• 2021-02-10 08:04:14
  • ព័ត៌មាន

Porsche ទំនងអាចសាងសង់រោងចក្រផលិតឡាន នៅក្នុងប្រទេសអាស៊ានមួយនេះ

  • 2021-02-10 08:04:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោងតាមប្រភពព័ត៌មានបានឲ្យដឹង ក្រុមហ៊ុន Porsche កំពុងតែមានគម្រោងសាងសង់រោងចក្រផលិតរថយន្តរបស់ខ្លួន នៅក្នុងប្រទេសម៉ាឡេស៊ី។ ប្រសិនបើព័ត៌មាននេះពិតមែននោះ វានឹងក្លាយជារោងចក្រ Porsche ដំបូងបង្អស់ ដែលស្ថិតនៅក្រៅប្រទេសអាល្លឺម៉ង់។ បច្ចុប្បន្នរោងចក្រផលិតរថយន្តធំបំផុតរបស់ Porsche គឺស្ថិតនៅក្នុងទីក្រុង Leipzig។

គួរឲ្យដឹងថា ខេត្ត Kedah ដែលស្ថិតនៅភាគខាងជើងនៃប្រទេសម៉ាឡេស៊ី ត្រូវគេរំពឹងថានឹងក្លាយជាកន្លែងដែល Porsche នឹងរៀបចំសម្រាប់សាងសង់រោងចក្រថ្មីរបស់ខ្លួន។ ប្រភពព័ត៌មានខាងលើបានឲ្យដឹងទៀតថា ដៃគូសម្រាប់ក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់នេះគឺ Inokom ដែលជាក្រុមហ៊ុនមែកធាងរបស់ក្រុមហ៊ុន Sime Darby ដែលនាំចូល និងចែកចាយរថយន្ត Porsche ក្នុងប្រទេសម៉ាឡេស៊ី តាំងពីឆ្នាំ២០១០ មកម្ល៉េស។

ប្រភពដដែលនោះបានបញ្ជាក់ប្រាប់ទស្សនាវដ្តីហិរញ្ញវត្ថុម៉ាឡេស៊ីថា ផែនការវិនិយោគត្រូវបានអនុម័តដោយរដ្ឋាភិបាលម៉ាឡេស៊ី ប៉ុន្តែព័ត៌មាននេះមិនបានប្រកាសជាផ្លូវការទេ ដោយសារតែផលប៉ះពាល់នៃការរីករាលដាលនៃជំងឺកូវីដ១៩។

បន្ថែមលើផែនការផលិតរថយន្ត Porsche ផែនការរបស់ Inokom ក៏រួមបញ្ចូលទាំងការដំឡើងរថយន្ត BMW និង Hyundai សម្រាប់ទីផ្សារក្នុងស្រុកផងដែរ។ ទោះជាយ៉ាងណាក៏ដោយ កាលបរិច្ឆេទចាប់ផ្តើមនៃផែនការនេះ មិនត្រូវបានបញ្ជាក់នោះទេ៕

អត្ថបទ៖ សេង ឡុង

មតិយោបល់