• 2021-03-03 01:58:09
  • ព័ត៌មាន

ឡានអគ្គិសនី Hyundai សាកភ្លើង៥នាទី ជិះបាន ១០០គីឡូម៉ែត្រ

  • 2021-03-03 01:58:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Hyundai Ioniq 5 គឺ​ជា​រថយន្ត​អគ្គិសនី​ថ្មី​របស់ Hyundai ដែល​ទើប​បាន​បង្ហាញ​វត្តមាន​កាល​ពី​សប្ដាហ៍​កន្លង​ទៅ ហើយ​រថយន្ត​នេះ​កំពុង​តែ​ទទួល​បាន​ចាប់​អារម្មណ៍​ខ្លាំង​នៅ​អឺរ៉ុប ដោយ​មាន​អតិថិជន​ប្រមាណ ២៣ម៉ឺននាក់ បាន​សាក​សួរ​ព័ត៌មាន​អំពី​រថយន្ត​នេះ។

សមត្ថភាព​សាក​ថ្ម​របស់ Hyundai Ioniq 5 នេះ​គឺ​ជា​ចំណុច​លេច​ធ្លោ​បំផុត​មួយ ដោយ​តាម​រយៈ​​សមត្ថភាព​​សាក​ថ្ម​កម្លាំង ៨០០វ៉ុល របស់​វា​ នៅ​ពេល​ដែល​ដោត​ចូល​ទៅ​ដុំ​សាក​កម្លាំង ៣៥០kW អាច​ឲ្យ​រថយន្ត​នេះ​សាក​ភ្លើង​ពី ៥% ឡើង​ដល់ ៨០% ដោយ​ប្រើ​ពេល​ត្រឹម ១៨នាទី ហើយ​សាក​ ៥នាទី អាច​ជិះ​បាន​ចម្ងាយ ១០០គីឡូម៉ែត្រ។

រថយន្ត Hyundai Ioniq 5 នេះ​នឹង​មាន​ជម្រើស​អាគុយ​ពីរ​ទំហំ​គឺ ៥៨kWh និង ៧២,៦kWh និង​មាន​ Option ប្រើ​ប្រាស់​ម៉ូទ័រ​អគ្គិសនី​ភ្លោះ​ផង​ដែរ។ Ioniq 5 ​ប្រភេទ​ដែល​មាន​កម្លាំង​ខ្លាំង​ជាង​គេ​នឹង​អាច​ផលិត​កម្លាំង​បាន ៣០២សេះ ហើយ​ស្ទុះ​ពី ០ – ១០០គ.ម/ម៉ ដោយ​ប្រើ​ពេល​តែ ៥,២វិនាទី។

សម្រាប់​ប្រភេទ​ប្រើ​ម៉ូទ័រ​អគ្គិសនី​តែ​មួយ និង​មាន​អាគុយ​ទំហំ ៧២,៦kWh អាច​ផ្ដល់​ចម្ងាយ​បើកបរ​ឆ្ងាយ​ជាង​គេ​ដោយ​សាក​ភ្លើង​មួយ​ពេញ​អាច​ជិះ​បាន​ចម្ងាយ​ពី ៤៧០ ទៅ ៤៨០ គីឡូម៉ែត្រ។

គួរ​ដឹង​ថា​រថយន្ត Hyundai Ioniq 5 នឹង​ចេញ​លក់​មុន​គេ​នៅ​លើ​ទីផ្សារ​អឺរ៉ុប ដោយ​បញ្ចេញ​លក់​ចាប់​ពី​ពាក់​កណ្ដាល​ឆ្នាំ ២០២១ នេះ ខណៈ​ដែល​តម្លៃ​​លក់​មិន​ទាន់​មាន​ការ​បង្ហើប​ឲ្យ​ដឹង​នៅ​ឡើយ​ទេ៕​​​​

ប្រភព៖ carscoops ប្រែ​សម្រួល៖ សុខហេង

មតិយោបល់