• 2021-01-20 02:28:09
  • ព័ត៌មាន

ឡាន SUV ឆ្នាំ២០២១ លក់នៅខ្មែរទាំង ៣ម៉ូដែល កំពុងទាក់ចិត្តគេច្រើន

  • 2021-01-20 02:28:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្តប្រភេទSUVនៅលើទីផ្សារប្រទេសកម្ពុជាកាន់តែមានការចាប់អារម្មណ៍ខ្លាំង។ ក្រុមហ៊ុនToyota, MG និង Ford គឺជាយីហោរថយន្តនៅក្នុងប្រទេស ដែលបានដាក់បង្ហាញនូវការប្រកួតប្រជែងយ៉ាងម៉ឹងម៉ាត់របស់ខ្លួននៅក្នុងផ្នែកវិស័យមួយនេះ។

ក្នុងនោះក្រុមហ៊ុនMG បានណែនាំពីម៉ូឌែលHS, ក្រុមហ៊ុនFord បានណែនាំអំពីម៉ូឌែលTerritoryខណៈពេលដែលក្រុមហ៊ុនToyotaទើបតែបានប្រកាសចេញម៉ូឌែល Corolla Cross។ ម៉ូដែលទាំង ៣ នេះមានចំណុចពិសេសផ្សេងៗគ្នា ប៉ុន្តែរូបរាង និងតម្លៃគឺគួរឲ្យចាប់អារម្មណ៍ដូចគ្នា។ ជម្រើសរថយន្តប្រភេទSUVកំពុងរីកចម្រើនគ្រប់ពេលវេលាដើម្បីឆ្លើយតបទៅនឹងតម្រូវការ ដែលធ្វើឲ្យការជ្រើសរើសរថយន្តប្រភេទSUVជាជម្រើសមួយដ៏ល្អបំផុតសម្រាប់តម្រូវការរបស់អ្នក។

១) Toyota Corolla Cross៖ វាជាប្រភេទរថយន្តប្រភេទSUVខ្នាតកណ្តាលថ្មី ហើយត្រូវបានដាក់លក់នៅក្នុងប្រទេសកម្ពុជា ក្នុងតម្លៃ ៤៩ ៩០០ដុល្លារ។

វានឹងចូលខ្លួនក្លាយជាគូប្រជែងរវាងរថយន្ត MG HS និង Ford Territory។ រថយន្ត Toyota Corolla Crossបានផ្តល់នូវជម្រើសម៉ាស៊ីនទំហំ ៤ស៊ីឡាំង ចំណុះ១,៨លីត្រ ដែលត្រូវបានភ្ជាប់ទៅនឹងប្រអប់លេខអូតូ (CVT) និងប៉ុងមួយវិលកង់មុខ។ រថយន្តនេះក៏មានជម្រើសល្អផងដែរ ទោះបីអេក្រង់តូចជាងរថយន្តMG HSបន្តិចដែលមានទំហំត្រឹមតែ ៨អ៊ីញ។ រថយន្ដToyota Corolla Cross មានប្រវែងបណ្តោយ ៤ ៤៦០មម,​ ទទឹង ១ ៨២៥មម និង កំពស់ ១ ៦២០មម ហើយប្រវែងពីកង់មុខទៅកង់ក្រោយរបស់វា មានប្រវែង ២ ៦៤០មម ខណៈកំពស់បាតក្រោមឈរផុតពីដី ១៦៥មម។ ផ្នែកខាងក្នុងគឺរាងតូចបន្តិច ប៉ុន្តែបើនិយាយពីវិមាត្រខាងក្រៅរបស់វា ធំជាងFord Territory ដែលគួរតែជួយបានច្រើនដល់អ្នករួមដំណើរ និងការផ្ទុកសម្ភារៈ។

២) MG HS៖ ខណៈពេលដែលក្រុមហ៊ុនMGមានការរីកចម្រើន និងជឿនលឿនគួរឲ្យចាប់អារម្មណ៍ជាមួយនឹងការរចនាបែបស្ព័រសម្រាប់រថយន្តប្រភេទ SUV ដោយនាំយកមកវិញនូវមរតកប្រវត្តិសាស្រ្តនៃម៉ាកយីហោ MGដែលផ្តល់នូវបរិមាណលក់របស់រថយន្តMG HSកាន់តែច្រើនឡើងៗ ហើយវានៅតែមានការចាប់អារម្មណ៍យ៉ាងខ្លាំងជាមួយតម្លៃយ៉ាងប្រកួតប្រជែង សម្រាប់អតិថិជនត្រឹមតែ ៤៣ ០០០ដុល្លារប៉ុណ្ណោះ។

រថយន្ត MG HS មានប្រវែងបណ្តោយ ៤ ៥៧៤មម , ទទឹង ១ ៨៧៦មម , កម្ពស់ ១ ៦៦៤មម ហើយប្រវែងពីកង់មុខទៅកង់ក្រោយរបស់វាគឺ ២ ៧២០មម និងកំពស់បាតក្រោមឈរផុតពីដី ១៧៤ មម។ រថយន្ត MG HS ភ្ជាប់មកជាមួយម៉ាស៊ីនតួបូចំណុះ ១,៥លីត្រ វាប្រើកម្លាំងអូសទាញកង់ខាងមុខ, ប្រអប់លេខអូតូ និងប្រអប់លេខដៃ ៧វគ្គ ហើយវាផ្តល់ថាមពល ១៤៨សេះ និងកម្លាំងបង្វិល ២៥០Nm។ ចំណុចពិសេសមួយទៀតនោះគឺ ចំណាត់ថ្នាក់សុវត្ថិភាពទទួលបានផ្កាយ៥ ពី Euro NCAPដែលជាពិន្ទុដ៏ល្អមួយសម្រាប់រថយន្តប្រភេទSUV។

៣) Ford Territory៖ បើនិយាយពីវិមាត្ររបស់រថយន្ត Ford Territory វិញ គឺមានប្រវែងបណ្តោយ ៤ ៥៨០មម, ទទឹង ១ ៩៣៦មម និង កំពស់ ១ ៦៧៤មម ហើយប្រវែងពីកង់មុខទៅកង់ក្រោយរបស់វាមានប្រវែង ២ ៧១៦មម ខណៈម៉ូឌែលនេះមានកំពស់បាតក្រោមឈរផុតពីដី ១៨០មម។

វាបានបំពាក់ដោយពោងសុវត្ថិភាពចំនួន ៦គ្រាប់ ដើម្បីការពារអ្នកដំណើរពីគ្រប់ទិសទី។ ក្នុងនោះរួមមានពោងសុវត្ថិភាពរបស់អ្នកបើកបរ និងផ្នែកខាងមុខ ពោងសុវត្ថិភាពអ្នកដំណើរផ្នែកខាងមុខ និងពោងសុវត្ថិភាពចំហៀង។ រថយន្តFord Territoryថ្មីក៏បានភ្ជាប់មកជាមួយអេក្រង់ទំហំ ១០អ៊ីញដែលមានមុខងារជាច្រើន។ តែបើទំហំរថយន្តវិញ គឺអាចនឹងមានទំហំតូចបើប្រៀបធៀបទៅនឹងរថយន្តMG HS និងToyota Corolla Cross។ ចំពោះតម្លៃរបស់វាគឺ ៤៩ ៩០០ដុល្លារ លើសម៉ូឌែលMG HSប៉ុន្តែដូចគ្នានឹងToyota Corolla Cross ដែរ៕

មតិយោបល់