• 2021-02-23 00:40:12
  • ព័ត៌មាន

ទីបំផុត! Lexus ចេញឡាន IS 500 ឆ្នាំ២០២២ បំពាក់ម៉ាស៊ីន៨ស៊ីឡាំង ខ្លាំងជាង LX570 ទៀត

  • 2021-02-23 00:40:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅទីបំផុត ក្រុមហ៊ុន Lexus បានប្រកាសចេញរថយន្ត IS 500 F-Sport Performance ស៊េរីឆ្នាំ២០២២ របស់ខ្លួនជាផ្លូវការ ដែលផ្តោតខ្លាំងលើដំណើរការរបស់វា។

រថយន្ត Lexus IS 500 F-Sport Performance ថ្មីនេះ បំពាក់ម៉ាស៊ីន naturally aspirated ចំណុះ ៥,០លីត្រ ទំហំ ៨ស៊ីឡាំង មានកម្លាំងរហូតដល់ទៅ ៤៧២សេះ ហើយវាក៏ជាម៉ាស៊ីនដែលមានប្រើលើរថយន្ត Lexus RC F ផងដែរ។

ដើម្បីអាចញាត់ម៉ាស៊ីនធំចូលទៅក្នុងរថយន្ត IS 500 នេះបាន Lexus បានលើកគម្របម៉ាស៊ីនរបស់វាខ្ពស់ជាងមុន ២អ៊ីញ។ ថ្វីបើមានកម្លាំងខ្លាំងជាងម៉ូដែល IS 350 ដែលប្រើម៉ាស៊ីនទំហំ ៦ស៊ីឡាំង ដល់ទៅ ១៦០សេះ ប៉ុន្តែវាមានទម្ងន់ធ្ងន់ជាងត្រឹមតែ ៦៥គីឡូក្រាមប៉ុណ្ណោះ។

ម៉ាស៊ីនដ៏ខ្លាំងក្លាលើ IS 500 F-Sport Performance ដំណើរការជាមួយនឹងប្រអប់លេខអូតូ ៨វគ្គ និងប៉ុងមួយវិលកង់ក្រោយ RWD តាមរយៈមុខងារ Torsen limited-slip differential ដែលបង្កើនភាពរហ័សរហួន និងទប់លំនឹងបានល្អនៅល្បឿនលឿន ហើយអនុញ្ញាតឲ្យវាអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៤,៥វិនាទី។

មិនតែប៉ុណ្ណោះ វាក៏មានបំពាក់កញ្ចប់ Option “F Sport’s Dynamic Handling Package” មកស្តង់ដារដែរ ដោយក្នុងនោះវានឹងទទួលបានការអាប់ដេតលើប្រព័ន្ធបូម, ចង្កូត និងហ្វ្រាំងផងដែរ។ អ្វីដែលរឹតតែពិសេសនោះគឺ វាបានបំពាក់យ៉ាន់ ១០កាំ ទំហំ ១៩អ៊ីញថ្មី និងប្រព័ន្ធបំពង់ស៊ីម៉ាំង ៤ ដែលជួយឲ្យវាមើលទៅកាន់តែទាក់ទាញខ្លាំង។

លើសពីនេះទៅទៀត Lexus ក៏បានបន្ថែមប្រព័ន្ធសុវត្ថិភាព Lexus Safety System+ មកស្តង់ដារលើ IS 500 ផងដែរ។ ទោះជាយ៉ាងណាក៏ដោយ ពាក់ព័ន្ធនឹងតម្លៃ, Option និងជម្រើសពណ៌ ក្រុមហ៊ុន Lexus មិនទាន់បានបង្ហាញនៅឡើយទេ៕

អត្ថបទ៖ សេង ឡុង

មតិយោបល់