• 2021-01-29 04:46:20
  • ផលិតផលថ្មី

អស្ចារ្យបាត់! Xiaomi បង្ហាញនូវបច្ចេកវិទ្យាសាកថ្មទូរសព្ទពីចម្ងាយ គ្មានក្រុមហ៊ុនណាធ្លាប់ធ្វើបាន

  • 2021-01-29 04:46:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​រយៈ​គណនី Twitter របស់​ខ្លួន នា​ថ្ងៃ​នេះ Xiaomi បាន​បង្ហាញ​ចេញ​បច្ចេកវិទ្យា​សាក​ថ្ម​ពី​ចម្ងាយ​ដែល​មាន​ឈ្មោះ​ថា Mi Air Charge។

ផ្អែក​តាម​ការ​បញ្ជាក់​ពី Xiaomi បាន​ឲ្យ​ដឹង​ថា​​បច្ចេកវិទ្យា​នេះ​អាច​សាក​ថ្ម​ឲ្យ​ឧបករណ៍​វៃ​ឆ្លាត​បាន​ច្រើន​ឧបករណ៍​ក្នុង​​ពេល​តែ​មួយ ដោយ​មិន​បាច់​​ត​ភ្ជាប់​ជា​មួយ​ខ្សែ ឬ​ដាក់​ឧបករណ៍​នោះ​នៅ​លើ​ដុំ​សាក​ Wireless នោះ​ឡើយ។

Xiaomi បាន​ឲ្យ​ដឹង​ថា​ Mi Air Charge នេះ​គឺ​មាន​សមត្ថភាព​អាច​បញ្ជូន​ថាមពល​បាន 5W ទៅ​កាន់​ឧបករណ៍​ណា​មួយ​ពី​រយៈ​ចម្ងាយ​ប៉ុន្មាន​ម៉ែត្រ ដែល​ថាមពល​បញ្ជូន​ចេញ​ពី​ដុំ​សាក​ថ្ម​ធំ​មួយ។ ដុំ​សាក​ថ្ម​ពិសេស​របស់ Xiaomi មាន​អង់តែន​ដែល​អាច​កំណត់​ទីតាំង​ឧបករណ៍​ដែល​នៅ​ក្បែរ​បាន​ច្បាស់។

បន្ទាប់​ពី​កំណត់​ទីតាំង​ហើយ​ ​វា​នឹង​បញ្ជូន​រលក​សញ្ញា​​រយៈ​ចម្ងាយ​ខ្លី​ទៅ​កាន់​ឧបករណ៍​នោះ​តាម​រយៈ​អង់តែន​ចំនួន ១៤៤ ដែល​មាន​​លើ​ដុំ​សាក។ ឧបករណ៍​ដែល​ទទួល​យក​រលក​សញ្ញា​គឺ​មាន​នូវ​អង់តែន​តូច​មួយ ដែល​​ក្នុង​អង់តែន​នោះ​មាន​អង់តែន​ Beacon និង​អង់តែន​ទទួល​រលក​សញ្ញា។ អង់តែន​ Beacon គឺ​មាន​នាទី​ផ្សព្វផ្សាយ​ព័ត៌មាន​ពី​ទីតាំង ចំណែក​អង់តែន​មួយ​ទៀត​មាន​នាទី​បម្លែង​រលក​សញ្ញា​ចេញ​ពី​ដុំ​សាក​ ទៅ​ជា​ថាមពល​អគ្គិសនី។

​​យ៉ាងណាក្ដី Xiaomi មិន​ទាន់​បាន​ឲ្យ​ដឹង​នៅ​ឡើយ​ទេ​​អំពី​ផែនការ​​​លក់​ទាក់ទង​នឹង Mi Air Charge នេះ ប៉ុន្តែ​បាន​និយាយ​ថា​បច្ចេកវិទ្យា​នេះ​នឹង​ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់​ដ៏​ធំ​មួយ​សម្រាប់​ផលិតផល​វៃ​ឆ្លាត​ប្រើ​ប្រាស់​នៅ​ផ្ទះ៕​

ប្រភព៖ xda-developers ប្រែ​សម្រួល៖ សុខហេង

មតិយោបល់