• 2020-12-24 02:41:31
  • ព័ត៌មាន

​បុគ្គលបច្ចេកវិទ្យា៤នាក់ កើនទ្រព្យសាហាវបំផុតនៅឆ្នាំ ២០២០ មានម្នាក់ជាជនជាតិចិន

  • 2020-12-24 02:41:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បញ្ជី​មហាសេដ្ឋី​បច្ចេកវិទ្យា​ដែល​មាន​កំណើន​ទ្រព្យ​សម្បត្តិ​ច្រើន​ជាង​គេ​នៅ​ឆ្នាំ ២០២០ នេះ មាន​ចំនួន​បី​រូប​មក​ពី​សហរដ្ឋអាមេរិក និង​ម្នាក់​ទៀត​គឺ​ជា​អ្នក​ជំនួញ​​ជនជាតិ​ចិន។ តួលេខ​របស់ Bloomberg បាន​បង្ហាញ​លទ្ធផល​ដូច​ខាង​ក្រោម​នេះ ៖

១. លោក Elon Musk នាយក​ប្រតិបត្តិ​ Tesla

រាប់​ចាប់​ពី​ដើម​ឆ្នាំ ដល់​ថ្ងៃ​ទី​២១ ខែ​ធ្នូ ​​ទ្រព្យ​សម្បត្តិ​​របស់​លោក Elon Musk បាន​កើន​ឡើង​ ១៤០​ពាន់​លាន​ដុល្លារ​ ដែល​ធ្វើ​ឲ្យ​ទ្រព្យ​សរុប​របស់​លោក​មាន​ដល់ ១៦៧ពាន់​លាន​ដុល្លារ។ ទ្រព្យ​សម្បត្តិ​របស់​លោក​មាន​ការ​កើន​ឡើង​ខ្លាំង​ដោយ​សារ​​តម្លៃ​ភាគហ៊ុន​របស់ Tesla មាន​ការ​កើន​ឡើង​រហូត​ដល់​ជាង ៦៥០% ​គិត​ចាប់​ពី​ដើម​ឆ្នាំ​មក។

២. លោក Jeff Bezos នាយក​ប្រតិបត្តិ Amazon

លោក Bezos បាន​បើក​ទំព័រ​ឆ្នាំ ២០២០ ជា​បុគ្គល​មាន​​ដាច់​គេ​ក្នុង​លោក។ ដោយ​សារ​ប្រាក់​ចំណូល​របស់ Amazon បន្ត​កើន​ឡើង​ឥត​ឈប់​ឈរ ធ្វើ​ឲ្យ​លោក​អាច​បន្ត​​ឈរ​នៅ​តំណែង​កំពូល​បាន​ដល់​បច្ចុប្បន្ន ហើយ​លោក​ជា​បុគ្គល​​ទីពីរ​ដែល​មាន​កំណើន​ទ្រព្យ​សម្បត្តិ​ច្រើន​ជាង​គេ​គឺ​រហូត​ដល់ ៧២​ពាន់​លាន​ដុល្លារ ដែល​ទ្រព្យ​សរុប​បច្ចុប្បន្ន​គឺ ១៨៦​ពាន់​លាន​ដុល្លារ។

៣. លោក Colin Huang ស្ថាបនិក Pinduoduo

លោក Colin Huang បាន​បន្ថែម​ទ្រព្យ​សម្បត្តិ​ ៣៣​​ពាន់​លាន​ដុល្លារ​បន្ថែម​ទៀត​ពី​លើ​ទ្រព្យ​កាល​ពី​ឆ្នាំ​មុន ដែល​ធ្វើ​ឲ្យ​ទ្រព្យ​សរុប​ឡើង​ដល់ ៥៣​ពាន់​លាន​ដុល្លារ។ នៅ​ឆ្នាំ ២០២០ លោក​បាន​លា​លែង​តំណែង​​ជា​​នាយក​ប្រតិបត្តិ​របស់ Pinduoduo ប៉ុន្តែ​នៅ​បន្ត​កាន់​កាប់​តំណែង​ជា​ប្រធាន និង​មាន​កាន់​កាប់​ភាគហ៊ុន ២៩,៤% នៅ​ Pinduoduo ដែល​​គិត​ជា​ទឹក​ប្រាក់​មាន​តម្លៃ​ជាង ៥០​ពាន់​លាន​ដុល្លារ។

៤. លោក Mark Zuckerberg ​ស្ថាបនិក​ និង​នាយក​ប្រតិបត្តិ Facebook

នៅ​ឆ្នាំ ២០២០ នេះ ទ្រព្យ​របស់​លោក Mark បាន​កើន​ឡើង​​ជាង ២៦​ពាន់​លាន​ដុល្លារ ដែល​ទ្រព្យ​សរុប​​មាន​ដល់ ១០៥​ពាន់​លាន​ដុល្លារ ក្លាយ​ជា​បុគ្គល​មាន​ជាង​គេ​លើ​លោក​លំដាប់​ទី​៥។ ទ្រព្យ​សម្បត្តិ​នេះ​គឺ​ដោយ​សារ​​លោក Mark មាន​កាន់​កាប់​ភាគហ៊ុន​រហូត​ដល់ ៣៧៥​លាន​ភាគហ៊ុន នៅ​ Facebook៕​​​​​

ប្រភព៖ vnexpress ប្រែ​សម្រួល៖ សុខហេង

មតិយោបល់