• 2021-03-15 06:09:31
  • ព័ត៌មាន

អតីត​សិស្ស IT ឡី កំថូង​ ឃើញ​ឱកាស​មាស​​​ហើយ​ប្រឹងប្រែង​រហូត​ចាប់បាន​ក្តីស្រមៃលើ​វិស័យ​បច្ចេកវិទ្យា

  • 2021-03-15 06:09:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឡី កំថូង ជា​ឈ្មោះ​ស្ថាបនិក PAPA Deliver ដែលជាបច្ចេកវិទ្យាមួយនៅលើកម្មវិធីទូរសព្ទដៃទំនើប សម្រាប់ផ្តល់ភាពងាយស្រួលក្នុងការស្វែងរកសេវាកម្មដឹកជញ្ជូននៅក្នុងប្រទេសកម្ពុជា។ មុន​នឹង​ឈាន​ដល់​ចំណុច​នេះ យុវជន​មាន​​ស្រុក​កំណើត​មក​ពី​ខេត្ត​អ្នក​បន្ទាយមានជ័យ​ បាន​ដាក់ចិត្ត​និង​ប្រឹងប្រែង​ជា​ខ្លាំង​លើ​វិស័យ​បច្ចេកវិទ្យា។

កំថូងនៅពេលធ្វើបទបង្ហាញពីកម្មវិធី PAPA Deliver

ត្រឡប់​ទៅ​កាល​ប៉ុន្មាន​ឆ្នាំ​មុន ដោយ​មាន​ចិត្ត​ស្រលាញ់​ជំនាញ​សរសេរ​កម្មវិធី កំថូង បាន​ជ្រើស​យក​សាកលវិទ្យាល័យ​ន័រតុន ហើយ​ផ្តោត​ចិត្ត​ខ្លាំង​លើ​ ​រៀន​ជំនាញ​អភិវឌ្ឍន៍​កម្មវិធី ឬ Software Development? កំថូង ប្រាប់​ថា កត្តា​ដែល​ធ្វើ​ឱ្យគេ​ជ្រើសរើស​ផ្នែក​ Software Development ​ព្រោះ​មើល​ឃើញ​ការ​រីក​ចម្រើន​នៃ​បច្ចេកវិទ្យា។​ ម្យ៉ាង​វិញ​ទៀត គេក៏​មានគោល​​បំណង​ចង់​ក្លាយ​ខ្លួន​ជា ​អ្នកបង្កើត​ប្រព័ន្ធ​គ្រប់គ្រង​ទិន្នន័យ​ គេហទំព័រ​ និង​កម្មវិធី​ទូរសព្ទ​ដៃជា​ដើម​។

ក្នុងពេល​សិក្សា កំថូង ធ្លាប់ទទួល​បាន​ពានរង្វាន់​លេខ​ ៣ ក្នុង​ការ​ប្រកួត​ប្រជែង​ផ្នែក​ព័ត៌មានវិទ្យា​លើក​ទី ១២ ​ក្នុង​សកលវិទ្យាល័យ​ន័រតុន​ ​និង​មេដាយ​ប្រាក់ ​ពី​ប្រទេស​ម៉ាឡេស៊ី​ក្នុង​ការ​ប្រកួត​ប្រជែង​អន្តរជាតិ​ ​ i-ENVEX ។ រូប​គេ​ក៏ជាអតីតសិស្សរបស់ថ្នាក់​បណ្តុះបណ្តាលបច្ចេកវិទ្យាអាន-ANT(ANT Technology Training Center)តាំងពីឆ្នាំ ២០១៣ មកម្លេះ។

ដោយសារ​ការ​ខិតខំប្រឹងប្រែង កំថូង ក៏​បាន​ជាប់​ទៅ​បន្ត​ការ​សិក្សា​ជំនាញអភិវឌ្ឍន៍កម្មវិធីទូរសព្ទដៃ PG Diploma Mobile Computing នៅ​មជ្ឍមណ្ឌល​បណ្តុះបណ្តាល​បច្ចេកវិទ្យា​ជាន់ខ្ពស់ Centre for Development of Advanced Computing (C-DAC) នៅ​ទីក្រុង Pune ប្រទេស​ឥណ្ឌា និង​​ជាប់បាន​ទៅ​​​ធ្វើការ​​​​ផ្នែក​ស្រាវជ្រាវ​បច្ចេកវិទ្យា​ក្នុង​វិទ្យាស្ថាន​ជាតិ​ NICT ​ប្រទេស​ជប៉ុន​ កាល​ពី​ឆ្នាំ ២០១៧ ។

រូបភាពនៅថ្ងៃទទួលបានពាន់រង្វាន់ពីកម្មវិធី i2CreaTE នៅប្រទេសម៉ាឡេស៊ី
រូបភាពនៅថ្ងៃទទួលបានពាន់រង្វាន់ពីកម្មវិធី ITE នៅប្រទេសអង់គ្លេស

​ពេល​សួរ​ថា តើ​ កំថូង យល់​យ៉ាងណា​ដែរ ក្រោយ​បាន​ធ្វើ​ការ​នៅ​​ជប៉ុន?

​អតីត​សិស្ស​វិទ្យាល័យ មង្គលបូរី​ លើក​ឡើង​ថា៖ "ខ្ញុំ​ពិត​ជា​សប្បាយ​ចិត្ត​ខ្លាំង​ណាស់ ដែល​បាន​មក​ធ្វើការ និង​យក​បទ​ពិសោធន៍​​នៅ​ជប៉ុន ប៉ុន្តែ​មិន​ទាន់​គ្រប់គ្រាន់​​​ទេ​សម្រាប់​ខ្ញុំ។ ពេល​ខ្ញុំ​នៅ​ក្នុង​ប្រទេស​អភិវឌ្ឍន៍​មួយនេះទើប​ដឹង​ថា ​ខ្ញុំ​នៅ​មាន​ចំណុច​ខ្វះខាត​​ច្រើន ដែល​តម្រូវ​ឲ្យ​ខ្ញុំ​​ស្វែងយល់ និង​រៀនសូត្រ​បន្ថែមទៀត"។

មូលហេតុ​ដែល​បាន​ធ្វើ​ការ​នៅ​ជប៉ុន

កំថូង ​ប្រាប់​ថា បន្ទាប់ពី​បានឃើញ​មានការ​ជ្រើសរើស​បេក្ខជន​ ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ជប៉ុន​ ទើប​គេ​បាន​ចាប់ផ្តើម​សិក្សា​សមត្ថភាព​ខ្លួន​ឯង និង​សម្រេច​ចិត្ត​ចូលរួម​​ប្រកួតប្រជែង​ដើម្បី​មាន​សិទ្ធិ​ទៅ​ធ្វើការ​នៅ​ប្រទេស​ខ្លាំង​ផ្នែក​បច្ចេកវិទ្យា​នេះ។

យុវជន​រូប​នេះប្រាប់​ថា មុនបានទៅ​ធ្វើការ គេ​ទាមទារ​​​ចំណេះ​ផ្នែក​ Programming, ​ត្រូវ​បញ្ចប់​ការ​សិក្សា​ផ្នែក​ព័ត៌មានវិទ្យា​(Computer Science), ត្រូវ​ឆ្លងកាត់​ការ​​សម្ភាសន៍​ផ្ទាល់ ហើយ​ចាំបាច់​ត្រូវ​​ចេះភាសា​អង់គ្លេស​ ឬ​ភាសា​ជប៉ុន​។

នៅ​ប្រទេស​ជប៉ុន លោក​បាន​រៀន​ពី​បច្ចេកវិទ្យា​ថ្មី​ៗ​ ដែល​ពិភពលោក​កំពុង​ត្រូវ​ការ​។ លើស​ពី​នេះ​ ក៏​បាន​យល់​ដឹង​អំពី​បែប​បទ​នៃ​ការ​ងារ​ ទំនៀមទម្លាប់​ ​ប្រពៃណី​ និង​បាន​រាប់​អាន​ស្គាល់​មិត្តភ័ក្ដិ​ច្រើន​ ដែល​សុទ្ធសឹងតែ​​​ជា​អ្នក​ស្រាវជ្រាវ​បច្ចេកវិទ្យា ដូចជា មក​ពី​វៀតណាម មីយ៉ាន់ម៉ា ចិន និង​អឺរ៉ុប​ជាដើម។

ទាក់ទង​បទពិសោធន៍​ឆ្លងកាត់ទាំង​ជីវិត​ការងារ និងការ​សិក្សា ឡី កំថូង ប្រាប់​ថា ការ​ចង់​សម្រេច​អ្វី​មួយ មិន​មែន​ធ្វើ​​​មួយ​ថ្ងៃ​ ឬពីរ​ថ្ងៃ​នោះ​ទេ ​​ពោល​គឺ​ត្រូវព្យាយាមតស៊ូ​ ទើប​រឿង​ល្អៗ​អាច​កើត​ឡើង​និង​សម្រេច​ជោគជ័យ។

"ក្នុង​ន័យនេះ​ខ្ញុំ​ចង់​បញ្ជាក់​ថា ការ​រៀន​មិន​ពូកែ​នៅ​វិទ្យាល័យ មិន​ប្រាកដ​ថា យើង​ខ្សោយនៅ​មហាវិទ្យាល័យ​នោះ​ទេ អ្វី​ដែល​សំខាន់​យើង​ត្រូវ​មាន​គោលដៅ​ច្បាស់​លាស់ និង​ការ​ខិតខំ​ប្រឹងប្រែង"។

រូបភាពនៅពេលស្រាវជ្រាវ​បច្ចេកវិទ្យា​ក្នុង​វិទ្យាស្ថាន​ជាតិ​ NICT ​ប្រទេស​ជប៉ុន

បទពិសោធន៍ការងារ

កំថូង បានចាប់ផ្តើមអាជីពការងារជាអ្នកអភិវឌ្ឍន៍កម្មវិធី (Software Developer) តាំងពីឆ្នាំ២០១៤ នៅក្នុងប្រទេសកម្ពុជា។ ឆ្នាំ២០១៧ គាត់បាន​ទៅ​​​ធ្វើការ​​​​ផ្នែក​ស្រាវជ្រាវ​បច្ចេកវិទ្យា​ ក្នុង​វិទ្យាស្ថាន​ជាតិ​ NICT ​ប្រទេស​ជប៉ុន​ ​អស់រយៈពេលមួយ​ឆ្នាំ​​។ មកដល់ប្រទេសកម្ពុជាវិញមិនយូរប៉ុន្មាន កំថូងបានទទួលមេដាយមាសពីកម្មវិធី i2CreaTE 2019 នៅប្រទេសម៉ាឡេស៊ី និងបន្តទទួលបានពាន់រង្វាន់ពីកម្មវិធី ITE 2019 នៅប្រទេសអង់គ្លេសថែមទៀត។ ការងារចុងក្រោយរបស់គេគឺជាប្រធានគ្រប់គ្រងគម្រោង (Project Manager) នៅក្រុមហ៊ុន Cellcard យ៉ាងណាមិញ យុវជនខេត្តបន្ទាយមានជ័យរូបនេះ បានសម្រេចចិត្តបោះបង់ប្រាក់ខែដែលទទួលបានក្បែរ ២ពាន់ដុល្លារដើម្បីមកសម្រេចក្តីស្រមៃរបស់ខ្លួនក្នុងការចាប់ផ្តើមអាជីវកម្មមួយនៅលើវិស័យបច្ចេកវិទ្យា។ ពេលនេះ កំថូង ក្លាយ​ជាសាស្ត្រាចារ្យ​​នៅ​​ក្នុង​សាកលវិទ្យាល័យ​ពុទ្ធិសាស្រ្ត​ ។

គោលដៅនៅថ្ងៃអនាគត

កំថូង បាន​ប្រាប់​គោលបំណង​​ចង់​ពង្រឹង​និង​ពង្រីក​ការ​អប់រំ​ផ្នែក​បច្ចេកវិទ្យា ព្រមទាំង​ចែក​រំលែក​បទពិសោធន៍​និង​ជំនាញ​ដែល​លោក​បាន​​​រៀន​ទាំង​ក្នុង និង​ក្រៅ​ប្រទេស​ ដល់​យុវជន​ជំនាន់​ក្រោយ។

ថ្ងៃអនាគត កំថូងចង់ឃើញប្អូនៗជំនាន់ក្រោយដែលជាអ្នករៀនបច្ចេកវិទ្យា អាចបង្កើតនូវដំណោះស្រាយថ្មីៗជាច្រើន ដើម្បីជួយដោះស្រាយបញ្ហាប្រឈមនៅក្នុងប្រទេស និងក្នុងពិភពលោក។ លើសពីនេះទៀត ចង់ឃើញកូនខ្មែរយើងអាចនាំយកបច្ចេកវិទ្យារបស់ខ្លួន ដាក់ឲ្យដំណើរការតាមបណ្តាប្រទេសផ្សេងទៀតនៅក្នងតំបន់អេស៊ាផងដែរ។

កត្តាដែលធ្វើឲ្យ កំថូង ទទួលលទ្ធផលល្អដូចសព្វថ្ងៃនេះគឺ៖

-បោះចោលពាក្យថា “ពិបាក” បើយើងនិយាយពាក្យថាពិបាក នោះវានឹងក្លាយទៅជាការរាំងស្ទះនៅសមត្ថភាពរបស់ពួកយើងភ្លាម

-បោះចោលពាក្យថា “ធ្វើមិនកើត” នៅពេលដែលយើងនិយានពាក្យថាធ្វើមិនកើត វានឹងក្លាយទៅជាការរារាំងនូវការយល់ដឹង ឬក៏ជាការបណ្តេញខ្លួនឯងចេញពីអ្វីដែលខ្លួនឯងកំពុងធ្វើ មិនអាចឲ្យយើងទទួលបានជោគជ័យ

-បោះចោលពាក្យថា “អស់សង្ឃឹម” ពាក្យនេះជាមេរោគមិនអាចឲ្យយើងរីកចម្រើនបានទេ

-បោះចោលពាក្យថា “ខ្ជិល” ឱកាសគឺគ្មានទេសម្រាប់អ្នកដែលខ្ជិល

-បោះចោលពាក្យថា “ហត់នឿយ” នៅពេលដែលអ្នកនិយាយមកកាន់ខ្លួនឯងថា ហត់នឿយ ពេលនោះវាធ្វើឲ្យខ្លួនឯងកាន់តែមានភាពទន់ខ្សោយ និងភាពទន់ជ្រាយបន្ថែមទៀត។

រូបភាពខួបមួយឆ្នាំរបស់ PAPA Deliver

បច្ចុប្បន្ន យុវជនឆ្នើម​ខាង​លើ​បានក្លាយខ្លួនទៅជាអគ្គនាយករបស់ក្រុមហ៊ុន អេស៊ា អិល & អ៊ី ឯ.ក (AISA L & E CO., LTD.) គឺជាក្រុមហ៊ុនបច្ចេកវិទ្យាមួយក្នុងប្រទេសកម្ពុជា ដែលផ្តោតសំខាន់នៅលើវិស័យចំនួន២រួមមានវិស័យដឹកជញ្ជូន និងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច (e-Commerce)។ ប្រសិនចាំអារម្មណ៍ក្នុងការសហការជាមួយ  PAPA Deliver អាចទំនាក់ទំនងតាម 010 562019 / 095 562019 ៕

អត្ថបទ៖ រក្សា

មតិយោបល់