• 2021-03-19 05:58:48
  • ព័ត៌មាន

Mark បើកចិត្តទទួលយកមុខងារថ្មីធ្លាប់តែ​ប្រឆាំងមិនឈប់ជាមួយ Apple

  • 2021-03-19 05:58:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់ពីមុខងារថ្មីគឺ App Tracking Transparency ត្រៀមបញ្ចេញលើ iOS 14.5 ធ្វើឱ្យនាយកប្រតិបត្តិ​ក្រុមហ៊ុន​ហ្វេសប៊ុកមិនពេញចិត្តព្រម​ទាំង​រិះគន់ទៅ​លើ Apple ថែម​ទៀត​ផង ថាជាទង្វើជ្រៀតជ្រែក ឬមាន​បំណងចង់​​វាយប្រហារលើអាជីវកម្មរបស់ខ្លួន។

រឿងរ៉ាវ​នេះ​បាន​ឈាន​រហូតដល់​ភាគី​ខាង​ហ្វេសប៊ុក​ចាយលុយធ្វើយុទ្ធនាការផ្សាយពាណិជ្ជកម្មប្រឆាំងនឹងមុខងារខាងលើ ហើយ​ក៏​មាន​គម្រោង​ត្រៀម​រៀបចំពាក្យបណ្ដឹងទៅ​អាជ្ញាធរអាមេរិក​ទៀត​ផង។

យ៉ាងណា​មិញ​ពេលនេះ Facebook បានបើកភ្លើងខៀវយល់ស្របជាមួយ Apple ក្នុងករណីនេះវិញហើយ។ នេះបើយោងទៅលើ​កិច្ចប្រជុំក្នុង​កម្មវិធីមួយ​ឈ្មោះ​ថា​ Clubhouse របស់លោក Mark Zuckerberg កាលពីល្ងាចថ្ងៃទី១៨ ខែមីនា។

នៅក្នុងកិច្ចប្រជុំនោះនាយកប្រតិបត្តិ Facebook បានបញ្ជាក់ថា វាអាចទៅរួច Facebook នៅតែស្ថិតក្នុងជំហរកាន់តែរឹងមាំ ប្រសិនណា​បើការផ្លាស់ប្ដូររបស់ Apple ជម្រុញឱ្យអាជីវកម្មនានាកាន់តែពិបាកក្នុងការប្រើប្រាស់ទិន្នន័យ ដើម្បីស្វែងរកអតិថិជនមក​ដាក់​ផ្សាយពាណិជ្ជកម្មជាមួយពួកគេ[Apple] នៅ​ថ្ងៃ​អនាគត​។

ដោយ​យោងតាមកិច្ចប្រជុំតាម​ប្រព័ន្ធឌីជីថលខាងលើអាចនិយាយ​បាន​ថា នេះ​គឺ​ជាសេចក្ដីថ្លែងការណ៍ដំបូងរបស់ Facebook ដែល​មានភាពវិជ្ជមានទៅ​លើ Apple ចំពោះមុខងារថ្មី App Tracking Transparency ។

រំឮក​ផង​ដែរ​ថា​មុខងារថ្មី App Tracking Transparency គឺ​ជា​មុខងារ​ដែល​នឹងបើកសិទ្ធដល់អ្នកប្រើប្រាស់ថាគួរអនុញ្ញាតឱ្យកម្មវិធីណាមួយតាមដានទិន្នន័យប្រើប្រាស់របស់ពួកគេប្រចាំថ្ងៃ ឬក៏អត់៕

អត្ថបទបន្ថែម៖ -តាមទាន់ទើបដឹង! រឿងហេតុតឹងសរសៃកដាក់គ្នារាប់ឆ្នាំរបស់កំពូល CEO Apple និង Facebook

ប្រភព៖ macrumors ប្រែ​សម្រួល៖ កុសល

មតិយោបល់