• 2021-02-19 07:35:44
  • ព័ត៌មាន

Tim Cook បង្ហើបថាអនាគតរបស់ Apple មិនផ្ដោតលើ iPhone ឡើយ

  • 2021-02-19 07:35:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផលិតផល iPhone ជាប្រភពចំណូលធំជាងគេរបស់ Apple ប៉ុន្ដែបើតាមតាមការប្រកាសរបស់លោក Tim Cook នាយកប្រតិបត្តិ Apple គាត់ហាក់មានទំនោរទៅរកការអភិវឌ្ឍន៍នាឡិកាវៃឆ្លាត Apple Watch ដែលជាមហិច្ឆតាធំរបស់ Apple ក្នុងការគាំពារសុខភាព និងសុខមាលភាពរបស់អ្នកប្រើប្រាស់ ហើយនឹងធ្វើឱ្យ Apple Watch ក្លាយជាអ្វីដែលមនុស្សចាប់អារម្មណ៍ជាច្រើនជាង iPhone ទៅទៀត។

ក្នុងបទសម្ភាសន៍ជាមួយទស្សនាវដ្តី Outside Magazine លោក Tim Cook បានព្យាយាមបង្ហាញបំណងអនាគតរបស់ Apple ថា ពួកគេនឹងរួមចំណែកធំបំផុតក្នុងផ្នែកសុខភាពរបស់អ្នកប្រើប្រាស់ ពិសេសគឺការអភិវឌ្ឍទៅលើនាឡិកាវៃឆ្លាត Apple Watch តែម្ដង ដោយលោកមិនព្យាយាមផ្ដោតលើ iPhone ដែលជាផលិតផលពេញនិយមជាងគេរបស់ Apple ឡើយ។ បន្ថែមពីនេះ លោកក៏បានបង្ហើបថា ក្រុមហ៊ុននៅតែទទួលបានលិខិតជាច្រើន ដែលបញ្ជាក់ថា Apple Watch បានជួយសង្គ្រោះជីវិតរបស់ពួកគេ ដែលនេះជាកម្លាំងជម្រុញបន្ថែមទៀត ដើម្បីឱ្យ Apple កាន់តែខិតខំអភិវឌ្ឍមុខងារថែទាំងសុខភាពជាច្រើនទៀតសម្រាប់ Apple Watch។

មួយវិញទៀត ក្នុងសាររបស់ CEO ខាងលើ កាលពីចុងខែមករាកន្លងទៅលើ Twitter លោកបាន បង្ហើបត្រួសៗថា Apple នឹងបន្តបោះជំហានបន្ទាប់ ដោយផ្ដោតលើសុខភាពរបស់អ្នកប្រើប្រាស់នាឡិការ Apple Watch ដូចទៅនឹង Apple ធ្លាប់បានផ្ដល់កម្មវិធី Apple Fitness + កន្លងមក ដើម្បីលើកទឹកចិត្តដល់ប្រជាជនអោយពង្រឹងសុខភាព ក្នុងគោលបំណងផ្លាស់ប្តូររបៀបរស់នៅរបស់ពួកគេដូចច្នោះដែរ៕

ប្រភព៖ Bgr ប្រែ​សម្រួល៖ កុសល

មតិយោបល់