសេវាការងារ និងព័ត៌មានទីផ្សារការងារតាមអ៊ីនធើរណិតនេះនឹងជួយពង្រឹងមុខងារនិងដំណើរ ការផ្តល់សេវាការងារដែលមានស្រាប់របស់ NEA ឲ្យកាន់តែឆ្លើយតបបានល្អ ប្រសើរ ទាន់ពេលវេលា និង បំពេញ តាមតម្រូវការរបស់អ្នកប្រើប្រាស់សេវាកាន់តែពេញចិត្ត សំដៅជំរុញឲ្យទទួលបានជោគជ័យកាន់តែខ្ពស់ក្នុងការ ដាក់ពាក្យស្វែងរកការងារ ផ្គូផ្គងការងារ និងជ្រើសរើសកម្លាំងពលកម្ម។ NEA មានក្តីរំពឹង យ៉ាងមុតមាំថា ៖
អ្នកស្វែងរកការងារ អាចចូលមើល ស្វែងរក និងទទួលបានព័ត៌មានជ្រើសរើសកម្លាំងពលកម្ម និងឱកាសកម្មសិក្សាការងារ ស្របតាមតម្រូវការនិងជំនាញរបស់ខ្លួន ព្រមទាំងអាចទទួលការប្រឹក្សាយោបល់អាជីព និងការងារ តាមប្រព័ន្ធអនឡាញ ក៏ដូចជាការត្រៀមខ្លួនចូលទីផ្សារការងារផងដែរ ។
និយោជក អាចផ្សព្វផ្សាយព័ត៌មានពីតម្រូវការកម្លាំងពលកម្មកាន់តែទូលំទូលាយ ដើម្បីជ្រើសរើសបេក្ខជនដែលស្របតាមតម្រូវការ និងលក្ខខណ្ឌការងារដោយអាចសម្ភាសជ្រើសរើសតាមអនឡាញ និងចូលរួមក្នុងព្រឹត្តិការណ៍ការងារជាច្រើនទៀត។
អ្នកផ្តល់ការអប់រំបណ្តុះបណ្តាល អាចទទួលបានព័ត៌មាន ទីផ្សារការងារដើម្បីរៀបចំកម្មវិធីសិក្សា និងផែន ការ បណ្តុះបណ្តាលជំនាញឱ្យស្របតាមតម្រូវការរបស់ទីផ្សារការងារ ព្រមទាំងអាចផ្សព្វផ្សាយព័ត៌មានអំពីវគ្គបណ្តុះបណ្តាលរបស់គ្រឹះស្ថាន និងកម្មវិធីអាហារូបករណ៍ផងដែរ។
លើសពីនេះ អ្នកប្រើប្រាស់សេវា និងសាធារណជនទាំងអស់ក៏អាចប្រើប្រាស់ប្រព័ន្ធសេវាការងារថ្មីនេះ ដើម្បីចូលរួមពិព័រណ៍ការងារថ្នាក់ជាតិ ថ្នាក់មូលដ្ឋាន និងវេទិកាការងារ ការប្រឹក្សាយោបល់អាជីព និងការងារ សំដៅ ពង្រីក វិសាលភាពនៃតម្រូវការតាមលក្ខខណ្ឌរបស់ខ្លួន និងទាញយកអត្ថប្រយោជន៍ជាអតិបរមាពីការផ្តល់ សេវាតាម បច្ចេកវិទ្យាជំនាន់ថ្មី។
ទន្ទឹមនេះដែរ NEA សូមធ្វើការជម្រាបជូនសាធារណជនទាំងអស់ឲ្យបានជ្រាបផងដែរថា ចំពោះគេហទំព័រចាស់ ដែលមានឈ្មោះ www.nea.gov.kh ត្រូវបានផ្អាកដំណើរការជាបណ្តោះអាសន្នមួយរយៈសិន ចាប់ពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ ។ មូលហេតុនៃការផ្អាកជាបណ្តោះអាសន្ននេះ ក្នុងគោលបំណងដើម្បីធ្វើការផ្លាស់ប្តូរ និងធ្វើបច្ចុប្បន្នកម្មប្រព័ន្ធទាំងមូលនៃគេហទំព័រនេះឲ្យទៅជាទម្រង់ថ្មីមួយ ដែលរៀបចំផ្តល់ជូនបន្ថែមនូវមុខងារជាច្រើនទៀតដែលមានអត្ថប្រយោជន៍ និងមានភាពងាយស្រួលក្នុងការប្រើប្រាស់របស់ភាគីអ្នកស្វែងរកការងារធ្វើ សិស្ស/និស្សិត និយោជក និងអ្នកផ្តល់ការអប់រំបណ្តុះបណ្តាល៕