• 2021-01-21 02:08:06
  • ព័ត៌មាន

ទីបំផុត​ LG ពិចារណាដកខ្លួនចេញអាជីវកម្មស្មាតហ្វូន​

  • 2021-01-21 02:08:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​កូរ៉េ​ខាង​ត្បូង The Korea Herald បាន​ឲ្យ​ដឹង​ថា​ LG កំពុង​ពិចារណា​ដក​ខ្លួន​ចេញ​ពី​អាជីវកម្ម​ស្មាតហ្វូន​ទាំង​ស្រុង​ ស្រប​ពេល​ដែល​ចំនួន​លក់​ធ្លាក់​ចុះ​ និង​មាន​ការ​ខាត​បង់​រហូត​ដល់ ៤,៥​ពាន់​លាន​ដុល្លារ ក្នុង​រយៈពេល​៥​ឆ្នាំ​ចុង​ក្រោយ។

លោក Kwon Bong-Seok នាយក​ប្រតិបត្តិ​ LG បាន​ឲ្យ​តម្រុយ​ដល់​បុគ្គលិក​ថា​ក្រុមហ៊ុន​កំពុង​​ធ្វើ​ការ​វាយ​តម្លៃ​ឡើង​វិញ​លើ​វត្តមាន​របស់​ខ្លួន​ក្នុង​ឧស្សាហកម្ម​ស្មាតហ្វូន។ ក្នុង​លិខិត​ផ្ទៃ​ក្នុង​ដែល​ផ្ញើ​ជូន​បុគ្គលិក លោក​បាន​និយាយ​ថា ៖ "ដោយ​សារ​តែ​ការ​ប្រកួតប្រជែង​ក្នុង​ទីផ្សារ​សកល​សម្រាប់​អាជីវកម្ម​ស្មាតហ្វូន​កាន់​តែ​​ខ្លាំង​ក្លា​ឡើង វា​ដល់​ពេល​ដែល LG ត្រូវ​​ចិត្ត​ដាច់​ និង​ជ្រើស​រើស​យក​ការ​សម្រេច​ចិត្ត​ដ៏​ល្អ​​បំផុត​មួយ។ ក្រុមហ៊ុន​កំពុង​ពិចារណា​លើ​វិធានការ​ដែលអាច​ទៅ​រួច​ទាំង​អស់ រួម​មាន​ការ​លក់​ ការ​ដក​ខ្លួន និង​ការ​បង្រួម​អាជីវកម្ម​ស្មាតហ្វូន។​”

លោក Kwon បាន​បន្ថែម​ថា​ មិន​ថា​មាន​ការ​ផ្លាស់​ប្ដូរ​បែប​ណា​នោះ​ទេ ក្រុមហ៊ុន​នឹង​បន្ត​រក្សា​ទុក​បុគ្គលិក​បច្ចុប្បន្ន​ពី​អាជីវកម្ម​ស្មាតហ្វូន និង​អាច​ផ្លាស់​ពួក​គេ​ទៅ​កាន់​ផ្នែក​ផ្សេង។

ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ចំនួន​លក់​របស់ LG បន្ត​ធ្លាក់​ចុះ​ឥត​ឈប់ ហើយ​ក្រុមហ៊ុន​ជឿជាក់​ថា​មាន​កាន់​កាប់​ចំណែក​ទីផ្សារ​​ស្មាតហ្វូន​ត្រឹម ២% ប៉ុណ្ណោះ។ LG ​បាន​ជួប​​ប្រទះ​នឹង​ការ​ខាត​បង់​រយៈពេល ២៣​ត្រីមាស​ជាប់​គ្នា ដែល​ការ​ខាត​បង់​សរុប​គឺ​មាន​ដល់​ទៅ ៤,៥​ពាន់​លាន​ដុល្លារ៕​

ប្រភព៖ macrumors ប្រែ​សម្រួល៖ សុខហេង

មតិយោបល់