• 2021-02-03 01:00:00
  • ព័ត៌មាន

Elon Musk មិនឲ្យកូនរៀនច្រើនភាសា ព្រោះហេតុផលនេះ!

  • 2021-02-03 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Elon Musk ត្រូវបានគេស្គាល់ថា ជាបុគ្គលនាំមុខមួយក្នុងពិភពឧស្សាហកម្មបច្ចេកវិទ្យា និងវិទ្យាសាស្ត្រ ដូចនេះសូម្បីតែកូនៗរបស់គាត់ ក៏ត្រូវបានបណ្ដុះបណ្ដាលផ្នែកទាំងនេះយ៉ាងម៉ត់ចត់ ខុសពីក្មេងៗដទៃផងដែរ។ មហាសេដ្ឋីកំពុងឈរលេខរៀងទី២រូបនេះ (ផ្អែកតាមទិន្នន័យ Forbes) មានកូន៦នាក់ ដោយពីរនាក់ជាកូនភ្លោះអាយុ១៧ឆ្នាំ និង៣នាក់ទៀតកូនភ្លោះអាយុ១៥ឆ្នាំ សុទ្ធតែស្ថិតក្នុងវ័យសិក្សា និងម្នាក់ទៀតអាយុត្រឹម៩ខែប៉ុណ្ណោះ។

ក្នុងបទសម្ភាសន៍ផ្ទាល់ជាសំឡេងលើកម្មវិធី Clubhouse លោក Elon Musk និយាយថា ការអប់រំរបស់កូនៗគាត់ ភាគច្រើនគឺសិក្សាតាមអ៊ីនធឺណិត ពិសេសគឺតាម YouTube និង Reddit (បណ្ដាញទំនាក់ទំនងមានប្រធានបទជាច្រើនសម្រាប់សិក្សាស្វែងយល់)។ មហាសេដ្ឋីរូបនេះក៏បន្ថែមថា ការសិក្សាគួរតែមានភាពទាក់ទាញឱ្យដូចជាការលេងវីដេអូហ្គេម គឺថា បើក្មេងលេងហ្គេមពូកែ នោះពួកគេក៏មានវិធីដើម្បីរៀនឱ្យពូកែផងដែរ។

កូនៗទាំង៥នាក់របស់ Elon Musk មិនត្រូវបានរៀនសូត្រតាមទម្លាប់ដូចក្មេងៗដទៃនោះទេ ពួករៀននៅសាលា Ad Astra ក្នុងរដ្ឋ Los Angeles ដែលបង្កើតដោយឪពុករបស់ពួកគេក្នុងឆ្នាំ២០១៤ ចំណាយទឹកប្រាក់អស់ ៧លានដុល្លារ និងមានសិស្សចំនួន ៤០នាក់ តែប៉ុណ្ណោះ កាលពី ឆ្នាំ២០១៨ កន្លងទៅ។

មុខវិជ្ជារៀនរបស់ពួកគេគឺផ្ដោត​សំខាន់​លើ​បច្ចេកវិទ្យាប្រាជ្ញា​សិប្បនិមិត្ត (AI) រៀនសរសេរកូដ និងផ្នែកវិទ្យាសាស្ត្រ ដោយឡែកមុខវិជ្ជាកីឡា និងតន្ត្រី មិនមានបង្រៀននោះទេ។ ចំណែកឯមុខវិជ្ជាភាសាបរទេសវិញក៏មិនមានដែរ ព្រោះ Elon Musk មានការយល់ឃើញថា កម្មវិធីបកប្រែក្នុងពេលវេលាផ្ទាល់ៗ (real-time translation software) នឹងអាចជំនួសឱ្យការចេះច្រើនភាសាបាន ក្នុងពេលឆាប់ៗ។

Ad Astra មិនត្រឹមតែជាសាលាពិសេសនោះទេ សូម្បីតែគ្រូបង្រៀនក៏មិនធម្មតាផងដែរ ដោយគ្រូបង្រៀនសុទ្ធតែមនុស្សពូកែៗ អ្នកវិទ្យាសាស្ត្រ ដែលជាបុគ្គលិកនៅ ក្រុមហ៊ុន SpaceX ផ្ទាល់តែម្ដង។

ក្រៅពីការខិតខំរៀបចំកន្លែងឱ្យកូនៗរៀនសូត្រយ៉ាងយកចិត្តទុកដាក់ មហាសេដ្ឋីដែលកំពុងមានទឹកប្រាក់ចំនួន ១៨១,៩ពាន់ លានដុល្លារ (ផ្អែកតាមទិន្នន័យ Forbes គិតត្រឹមថ្ងៃទី២ ខែកុម្ភៈ) រូបនេះមានការយល់ឃើញចំពោះការអប់រំថា ទម្លាប់បង្រៀនដោយផ្ដល់កិច្ចការផ្ទះឱ្យធ្វើ ជារឿងគួរឱ្យរំខាន។ លោកក៏បានបន្ថែមថា ការសិក្សានៅមហាវិទ្យាល័យគ្រាន់តែជាមូលដ្ឋានដំបូងនៃភាពរីករាយរបស់មនុស្ស និងឱ្យយើងដឹងថាអ្វីដែលយើងនឹងត្រៀមធ្វើនៅពេលខាងមុខប៉ុណ្ណោះ ប៉ុន្ដែមនុស្សបែរជាមិនចាប់អារម្មណ៍ស្វែងយល់ពីរឿងទាំងនេះទៅវិញ។

មិនតែប៉ុណ្ណោះ Elon Musk ក៏ប្រឆាំងនឹងការទាមទារសញ្ញាបត្រចំពោះបុគ្គលិកបម្រើការងារផងដែរ ត្បិតអីនាយកប្រតិបត្តិរូបនេះ បាននិយាយកាលពី ខែមីនា កន្លងទៅថា ការជ្រើសរើសបុគ្គលិកបម្រើការងារនៅ ក្រុមហ៊ុន Tesla គឺមិនតម្រូវឱ្យមានសញ្ញាបត្រអ្វីនោះឡើយ គាត់ថែមទាំងថា វាជារឿងមិនសមហេតុផលថែមទៀតផង៕

ប្រភព៖ Businessinsider ប្រែ​សម្រួល៖ កុសល

មតិយោបល់