• 2021-01-26 01:46:56
  • ព័ត៌មាន

តិចមិនដឹងនៅសៀមរាប​​​ មានសារៈមន្ទីរ​ 3D បង្ហាញច្បាស់ៗពីប្រាសាទក្នុងតំបន់អង្គរ

  • 2021-01-26 01:46:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

  • ក្រុមហ៊ុន ខនភ្លូអិនស៍ ឯ.ក ចាប់ដៃគូជាមួយក្រុមហ៊ុន Iconem ដើម្បីបើកដំណើរការសារមន្ទីរនិម្មិតដំបូងបង្អស់នៅប្រទេសកម្ពុជា ដើម្បីរំលឹកដល់សម្បត្តិបេតិកភណ្ឌខ្មែរ និងបណ្ដាប្រាសាទនានាក្នុងតំបន់អង្គរ។

  • តាមរយៈការប្រើប្រាស់ដ្រូន (Drones) ដែលមានសមត្ថភាពស្គែនក្នុងទ្រង់ទ្រាយធំ ក៏ដូចជាគុណភាពរូបភាពដូចពិតៗ បានធ្វើឱ្យរូបភាព និងវីដេអូ 3D នៃបណ្ដាប្រាសាទក្នុងតំបន់អង្គរនាសម័យមុននឹងត្រូវបញ្ចាំងនៅលើផ្ទៃជញ្ជាំងសារមន្ទីរនេះដែលអ្នកទស្សនាអាចមើលជុំវិញខ្លួនក្នុងទិដ្ឋភាពរង្វិលជុំ ៣៦០ ដឺក្រេ។

  • គម្រោងនេះត្រូវបានបង្កើតឡើងដើម្បីបំពេញបេសកកម្មរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការដោះស្រាយបញ្ហាភ្ញៀវទេសចរដែលកំពុងមានកំណើនយឺតយ៉ាវនៅក្នុងតំបន់ និងភាពសឹករេចរឹលនៃប្រាសាទ។

  • សារមន្ទីរ Immersive Angkor នឹងបើកឱ្យចូលទស្សនាក្នុងខេត្តសៀមរាប នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ ២០២១។

សារមន្ទីរ 3D លក្ខណៈរស់រវើកដំបូងគេឈ្មោះថា Immersive Angkor បានបើកសម្ពោធជាផ្លូវការនៅក្នុងខេត្តសៀមរាបកាលពីថ្ងៃទី​ ១ ខែធ្នូ កន្លងទៅនេះ ដែលបង្កើតឡើងដោយក្រុមហ៊ុន ខនភ្លូអិនស៍ ឯ.ក សហការជាមួយក្រុមហ៊ុន Iconem។

សារមន្ទីរនេះគឺជាសារមន្ទីរនិម្មិតអចិន្ត្រៃយ៍ដំបូងបំផុតនិងត្រូវបានបង្កើតឡើងសម្រាប់ឧទ្ទិសដល់វប្ប‍ធម៌ខ្មែរ ក៏ដូចជាបណ្ដាប្រាសាទនានាក្នុងតំបន់អង្គរផងដែរ ដោយយកការអប់រំ និងបច្ចេកវិទ្យាមកច្របាច់បញ្ចូលគ្នា។

រូបភាព និងវីដេអូ 3D នៃបណ្ដាប្រាសាទក្នុងតំបន់អង្គរនាសម័យមុននឹងត្រូវបញ្ចាំងនៅលើផ្ទៃជញ្ជាំងសារមន្ទីរនេះ ដែលអ្នកទស្សនាអាចមើលជុំវិញខ្លួនក្នុងទិដ្ឋភាពរង្វិលជុំ ៣៦០ ដឺក្រេ។ គោលគំនិតសំខាន់គឺដើម្បីផ្ដល់បទពិសោធន៍ដ៏រស់រវើក៖ អ្នកទស្សនាអាចសម្រួលឥរិយាបថប្រកបដោយផាសុកភាពនៅចំកណ្ដាលបន្ទប់តែម្ដង ហើយទោះជាមើលទៅកន្លែងណាក៏ដោយ ក៏ពួកគេនឹងប្រាកដជាមានអារម្មណ៍ថាខ្លួនកំពុងរស់នៅក្នុងទឹកដីអង្គរកាលពីរាប់សតវត្សរ៍មុនអ៊ីចឹង។

ទស្សនិកជននឹងមិនចាំបាច់ឈរមើលនៅពីមុខស្នាដៃសិល្បៈទៀតទេ ប៉ុន្តែឈរមើលនៅក្នុងស្នាដៃនោះតែម្ដង ដែលការធ្វើបែបនេះអាចឱ្យពួកគេធ្វើដំណើរឆ្លងកាត់ពេលវេលា និងទីកន្លែងបាន។ ការបញ្ចាំងបង្ហាញនេះនឹងវិវឌ្ឍទៅមុខ ហើយពិព័រណ៍ជាបណ្ដោះអាសន្ននឹងធ្វើឡើងជាប្រចាំជាភាសាខុសៗគ្នា។

គម្រោងនេះក៏ត្រូវបានបង្កើតឡើងដើម្បីបំពេញបេសកកម្មរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការផ្ដល់ភាពសម្បូរបែបសម្រាប់ការចូលមកកម្សាន្តក្នុងព្រះរាជាណាចក្រនេះ កែប្រែខេត្តសៀមរាបឱ្យក្លាយជាគោលដៅទេសចរណ៍លំដាប់ខ្ពស់ និងដោះស្រាយបញ្ហាភ្ញៀវទេសចរដែលកំពុងមានកំណើនយឺតយ៉ាវក្នុងតំបន់នេះ ដែលបានកើតឡើងតាំងពីមុនពេលផ្ទុះរាលដាលជំងឺកូវីដ-១៩ទៅទៀត។ មិនត្រឹមប៉ុណ្ណោះ ការបំប្លែងឱ្យទៅជាទម្រង់ 3D នឹងជួយអភិរក្សទីតាំងទាំងនេះពីភាពសឹករេចរឹល។

មិនត្រឹមតែជួយប្រទេសនេះក្នុងការទប់ទល់នឹងបញ្ហាដែលខេត្តសៀមរាបកំពុងប្រឈមប៉ុណ្ណោះទេ សារមន្ទីរនេះក៏នឹងអនុញ្ញាតឱ្យភ្ញៀវទេសចរយល់ដឹងពីការប្រែប្រួលរបស់សម្បត្តិបេតិកភណ្ឌខ្មែរអស់រយៈពេលរាប់សតវត្សរ៍មកនេះផងដែរ។ មែនទែនទៅ ភ្ញៀវទេសចរអន្តរជាតិដែលចូលមកទស្សនាប្រាសាទក្នុងតំបន់អង្គរប្រចាំឆ្នាំមានចំនួនពីរលាននាក់ ប៉ុន្តែ ៧០% ក្នុងចំណោមអ្នកទាំងនោះមិនមានការយល់ដឹង និងចំណេះដឹងអំពីប្រវត្តិដ៏អស្ចារ្យរបស់ប្រជាជនខ្មែរ និងសម្បត្តិបេតិកភណ្ឌផ្នែកស្ថាបត្យកម្មដែលមានលក្ខណៈខុសប្លែកពីគេក្នុងពិភពលោកនោះទេ។

នេះហើយជាចន្លោះប្រហោងដែលគម្រោងសារមន្ទីរ Immersive Angkor ចូលខ្លួនមកជួយបំពេញ ដើម្បីឱ្យមនុស្សជំនាន់នេះ និងជំនាន់ក្រោយជួយអភិរក្ស និងមានការយល់ដឹងកាន់តែប្រសើរអំពីសម្បត្តិបេតិកភណ្ឌខ្មែរតាមរយៈបទពិសោធន៍ដ៏រស់រវើកខុសប្លែកពីគេទាំងស្រុង។

អំពីក្រុមហ៊ុន ICONEM

ក្រុមហ៊ុន ICONEM ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ ២០១៣ មានបេសកកម្មអភិរក្សសម្បត្តិបេតិកភណ្ឌវប្បធម៌ពិភពលោកតាមរយៈការបំប្លែងសម្បត្តិបេតិកភណ្ឌទាំងនោះជាទម្រង់ឌីជីថលសម្រាប់ជាប្រយោជន៍ដល់ការរុករក និងការស្រាវជ្រាវ។

ក្រុមហ៊ុន ICONEM សហការជាមួយវិទ្យាស្ថាន INRIA និងស្ថាប័ន Microsoft Research ដើម្បីបង្កើតគំរូអន្តរស្រទាប់នៃទីតាំងមួយចំនួនក្នុងចំណោមទីតាំងសម្បត្តិបេតិកភណ្ឌដ៏ល្បីល្បាញបំផុតក្នុងពិភពលោកឱ្យមានលក្ខណៈដូចពិតៗនិងត្រឹមត្រូវបំផុតដោយប្រើដ្រូនដែលមានសមត្ថភាពស្គែនក្នុងទ្រង់ទ្រាយធំ ក៏ដូចជាគុណភាពរូបភាពដូចពិតៗ។ ស្នាដៃរបស់ក្រុមហ៊ុននេះរួមមានគម្រោងជាមួយសារមន្ទីរ រដ្ឋាភិបាល និងអង្គការ/ស្ថាប័នអន្តរជាតិនានាដូចជា អង្គការយូណេស្កូ (UNESCO) វិទ្យាស្ថាននៃពិភពអា‍រ៉ាប់ (Arab World Institute) សារមន្ទីរលូវ (Louvre) ក្រសួងវប្បធម៌បារាំង វិទ្យាស្ថានបច្ចេកវិទ្យានៃរដ្ឋម៉ាសាជូសែត (MIT) និងស្ថាប័នជាច្រើនទៀត។

អំពីក្រុមហ៊ុន ខនភ្លូអិនស៍ ឯ.ក

ក្រុមហ៊ុន ខនភ្លូអិនស៍ ឯ.ក ដែលដឹកនាំដោយក្រុមការងារបារាំង-កម្ពុជា និងមានបទពិសោធន៍ជាង ១៥ឆ្នាំនៅព្រះរាជាណាចក្រកម្ពុជា មានបេសកកម្មជួយសម្របសម្រួល និងពន្លឿនការរីកដុះដាលនៃគម្រោងរបស់ក្រុមហ៊ុន ក៏ដូចជាសហគ្រាសនានានៅក្នុងទីផ្សារកម្ពុជា និងអាស៊ីអាគ្នេយ៍ដែលកំពុងអភិវឌ្ឍយ៉ាងឆាប់រហ័ស៕

មតិយោបល់