• 2021-02-09 08:38:59
  • ព័ត៌មាន

បិតា Huawei ហៅ iPhone 12 ថាជាស្មាតហ្វូនល្អដាច់គេ ហើយថាវាបានបញ្ជាក់រឿងមួយពី 5G របស់ Huawei

  • 2021-02-09 08:38:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពេល​និយាយ​ជា​មួយ​សារព័ត៌មាន​អន្តរជាតិ​នៅ​ប្រទេស​ជា​លើក​ដំបូង ក្រោយ​ស្ងាត់​អស់​រយៈពេល​ជាង​ ១ឆ្នាំ​នោះ លោក Ren Zhengfei ​ជា​ស្ថាបនិក​និង​ជា​នាយក​ប្រតិបត្តិ Huawei បាន​បង្ហាញ​អំពី​​គោល​បំណង​ចង់​ជួប​និយាយ​ជា​មួយ​ប្រធានាធិបតី​អាមេរិក​ថ្មី និង​សង្ឃឹម​​មាន​​គោល​នយោបាយ​បើក​ចំហ​ពី​រដ្ឋាភិបាល​ថ្មី។

លោក Zhengfei បាន​និយាយ​ថា​ដូច​ថា ៖ "ខ្ញុំ​អាច​ស្វាគមន៍​​ចំពោះ​ការ​និយាយ​ទូរសព្ទ និង​ការ​​​ឆ្លើយ​ឆ្លង​សារ​​ទាក់ទង​នឹង​ការ​អភិវឌ្ឍន៍​រួម​គ្នា និង​ការ​ចែក​រំលែក​ជោគជ័យ។ សហរដ្ឋអាមេរិក​ចង់​ឲ្យ​សេដ្ឋកិច្ច​រីក​ចម្រើន ហើយ​ចិន​ក៏​ចង់​ឲ្យ​សេដ្ឋកិច្ច​រីក​ចម្រើន​ដូច​គ្នា។​”

​​​​​នាយក​ប្រតិបត្តិ​រូប​នេះ​បាន​បន្ត​ថា ៖ "ប្រសិន​បើ​ផលិតកម្ម​របស់ Huawei អាច​ពង្រីក​កាន់​តែ​ធំ នោះ​មាន​ន័យ​ថា​មាន​ឱកាស​កាន់​តែ​ច្រើន​​សម្រាប់​ក្រុមហ៊ុន​អាមេរិក​ធ្វើ​ការ​ផ្គត់ផ្គង់។ ខ្ញុំ​ជឿជាក់​ថា​​វា​នឹង​ផ្ដល់​ផល​ប្រយោជន៍​ឲ្យ​ទាំង​សង​ខាង។ ខ្ញុំ​ជឿ​ថា​រដ្ឋាភិបាល​ថ្មី​​អាច​នឹង​ពិចារណា​លើ​ផល​ប្រយោជន៍​អាជីវកម្ម​នេះ ពេល​ដែល​ពួក​គេ​ត្រៀម​សម្រេច​ចិត្ត​​លើ​គោល​នយោបាយ​ថ្មី។ យើង​នៅ​តែ​សង្ឃឹម​ថា​ពួក​យើង​អាច​ទិញ​វត្ថុ​ធាតុ​ គ្រឿង​បន្លាស់ និង​ឧបករណ៍​ក្នុង​ទំហំ​ធំ​ពី​សហរដ្ឋអាមេរិក ដូច​នេះ​យើង​នឹង​បាន​ផល​ប្រយោជន៍​ទាំង​អស់​គ្នា​ពី​ការ​រីក​ចម្រើន​របស់​ប្រទេស​ចិន។"

ទន្ទឹម​នឹង​នេះ​លោក Zhengfei ក៏​បាន​និយាយ​អំពី iPhone ជំនាន់​ថ្មី ដោយ​លោក​បាន​ហៅ iPhone 12 ថា​ជា​ស្មាតហ្វូន​ល្អ​ដាច់​គេ​ក្នុង​លោក ហើយ​វា​បាន​ជួយ​ដល់​បណ្ដាញ​ 5G របស់ Huawei ផង​ដែរ។ លោក​និយាយ​ថា ៖ "អតិថិជន​ធូរ​​​ធារ​នៅ​ប៉ែក​អឺរ៉ុប​ស្រឡាញ់ Apple ហើយ​ដោយ​សារ Huawei លែង​មាន​ស្មាតហ្វូន​លំដាប់​ខ្ពស់​ (លក់​លើ​ទីផ្សារ) ត​ទៀត ដូច​នេះ​ស្មាតហ្វូន​របស់ Apple បាន​ជួយ​យើង​ក្នុង​ការ​បញ្ជាក់​ថា​បច្ចេកវិទ្យា 5G របស់ Huawei គឺ​ល្អ៕​”​​​​

ប្រភព៖ The Verge ប្រែ​សម្រួល៖ សុខហេង

មតិយោបល់