• 2021-01-12 07:26:18
  • ព័ត៌មាន

ទាំង Apple Amazon និង Google នាំគ្នាដកកម្មវិធីមួយនេះចោលដូចស្ពៃ

  • 2021-01-12 07:26:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Apple Amazon និង Google បាន​នាំ​គ្នា​ផ្អាក​ដំណើរ​ការ​របស់​កម្មវិធី​បណ្ដាញ​ទំនាក់ទំនង​សង្គម​ឈ្មោះ​ថា​ Parler ដោយ​បាន​លើក​ហេតុផល​ថា​កម្មវិធី​នេះ​មិន​បាន​ចាត់​វិធានការ​ត្រឹម​ត្រូវ​ក្នុង​ការ​ត្រួត​ពិនិត្យ​មាតិកា​ដែល​ញុះញង់​​ឲ្យ​កើត​មាន​អំពើ​ហិង្សា។

  • Parler ជា​អ្វី?

Parler គឺ​ជា​បណ្ដាញ​ទំនាក់ទំនង​សង្គម​មួយ​ដែល​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​អ្នក​ជំនួស​ឲ្យ​ Twitter ហើយ​វា​ទទួល​បាន​ការ​ពេញ​និយម​ដោយ​សារ​សេរីភាព​ពេញ​ទី​ក្នុង​ការ​បង្ហោះ​មាតិកា។ Parler បាន​រៀប​រាប់​ថា​ខ្លួន​គឺ​ជា​ វេទិកា​សម្រាប់​បញ្ចេញ​មតិ​ដោយ​សេរី ដ៏​ពិសេស​មួយ​លើ​ពិភពលោក។

  • ​ហេតុអ្វី​ត្រូវ​បាន​ផ្អាក​ដំណើរ​ការ?

វិធានការ​មាន​លើ​ Parler ពី​សំណាក់​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំៗ​គឺ​កើត​មាន​បន្ទាប់​ពី​​ហេតុការណ៍​​ថ្ងៃ​ទី​៦​មករា​នៅ​សហរដ្ឋអាមេរិក​ ពេល​ដែល​​អ្នក​គាំទ្រ​របស់​លោក​ដូណាល់ ត្រាំ ដែល​មាន​ប្រដាប់​ដោយ​អាវុធ​ក្នុង​ដៃ បាន​សម្រុក​ចូល​វិមាន​កាពីតូល ពេល​ដែល​រដ្ឋ​សភា​កោះ​ប្រជុំ​ដើម្បី​​បញ្ជាក់​អំពី​ជ័យ​ជម្នះ​របស់​លោក Joe Biden។

បណ្ដាញ Parler នេះ​បាន​ក្លាយ​ជា​ទី​ពេញ​និយម​របស់​ក្រុម​អ្នក​គាំទ្រ​លោក​​ដូណាល់ ត្រាំ ក្នុង​នោះ​មាន​ទាំង​អ្នក​ដែល​បាន​ចូល​រួម​ក្នុង​ហេតុការណ៍​សម្រុក​ចូល​វិមាន​កាពីតូល​ផង​ដែរ។

ក្នុង​លិខិត​ដែល Apple ​ផ្ញើ​ជូន​​ក្រុម​អ្នក​ Delevoper នៃ​កម្មវិធី Parler ​ដែល​ចេញ​ផ្សាយ​ដោយ​ The New York Times មាន​និយាយ​ថា​វិធានការ​ដែល​ដាក់​ចេញ​ដោយ​ Parler គឺ​នៅ​មិន​ទាន់​គ្រប់​គ្រាន់​ ​ដើម្បី​ដោះ​ស្រាយ​​ការ​រីក​សាយភាយ​នៃ​មាតិកា​​ដែល​បង្ក​គ្រោះ​ថ្នាក់​លើ​កម្មវិធី។

​ការ​ផ្អាក​ដំណើរ​ការ​ពី​សំណាក់​ក្រុមហ៊ុន​ធំៗ​ទាំង​បី​មាន​ន័យ​ថា អ្នក​ប្រើ​ប្រាស់​មិន​អាច​ទាញ​យក​កម្មវិធី​ពី App Store របស់ Apple ឬ Play Store របស់ Google បាន​ទៀត​នោះ​ទេ។ ចំណែក Amazon បាន​ផ្អាក Parler ​ពី​សេវាកម្ម Hosting វិបសាយ​ឈ្មោះ​ថា Amazon Web Services របស់​ខ្លួន​ផង​ដែរ៕​​

ប្រភព៖ Indian Express ប្រែ​សម្រួល៖ សុខហេង

មតិយោបល់