• 2021-02-09 07:00:29
  • ព័ត៌មាន

អ្នកលក់ឡាន Toyota ដូចជឿជាក់ខ្លាំងលើ Tundra ស៊េរីឆ្នាំ ២០២២​ ដែលប្ដូររូបរាងថ្មី

  • 2021-02-09 07:00:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ឆ្នាំ ២០២០ រថយន្ត Toyota ប្រមាណ ១០ម៉ឺន​គ្រឿង​បាន​លក់​ចេញ​លើ​ទីផ្សារ​សហរដ្ឋអាមេរិក ដែល​ចំនួន​លក់​នេះ​ធ្លាក់​ចុះ ២% ធៀប​នឹង​ឆ្នាំ ២០១៩។ ចំនួន​លក់​នេះ​គឺ​មិន​ខ្លាំង​ក្លា​ប៉ុន្មាន​ឡើយ​ ដោយ​ហេតុ​ថា​​​លើស​ចំនួន​លក់​រថយន្ត Nissan Titan បន្តិច​បន្តួច​ប៉ុណ្ណោះ ដែល​រថយន្ត​ Nissan ស្ថិត​នៅ​​ចំណាត់​ថ្នាក់​ក្រោម​គេ​នៃ​បញ្ជី​រថយន្ត​ភីកអាប់​លក់​ដាច់​ជាង​គេ​នៅ​សហរដ្ឋអាមេរិក។

រូបរាង Tundra ជំនាន់ថ្មីពេលបើកសាកល្បង

យ៉ាងណាក្ដី រថយន្ត​ Toyota Tundra ជំនាន់​ថ្មី​នឹង​បង្ហាញ​វត្តមាន​ឆាប់ៗ​នេះ ហើយ​ឈ្មួញ​លក់​រថយន្ត​ Toyota នៅ​សហរដ្ឋអាមេរិក ហាក់​មាន​ជំនឿ​ជឿជាក់​ខ្លាំង​ចំពោះ​រថយន្ត​ភីកអាប់​ជំនាន់​ថ្មី ទោះ​បី​ជា​វា​មិន​ទាន់​បង្ហាញ​មុខ​ជា​ផ្លូវ​ការ​ក្ដី។

រូបរាង Tundra ជំនាន់ថ្មីពេលបើកសាកល្បង

ក្នុង​បទ​សម្ភាសន៍​ជា​មួយ Automative News ប្រធាន​ក្រុម​ប្រឹក្សា​ឈ្មួញ​លក់​រថយន្ត Toyota ប្រចាំ​សហរដ្ឋអាមេរិក លោក Robby Findlay បាន​និយាយ​ថា​រថយន្ត Tundra ថ្មី​គឺ​ជា​រថយន្ត​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ខ្លាំង​ដាច់​គេ​ ក្នុង​រយៈពេល​៥ឆ្នាំ​កន្លង​មក​នេះ។

លោក Findlay បាន​បញ្ជាក់​ដូច​នេះ​ថា ៖ "បើ​តាម​អ្វី​ដែល​ពួក​គេ (Toyota) បាន​ប្រាប់​យើង យើង​នឹង​​មាន​នូវ​​រថយន្ត​ភីកអាប់​​ល្អ​ដាច់​គេ​មួយ។ ខ្ញុំ​ចង់​និយាយ​ថា​យើង​នឹង​មាន​រថយន្ត​ល្អ​ដាច់​គេ​លើ​លោក ហើយ​ច្បាស់​ជា​ល្អ​មើល​នៅ​ពេល​រថយន្ត Tundra ត្រូវ​ប្រកួតប្រជែង​នឹង​រថយន្ត​ភីកអាប់​ក្នុង​ស្រុក។”

រូបរាង Tundra ជំនាន់ថ្មីពេលបើកសាកល្បង

​បើ​តាម​ពាក្យ​ចចាមអារ៉ាម​កន្លង​មក​បាន​ឲ្យ​ដឹង​ថា​រថយន្ត Toyota Tundra ជំនាន់​ថ្មី​នឹង​បង្ហាញ​វត្តមាន​ក្នុង​ខែ​ធ្នូ ចេញ​លក់​ជា​ស៊េរី​ឆ្នាំ ២០២២ ដែល​វា​នឹង​ប្រើ​គ្រោង​ឆ្អឹង​ TNGA-F និង​អាច​ប្រើ​ម៉ាស៊ីន Twin-Turbo ៦ស៊ីឡាំង៕​​

ប្រភព៖ Motor1 ប្រែ​សម្រួល៖ សុខហេង

មតិយោបល់