• 2021-03-23 09:28:55
  • ព័ត៌មាន

LG ដើរដល់ផ្លូវទាល់ត្រៀមនឹងដក​ថយ​ពីវិស័យស្មាតហ្វូន ទោះ​បី​ធ្លាប់ជាក្រុមហ៊ុនធំជាងគេទីបី

  • 2021-03-23 09:28:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

LG កំពុងឈានដល់ដំណាក់កាលបិទអាជីវកម្មផ្នែកស្មាតហ្វូនរបស់​ខ្លួន​ទាំងមូល​តែម្ដង​ បន្ទាប់​ពី​បរាជ័យ​​មួយ​លើក​ជា​​ពីរ​លើក​​​ក្នុង​ការ​ស្វែងរក​ម្ចាស់​ថ្មី​មក​ជួយស្រង់​អាជីវកម្ម​មិន​បាន​សោះ។

ក្រុមហ៊ុនបច្ចេកវិទ្យា​កូរ៉េត្បូងមួយនេះ បានពិភាក្សាជាមួយក្រុមហ៊ុន Vingroup របស់វៀតណាម និងក្រុមហ៊ុនផលិតរថយន្ត Volkswagen អំពីការទិញអាជីវកម្មស្មាតហ្វូនរបស់ខ្លួនប៉ុន្តែគួរឱ្យស្ដាយការចរចាមិនបានឈានដល់កិច្ចព្រមព្រៀងអី្វមួយនោះទេ។ នេះ​យោងទៅតាមសារព័ត៌មានក្នុង​ស្រុក​កូរ៉េខាងត្បូង​ចេញ​ផ្សាយ​កាលពីពេល​ថ្មីៗ​។

LG ធ្លាប់ជាក្រុមហ៊ុនផលិតស្មាតហ្វូនធំបំផុត​លំដាប់ទី ៣ នៅលើពិភពលោកនិងជាដៃគូប្រកួតប្រជែងជាមួយក្រុមហ៊ុន Apple ថែមទៀតផង។ អាជីវកម្មស្មាតហ្វូនរបស់ក្រុមហ៊ុនបច្ចេកវិទ្យា​ល្បី​ល្បាញ​ខាង​ផលិត​អេក្រង់​ល្អ​បំផុត​មួយ​នេះ ត្រូវបានគេមើលឃើញថា មានការធ្លាក់ចុះការនាំចេញ និងថែម​ទាំង​ខាតបង់ទឹកប្រាក់​អស់​ចំនួន ៤,៥ ពាន់លានដុល្លារក្នុងរយៈពេល ៥ឆ្នាំ កន្លងមក​ដែលនេះ​ជាហានិភ័យធំតម្រូវឱ្យមានការការវាយតម្លៃជាបន្ទាន់។

ស្មាតហ្វូន​ចុងក្រោយ​បង្អស់​របស់ LG ម៉ូឌែល LG Wing

ក្រុមហ៊ុន LG ក៏​ត្រូវបានគេរំពឹងថានឹងផ្សព្វផ្សាយសេចក្តីសម្រេចចិត្តចុងក្រោយអំពីអនាគត​នៃ​អាជីវកម្មស្មាតហ្វូនរបស់ខ្លួននៅខែក្រោយ បន្ទាប់ពីប្រជុំសម្រេចពីក្រុមប្រឹក្សាភិបាល ថាតើ​គួរបន្ដឬបិទ។

ទោះ​ជា​មាន​ព្យុះ​ភ្លៀង​បែប​នេះ​ក៏​ដោយ អ្នកនៅក្នុងឧស្សាហកម្មនេះក៏​បានរាយការណ៍បន្ថែម​ពី​សុទិដ្ឋិនិយម​របស់​ខ្លួន​ថា ជំនួសឱ្យការផលិត​ស្មាតហ្វូន​និង​លក់ផ្ទាល់​ LG ទំនងជានឹងបិទអាជីវកម្មស្មាតហ្វូនរបស់ខ្លួនពិត​មែន​ ប៉ុន្ដែពួកគេនៅតែដំណើរការ​អាជីវកម្មផ្សេងៗ​ទៀតដែលកំពុង​មានក្នុងដៃ​និង​កំពុង​តែ​ទទួល​បាន​ទំនុក​ចិត្ត​យ៉ាង​ពេញ​ទំហឹង​ពី​អតិថិជន​ដូចជា ផ្នែកផលិតគ្រឿងបន្លាស់រថយន្ត និងសម្ភារៈប្រើប្រាស់ក្នុងផ្ទះ ជាដើម៕

ប្រភព៖ macrumors ប្រែ​សម្រួល៖ កុសល

មតិយោបល់