• 2021-02-05 02:17:18
  • ព័ត៌មាន

ចេញហើយ! Nissan Frontier ឆ្នាំ២០២២ ផ្លាស់ប្តូរការឌីហ្សាញ ១៨០ដឺក្រេ កាន់តែកាចខ្លាំង

  • 2021-02-05 02:17:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Nissan ទើបតែបានប្រកាសចេញរថយន្តភីកអាប់ Frontier ស៊េរីឆ្នាំ២០២២ របស់ខ្លួនជាផ្លូវការ ដែលបានផ្លាស់ប្តូរការឌីហ្សាញថ្មីទាំងស្រុង ទាំងផ្នែកខាងក្រៅ និងផ្នែកខាងក្នុង។

រថយន្តភីកអាប់ខ្នាតកណ្តាលថ្មីនេះ បានបំពាក់គ្រោងឆ្អឹងដែលទទួលបានការធ្វើឲ្យប្រសើរ ហើយមានប្រវែងតួខ្លួនវែងជាងមុន ប៉ុន្តែមានប្រវែងពីកង់មុខទៅកង់ក្រោយដដែល។ Nissan Frontier ឆ្នាំ២០២២ បំពាក់ម៉ាស៊ីនចំណុះ ៣,៨លីត្រ ទំហំ ៦ស៊ីឡាំង មានកម្លាំង ៣១០សេះ ដំណើរការដោយប្រអប់លេខអូតូ ៩វគ្គ និងផ្តល់ទាំងជម្រើសប៉ុងមួយវិលកង់ក្រោយ និងប៉ុងពីរ។ ថ្វីបើក្រុមហ៊ុនមិនទាន់បានប្រកាសពីកម្រិតស៊ីប្រេងរបស់រថយន្តនេះ ប៉ុន្តែស៊េរីមុនមានកម្រិតស៊ីប្រេងជាមធ្យម ១០លីត្រ/១០០គីឡូម៉ែត្រ។

អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ ក្រុមហ៊ុន Nissan បានធ្វើឲ្យ Frontier ថ្មីកាន់តែមានសមត្ថភាព និងផ្តល់ផាសុកភាពជាងមុន ដោយមានបំពាក់កៅអី Zero Gravity ដែលជួយឲ្យការបើកបរផ្លូវឆ្ងាយកាន់តែស្រណុក។

ក្រៅពីនោះវាក៏មានបំពាក់លក្ខណៈពិសេសៗជាច្រើន ដូចជា មុខងារជំនួយពេលឡើង និងចុះចំណោត, មុខងារគ្រប់គ្រងកន្ទុយសណ្តោង, អេក្រង់កម្សាន្ត Touchscreen ៩អ៊ីញ អាចភ្ជាប់មុខងារ Apple CarPlay និង Android Auto, កុងទ័រ ៧អ៊ីញ ព្រមទាំងបច្ចេកវិទ្យាសុវត្ថិភាពជំនាន់ចុងក្រោយរបស់ Nissan ដោយក្នុងនោះរួមមានមុខងារដូចជា កាមេរ៉ា ៣៦០ដឺក្រេ, ហ្វ្រាំងអាសន្នអូតូ, Blind Spot Warning និង Pedestrian Detection ផងដែរ។

យ៉ាងណាមិញ ក្រុមហ៊ុន Nissan មិនទាន់បានប្រកាសពីតម្លៃ និងកាលបរិច្ឆេទចេញលក់របស់វានៅឡើយទេ៕

ប្រភព៖ carscoops ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់