• 2021-03-15 01:00:00
  • ព័ត៌មាន

Netflix ប្រើ​ធម៌ក្ដៅ ចំពោះអ្នកចូលចិត្តចែកលេខកូដគ្នាទៅវិញទៅមកមើលរឿង

  • 2021-03-15 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Netflix នឹងចាប់ផ្ដើមប្រតិបត្តិការ​បង្ក្រាបទៅ​លើ​អ្នក​ប្រើប្រាស់​ទាំង​ឡាយ​ណា​ដែល​ចែករំលែកលេខ​សម្ងាត់​ឲ្យ​​គ្នា​ទៅវិញទៅមក ដើម្បីចូល​ទស្សនាវីដេអូផ្សេងៗលើ​សេវាកម្មពួកគេ និងជាពិសេសមនុស្ស​ទីពីរ​ដែល​​មិនមែនជាម្ចាស់គណនី។ នេះបើយោងទៅតាមសារព័ត៌មាន The Streamable។

អតិថិជនរបស់ក្រុមហ៊ុន Netflix មួយចំនួនដែលបានយកគណនីអ្នកដទៃទៅប្រើប្រាស់នឹងទទួលបានសារពី Netflix ដើម្បីបញ្ជាក់ពីគណនីថា ពិតជារបស់អ្នកប្រើឬក៏អត់ ដោយបញ្ជាក់តាមរយៈអ៊ីមែល ឬលេខកូដជាដើម ហើយបើមិនដូចច្នោះទេ ពួកគេនឹងតម្រូវឱ្យអ្នកបង្កើតគណនីដាច់ដោយឡែក ពីគណនីដែលអ្នកបានយកទៅប្រើប្រាស់នោះភ្លាម។ មានន័យ​ថា មនុស្ស​ទីពីរដាច់ខាត​ត្រូវ​តែ​មាន​គណនី​ផ្ទាល់ខ្លួនជាកំហិត។

Netflix បានប្រាប់ The Streamable បន្ថែមថា នេះគ្រាន់តែជាការសាកល្បងតែប៉ុណ្ណោះ ដើម្បីបញ្ជាក់ថាអ្នកប្រើគណនី Netflix គឺជាម្ចាស់កម្មសិទ្ធិ និងប្រើប្រាស់ដោយមានការបញ្ជាក់ត្រឹមត្រូវ។ ចំណែកឯរូបមន្តណាមួយនោះទេ ដើម្បីតាមដាន មិនទាន់មានការបញ្ជាក់នៅឡើយ តែភាគរយខ្ពស់​អាច​នឹង​តាមដានតាមរយៈ IP Address។ ដូចនេះអ្នកដែលយកគណីអ្នកដទៃទៅប្រើអាចប្រឈមមុខនឹងមានបញ្ហា ឬទស្សនាមាតិកាផ្សេងៗលែងកើតលើ Netflix។

គួរដឹងថា កាលពីឆ្នាំ២០២០ កន្លងមក ប្រធានផ្នែកផលិតផលរបស់ Netflix លោក Greg Peters បានប្រាប់កាសែត The Wall Street Journal ថា Netflix បានឃ្លាំមើលការចែកលេខសំងាត់ពីអ្នកប្រើប្រាស់ ប៉ុន្តែនៅពេលនោះមិនទាន់មានចំណាត់ការអ្វីនៅឡើយទេ៕

ប្រភព៖ macrumors ប្រែ​សម្រួល៖ កុសល

មតិយោបល់