- 2021-02-14 13:18:54
- ព័ត៌មាន
"ពួកម៉ាក (Pouk Mak)" កម្មវិធីផ្ញើសារខ្មែរដំបូងគេបំផុត បង្ហាញជាផ្លូវការហើយ!
- 2021-02-14 13:18:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
"ពួកម៉ាក (Pouk Mak)" កម្មវិធីផ្ញើសារខ្មែរដំបូងគេបំផុត បង្ហាញជាផ្លូវការហើយ!
ចន្លោះមិនឃើញ
នៅក្នុងពិធីសម្ពោធជាផ្លូវការនារាត្រីនៃទិវាក្តីស្រឡាញ់នេះ ក្រុមហ៊ុនសែលកាត បានប្រកាសឱ្យដឹងនូវការនាំយកកម្មវិធីផ្ញើសារបង្កើតឡើងដោយខ្មែរផ្ទាល់ ដែលមានឈ្មោះថា ពួក ម៉ាក (Pouk Mak)។
Pouk Mak កំពុងត្រូវបានដាក់លក់ជាសកលនៅលើហាង iOS និង Android App ដែលត្រូវបានចេញប្រើប្រាស់ជាផ្លូវការសម្រាប់អ្នករាល់គ្នានៅគ្រប់ទីកន្លែងក្នុងប្រទេសកម្ពុជានៅថ្ងៃស្អែកនេះ គឺសម្រាប់ផ្ញើសារ ខលតាមវីដេអូ និងតេជាសំឡេង ចែករំលែកឯកសារ និងអាចប្រើប្រាស់នូវមុខងារផ្សេងៗជាច្រើនទៀត។
លក្ខណៈពិសេសរបស់កម្មវិធីរួមមាន ការផ្ញើសារជាក្រុម ការទទួលបាននូវព័ត៌មានចម្រុះបែប និងការផ្ញើស្ទីកគ័រប្លែកៗ រួមជាមួយនឹងការការពារសុវត្ថិភាពដោយការអ៊ិនគ្រីបទាំងស្រុង និងរក្សាទុកទិន្នន័យនៅក្នុងប្រទេសកម្ពុជាផ្ទាល់តែម្តង។
សេវាកម្ម App ឥតគិតថ្លៃនេះ ត្រូវបានបង្ហាញជាមួយនឹងការរៀបចំពិធីអបអរសាទរដ៏អធិកអធមបំផុត នៅការិយាល័យកណ្តាលសែលកាតក្នុងរាជធានីភ្នំពេញ ដោយការផ្សាយឆ្លងកាត់ផ្ទាល់ទៅកាន់ខេត្តសៀមរាប ស្ថិតនៅក្នុងខេត្តសៀមរាប ដោយក្នុងនោះ ក៏មានរៀបចំនូវពិធីបង្ហោះគោមចំនួន 5000 ទៀតផង។
លោក អៀន វ៉ាតសុន (Ian Watson) ដែលជានាយកប្រតិបត្តិក្រុមហ៊ុនសែលកាត បានថ្លែងអោយដឹងថា Pouk Mak គឺជាកម្មវិធីមានកម្រិតដូចគ្នានឹងកម្មវិធីផ្ញើសារលំដាប់ពិភពលោក ប៉ុន្តែវាមានលក្ខណៈប្លែកគេ ពោលគឺបងប្អូនខ្មែរទាំងអស់ អាចផ្ញើសារជាភាសាខ្លួនឯងផ្ទាល់ ហើយថែមទាំងមានផ្តល់នូវការធានាថា ទិន្នន័យរបស់អ្នកគឺមានសុវត្ថិភាពបំផុត និងមិនត្រូវបានចែកចាយទៅកាន់ក្រៅប្រទេសនោះឡើយ។
លោក វ៉ាតសុន បានមានប្រសាសន៍ទៀតថា៖ “ក្រុមហ៊ុនសែលកាត និងក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប តែងយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះតួនាទីរបស់ពួកយើងក្នុងការដឹកនាំវិស័យឌីជីថលនៅកម្ពុជា និងដើម្បីធានាថាមនុស្សគ្រប់រូបនៅគ្រប់ទីកន្លែង អាចទទួលបាននូវបច្ចេកវិទ្យា និងនវានុវត្តន៍ថ្មីៗ ដើម្បីជួយពួកគេក្នុងការទំនាក់ទំនង និងរក្សាភាពជិតស្និទ្ធនៅក្នុងជីវិតរស់នៅប្រចាំថ្ងៃ”។
លោកក៏បានបន្តថា៖ “តាមរយៈ Pouk Mak នេះ យើងកំពុងជួយជម្រុញអក្ខរកម្ម និងសមត្ថភាពឌីជីថលនៅគ្រប់ឃុំ និងខេត្ត ក្រុង ទូទាំងប្រទេសកម្ពុជា ជូនដល់ពលរដ្ឋគ្រប់វ័យ ចាប់តាំងពីកុមាររហូតដល់មនុស្សចាស់ ពោលគឺផ្តល់ជូនពួកគេនូវសមត្ថភាពក្នុងការប្រើប្រាស់មធ្យោបាយទំនាក់ទំនងដែលឆាប់រហ័ស និងមានប្រសិទ្ធិភាពខ្ពស់ ជាមួយនឹងភាសារបស់ពួកគេផ្ទាល់តែម្តង”។
“សព្វថ្ងៃនេះ កម្មវិធីផ្ញើសារ និងបណ្តាញទំនាក់ទំនងសង្គមភាគច្រើន នៅមិនទាន់អាចគាំទ្រភាសាខ្មែរបានទាំងស្រុងនៅឡើយទេ ម្ល៉ោះហើយក្នុងនាមជាក្រុមហ៊ុនទូរស័ព្ទចល័តដែលមានកម្មសិទ្ធិជាជនជាតិខ្មែរ ១០០% តែមួយគត់ សែលកាត ពិតជាមានមោទនភាពបំផុតក្នុងការផ្តល់ជូននូវសេវាកម្មនេះ”។
“គ្រប់យ៉ាងពាក់ព័ន្ធនឹងកម្មវិធីនេះ គឺសុទ្ធសឹងតែជារបស់ខ្មែរផ្ទាល់ ដោយរាប់ចាប់តាំងពីការដាក់ឈ្មោះ ភាសាប្រើប្រាស់ ហើយជាក់ស្តែងនោះ គឺក្រុមហ៊ុនដែលមានម្ចាស់ជាជនជាតិខ្មែរ បានអភិវឌ្ឍ គ្រប់គ្រងសេវាកម្ម និងផ្តល់ការការពារទិន្នន័យដោយផ្ទាល់”។
ដូចគ្នាទៅនឹងផលិតផល និងសេវាកម្មទាំងអស់របស់សែលកាតផងដែរ Pouk Mak មានភ្ជាប់មកជាមួយដោយការ ផ្តល់ជូនទិន្នន័យឥតគិតថ្លៃចំនួន 2GB ក្នុងមួយខែ ជូនដល់អតិថិជនទាំងអស់របស់សែលកាត ដែលប្រើប្រាស់កម្មវិធីនេះ សរបញ្ជាក់អោយឃើញថាសែលកាត គឺតែងតែគិតគូរ និងតបស្នងជូនដល់សហគមន៍វិញជានិច្ច។
លោក វ៉ាតសុន បានមានប្រសាសន៍ថា៖ “ស្របពេលដែលយើងចាប់ផ្តើមដំណើរការដាក់ឱ្យប្រើប្រាស់ Pouk Mak ជូនដល់ពលរដ្ឋទាំងអស់នៅក្នុងប្រទេសកម្ពុជា ពួកយើងក៏ចង់ផ្តល់ជូននូវអត្ថប្រយោជន៍បន្ថែមដល់អតិថិជនរបស់យើងផងដែរ”។
“ទិន្នន័យឥតគិតថ្លៃនេះ នឹងជួយជា ប្រយោជន៍ដ៏សំខាន់សម្រាប់អតិថិជន ស្របពេលដែលពួកគាត់បានបណ្តុះទម្លាប់ប្រើប្រាស់អ៊ីនធើណិត និងបណ្តាញសង្គមកាន់តែច្រើនឡើងៗនៅក្នុងជីវិតរស់នៅប្រចាំថ្ងៃ”។
“ក្រោមការចង្អុលបង្ហាញរបស់អ្នកឧកញ៉ា គិត ម៉េង ដែលជាអគ្គនាយកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបនោះ គឺថាកម្មវិធី Pouk Mak នឹងជួយពួកយើងក្នុងការដឹកនាំការផ្លាស់ប្តូរពីការតេ និងការផ្ញើសារតាមទម្លាប់ចាស់របស់អ្នកប្រើប្រាស់ ទៅកាន់ការហៅទូរស័ព្ទ និងការផ្ញើសារជជែកកម្សាន្តដោយឥតគិតថ្លៃ ដោយពុំចាំបាច់បារម្ភពីប្រភេទស៊ីមកាតដែលពួកគេប្រើប្រាស់នោះឡើយ”។
លោក វ៉ាតសុន បានបន្ថែមថា ការប្រើប្រាស់បណ្តាញ និងកម្មវិធីដូចជា Pouk Mak ជាដើម គឺជាកត្តាដ៏សំខាន់នៃយុទ្ធសាស្រ្តរបស់សែលកាត ក្នុងការបង្កើត និងបំពេញនូវជីវិតទាន់សម័យបែបឌីជីថលរបស់មនុស្សគ្រប់គ្នា ស្របពេលដែលប្រទេសកម្ពុជាយើង កំពុងត្រៀមខ្លួនសម្រាប់បដិវត្តឧស្សាហកម្មជំនាន់បន្ទាប់ (Next Industrial Revolution)។
“យើងត្រូវប្រាកដថាកម្ពុជា នឹងមិនខកខាននូវឱកាសដ៏ល្អបែបនេះ ដើម្បីក្លាយខ្លួនជាប្រទេសដ៏លេចធ្លោមួយនៅក្នុងតំបន់លើផ្នែកនវានុវត្តន៍ និងអក្ខរកម្មឌីជីថល ដោយក្នុងនោះ សមត្ថភាពដែលអាចទ្រទ្រង់បាន គឺជាមូលដ្ឋានគ្រឹះក្នុងការចាប់យកឱកាសទាំងនេះ”។
“ថ្ងៃនេះគឺជាថ្ងៃដ៏វិសេសបំផុតមួយ ដែលពួកយើងបានបើកដំណើរការដាក់ឱ្យប្រើប្រាស់សេវាកម្ម Pouk Mak ទន្ទឹមគ្នានឹងការប្រារព្ធទិវានៃក្តីស្រឡាញ់ ដើម្បីពង្រឹងការប្តេជ្ញាចិត្តរបស់យើងចំពោះប្រជាជនកម្ពុជា ក្នុងនាមជាប្រតិបត្តិករដែលទទួលបាននូវទំនុកចិត្តខ្ពស់ និងតែងតែនៅគាំទ្រអតិថិជន និងប្រទេសជាតិជាប់ជានិច្ច មិនថាជាពេលវេលាដ៏អំណោយផល ឬលំបាកនោះឡើយ សែលកាត គឺនៅរួមសុខទុក្ខជាមួយពលរដ្ឋខ្មែរជានិច្ច”។
លោកអ្នកអាចទាញយកកម្មវិធី Pouk Mak មកប្រើប្រាស់បាន នៅលើប្រព័ន្ធ iOS (App Store) និង Android (Play Store)។
សម្រាប់ការប្រើប្រាស់រៀងរាល់ថ្ងៃចុងសប្តាហ៍នីមួយៗ អតិថិជនសែលកាត នឹងទទួលបានទិន្នន័យបន្ថែម 500MB ដោយឥតគិតថ្លៃ ក្នុងពេលពួកគេធ្វើការតេចេញជាសំឡេង ឬតាមវីដេអូ។
សម្រាប់ពលរដ្ឋដែលរស់នៅរាជធានីភ្នំពេញ អាចជាវស៊ីមសែលកាតបានយ៉ាងងាយស្រួលបំផុត តាមរយៈកម្មវិធីដឹកជញ្ជូនដល់គេហដ្ឋាន ដោយក្នុងនោះរួមមាន Wing Mall, NAHM 24 និង Smile Shop៕
Pouk Mak អាចប្រើប្រាស់បានចាប់ពីថ្ងៃច័ន្ទនេះទាំងនៅលើ App store និងPlay store (ថ្ងៃទី ១៥ ខែកុម្ភៈ) អមដោយកម្មវិធីសម្ភោធពេញលេញនៃព្រឹត្តិការណ៍ដើម្បីចែករំលែកដល់ក្រុមគ្រួសារ និស្សិត និងអាជីវកម្មខ្នាតតូច៕