• 2020-12-23 04:44:26
  • ផលិតផលថ្មី

កម្មវិធី Reverse Innovation ប្រាក់រង្វាន់ ៩០ លានរៀលបើកទទួលពាក្យស្នើសុំហើយ!

  • 2020-12-23 04:44:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធីថ្មីមួយឈ្មោះ​ថា "Reverse Innovation ហៅកាត់ថា RI ឬកម្មវិធីនវានុវត្តន៍បញ្រ្ចាស"​ ចាប់ផ្ដើមបើកទទួលពាក្យស្នើសុំ ពីថ្ងៃ​នេះ​ទៅរហូត​ដល់​ថ្ងៃ​បិទ​ឈប់​ទទួល​ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១​ ។

កម្មវិធីនវានុវត្តន៍បញ្រ្ចាស គឺជាកម្មវិធីដែលមានលំនាំថ្មីប្លែកមួយ​នៅក្នុងប្រទេសកម្ពុជា។ កម្មវិធីនេះធ្វើ​ឡើង​ដើម្បីស្វែងរកដំណោះស្រាយពីសិស្សនិស្សិត នវានុវត្តជន ធុរកិច្ចថ្មី ឬក៏ក្រុមហ៊ុនផ្សេងទៀត ដោយ​​មាន​ថ្នាក់ដឺកនាំរបស់ក្រុមហ៊ុនជា​ដៃគូ លើកឡើងពីបញ្ហាប្រឈមនៅក្នុងក្រុមហ៊ុនរបស់ពួកគេធ្វើ​ជា​ប្រធាន​បទ​ ជា​មុន​សិន។ បេក្ខជនដែលបានជ្រើសរើសនឹងត្រូវឆ្លងកាត់វគ្គតម្រង់ទិសចំនួន ១៣ សប្តាហ៍។

កាលពីថ្ងៃ១៥ ខែធ្នូ ឆ្នាំ២០២០ កន្លង​ទៅ ​មជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី “តេជោ” បានរៀបចំកម្មពិធី ថ្ងៃបទបង្ហាញបញ្ច្រាសនិងបើកសម្ភោធ “កម្មវិធីនវានុវត្តន៍បញ្រ្ចាស” តាមរយៈប្រព័ន្ធអនឡាញ តាមរយៈការផ្សាយផ្ទាល់លើគេហទំព័រហ្វេសប៊ុក Techo Startup Center ។

ការផ្សាយផ្ទាល់មានអ្នកទស្សនាផ្សាយផ្ទាល់ក្នុងបណ្ដាញសង្គមហ្វេសប៊ុកជាច្រើនពាន់នាក់

ទស្សនា​វីដេអូខាងក្រោម​៖

កម្មវិធីនេះត្រូវបានរៀបចំឡើងតាមប្រព័ន្ធអនឡាញ និងមានការផ្សាយផ្ទាល់តាមបណ្ដាញសង្គមហ្វេសប៊ុកអស់រយៈពេលជិត៤ម៉ោង ហើយក្នុងនោះអ្នកដឹកនាំប្រតិបត្តិចំនួន ៧រូប បានចែករំលែកបញ្ហាប្រឈមនៃក្រុមហ៊ុនរបស់ខ្លួនដើម្បីស្វែងរកដំណោះស្រាយពីសំណាក់សិស្ស ធុរជន ក្រុមហ៊ុននានា ឬនវានុវត្តជនដែលមានគំនិតច្នៃប្រឌិត។

អ្នកដឹកនាំប្រតិបត្តិទាំង ៧រូបនោះ បានលើកឡើងនូវបញ្ហាប្រឈមចំនួន ១១ ដូចមានបញ្ជាក់នៅខាងក្រោម៖

-ចំណោទបញ្ហាទី១៖ “អេឡិកត្រូនិក KYC - គម្លាតនៃការចុះឈ្មោះ ឬការផ្ទៀងផ្ទាត់អត្តសញ្ញាណអតិថិជន” ដែលធ្វើបទបង្ហាញដោយក្រុមហ៊ុនស្មាត។

-ចំណោទបញ្ហាទី២៖ “លេខសម្គាល់ឌីជីថលសម្រាប់ជនជាតិខ្មែរ (បុគ្គលនិងអង្គភាព)” ដែលធ្វើបទបង្ហាញដោយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ។

-ចំណោទបញ្ហាទី៣៖ “ការតភ្ជាប់រវាងប្រព័ន្ធទូទាត់ប្រាក់ និងប្រព័ន្ធគណនេយ្យ” ដែលធ្វើបទ បង្ហាញដោយសមាគមសហព័ន្ធហិរញ្ញវត្ថុ និងបច្ចេកវិទ្យានៃកម្ពុជា។

-ចំណោទបញ្ហាទី៤៖ “ការផ្ទៀងផ្ទាត់អត្តសញ្ញាណរបស់អ្នកប្រើប្រាស់” ដែលធ្វើបទបង្ហាញដោយសមាគមសហព័ន្ធហិរញ្ញវត្ថុ និងបច្ចេកវិទ្យានៃកម្ពុជា។

-ចំណោទបញ្ហាទី៥៖ “កន្លែងទទួលការបរិច្ចាគសម្រាប់ប្រភពមូលនិធិទាំងអស់” ដែលធ្វើបទ បង្ហាញដោយសមាគមសហព័ន្ធហិរញ្ញវត្ថុ និងបច្ចេកវិទ្យានៃកម្ពុជា។

-ចំណោទបញ្ហាទី៦៖ “eKYC សម្រាប់ការផ្ទៀងផ្ទាត់ភាពត្រឹមត្រូវ និងការទទួលអតិថិជនតាមប្រព័ន្ធឌីជីថល” ដែលធ្វើបទបង្ហាញដោយការិយាល័យឥណទានកម្ពុជា។

-ចំណោទបញ្ហាទី៧៖ “ជម្រើសនៃការដាក់ពិន្ទុឥណទានសម្រាប់អ្នកមិនមានគណនីធនាគារ និងមិនស្ថិតក្នុងបណ្តាញធនាគារ (underbanked and unbanked)” ដែលធ្វើបទបង្ហាញដោយ ការិយាល័យឥណទានកម្ពុជា។

-ចំណោទបញ្ហាទី៨៖ “គម្រោងហិរញ្ញប្បទានដែលផ្អែកលើ “ធនធានអនាគត" និងប្រព័ន្ធ "ចំណាត់ថ្នាក់ឥណទាន" នៅក្នុងវិស័យកសិកម្មរបស់ប្រទេសកម្ពុជា” ដែលធ្វើបទបង្ហាញដោយក្រុមហ៊ុន Agribuddy។

-ចំណោទបញ្ហាទី៩៖ “ការកសាងសមត្ថភាពសំរាប់មីក្រូសហគ្រាស សហគ្រាសធុនតូច និងមធ្យម (MSMEs)” ដែលធ្វើបទបង្ហាញដោយធនាគារឯកទេសវីង។

-ចំណោទបញ្ហាទី១០៖ “ដំណោះស្រាយផលិតផលសន្សំប្រកបដោយ ភាពច្នៃប្រឌិត” ដែលធ្វើបទបង្ហាញដោយធនាគារឯកទេសវីង។

-ចំណោទបញ្ហាទី១១៖ “ការចូលរួមរបស់អតិថិជន - កត្តាសំខាន់ដែលជំរុញឲ្យអតិថិជនមានការប្រាស័យទាក់ទងជាមួយធនាគារ” ដែលធ្វើបទបង្ហាញដោយធនាគារភ្នំពេញពាណិជ្ជ។

កម្មវិធីនវានុវត្តន៍បញ្រ្ចាស ចាប់ផ្ដើមបើកទទួលពាក្យស្នើសុំរបស់បេក្ខជនក្នុងការចូលរួមប្រកួតប្រជែងនៅក្នុងកម្មវិធីនេះ ដែលក្នុងនោះបេក្ខជនដែលមានគុណវុឌ្ឍិ(គុណសម្បត្តិ) អាចធ្វើការដាក់ពាក្យចូលរួមជាបុគ្គល ឬជាក្រុម (សមាជិកយ៉ាងច្រើនត្រឹម ៧នាក់ឬតិចជាងនេះ​)។ បន្ទាប់ពីបេក្ខជនសម្រេចចិត្តជ្រើសរើសចំណោទបញ្ហាមួយ ដែលខ្លួននឹងមានដំណោះស្រាយសម្រាប់បញ្ហានោះ បេក្ខជនអាចធ្វើការចុះឈ្មោះតាមរយៈតំណរ link នេះ Techostartup.center/apply-now

កាលបរិច្ឆេទទៅ​តាម​ដំណាក់កាលនិមួយៗ៖

ការទទួលពាក្យស្នើសុំនឹងត្រូវបិទជាស្ថាពរនៅថ្ងៃទី ១៥ ខែមករា ឆ្នាំ២០២១។ ការប្រកាសបេក្ខជនឬក្រុមដែលបានជាប់ការសម្រាំង នឹងត្រូវធ្វើឡើងនៅថ្ងៃទី ២០ ខែមករា ឆ្នាំ២០២១ ហើយបេក្ខជនឬក្រុមដែលបានជ្រើសរើសទាំងនោះនឹងត្រូវចូលរួមដំណាក់កាលមួយដែលហៅថា បុរេ-RI (Pre-RI) ដែលពួកគេនឹងទទួលបានការណែនាំស៊ីជម្រៅបន្ថែមពីបញ្ហា និងតម្រូវការ ព្រមទាំងវិធីក្នុងការស្រាវជ្រាវ ការរចនា ការធ្វើសំណើរ និងបទបង្ហាញអំពីដំណោះស្រាយរបស់ពួកគេ។

នៅថ្ងៃទី ៨ ខែកុម្ភៈ ឆ្នាំ២០២១ បេក្ខជនឬក្រុមនីមួយៗត្រូវធ្វើបទបង្ហាញនូវដំណោះស្រាយរបស់ពួកគេ​ជាលក្ខណៈ Pitch ទៅកាន់គណៈកម្មការ ហើយគណៈកម្មការនឹងជ្រើសរើសក្រុមចំនួន ៥ ដើម្បីចូលទៅកាន់ដំណាក់កាលបន្ត។

ចាប់ពីថ្ងៃទី ១៥ ខែកុម្ភៈ ដល់ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១ (រយៈពេល១២សប្ដាហ៍) ជាដំណាក់កាល RI (RI Phase) ដែលបេក្ខជន ឬក្រុមនីមួយៗ នឹងទទួលបានការណែនាំ និងតម្រង់ទិសពីអ្នកណែនាំចំនួន៣ដងក្នុងមួយសប្ដាហ៍ ដើម្បីអភិវឌ្ឍផលិតផល ឬសេវាជាការបញ្ជាក់គំនិត (Proof-of-Concept) នៃដំណោះស្រាយរបស់ពួកគេ។

ដំណាក់កាលចុងក្រោយ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ ជាថ្ងៃបទបង្ហាញឆ្ពោះទៅមុខ (Forward Pitch Day) ដែលបេក្ខជន ឬក្រុមទាំង៥នោះ នឹងធ្វើបទបង្ហាញចុងក្រោយ (Pitch) ទៅកាន់ស្ថាប័នដែលបានដាក់នូវបញ្ហាប្រឈមទាំងនោះ ដើម្បីប្រកួតប្រជែងក្លាយជាម្ចាស់ជ័យលាភី។

ក្នុងដំណាក់កាលកម្មវិធីនវានុវត្តន៍បញ្រ្ចាស បេក្ខជនទាំងអស់នឹងអាចទទួលបានអត្ថប្រយោជន៍ សំខាន់ៗជាច្រើនរួមមាន បុរេមូលនិធិបណ្ដុះអាជីវកម្មក្នុងដំណាក់កាលRI ការណែនាំផ្នែកបចេ្ចកទេស ប្រព័ន្ធធ្វើតេស្តការទូទាត់បែបឌីជីថល កន្លែងធ្វើការរួមគ្នាក្នុងកំឡុងកម្មវិធី RI ឱកាសទទួលបានការគាំទ្រពីដៃគូនានា និងការប្រើប្រាស់បច្ចេកវិទ្យាក្លោដដោយឥតគិតថ្លៃ។

ចុងបញ្ចប់នៃកម្មវិធី ម្ចាស់ជ័យលាភីលេខ១ នៃ “ថ្ងៃបទបង្ហាញឆ្ពោះទៅមុខ” នឹងទទួលបានប្រាក់រង្វាន់ ៤០ លានរៀល ម្ចាស់ជ័យលាភីលេខ២ នឹងទទួលបានប្រាក់រង្វាន់៣០ លានរៀល និងម្ចាស់ជ័យលាភីលេខ៣ នឹងទទួលបានប្រាក់រង្វាន់ ២០ លានរៀល។

កម្មពិធី “ថ្ងៃបទបង្ហាញបញ្ច្រាស” ខាង​លើ​នេះត្រូវបានប្រព្រឹត្តឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដមបណ្ឌិត គង់ ម៉ារី, អនុរដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី “តេជោ”, ឯកឧត្ដមបណ្ឌិត តាំង ងួនលី, នាយកប្រតិបត្តិ មជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី “តេជោ”, លោកបណ្ឌិត អ៊ិន ចាន់នី ប្រធានសមាគមធនាគារនៅកម្ពុជា និងជាប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា, និងឯកឧត្ដមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ នាយកប្រតិបត្តិសហគ្រិនខ្មែរ។

គួរបញ្ជាក់ផងដែរថា កម្មវិធីនវានុវត្តន៍បញ្រ្ចាសត្រូវបានរៀបចំដោយ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី “តេជោ”, និងសហការរៀបចំកម្មវិធីដោយ សមាគមធនាគារនៅកម្ពុជា និងសហគ្រិនខ្មែរ។ អ្នកឧបត្ថម្ភកម្មវិធីនេះរួមមាន៖ ការិយាល័យឥណទានកម្ពុជា, ធនាគារអេស៊ីលីដា ភីអិលស៊ី, ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត, ធនាគារភ្នំពេញពាណិជ្ជ, និងធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា, កម្មវិធីក៏នេះក៏ទទួលបានដៃគូសហការដែលចែករំលែកបញ្ហាប្រឈមរបស់ស្ថាប័នពួកគេរួមមាន៖ ក្រុមហ៊ុន ស្មាត អាស្យាតា, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេអឹមខេ ភីអិលស៊ី, សមាគមសហព័ន្ធហិរញ្ញវត្ថុ និងបច្ចេកវិទ្យានៃកម្ពុជា, ការិយាល័យឥណទានកម្ពុជា, ក្រុមហ៊ុន Agribuddy Ltd., ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត, និងធនាគារភ្នំពេញពាណិជ្ជ។

ដៃគូគាំទ្រមិនមែនថវិកាក្នុងកម្មវិធីនេះរួមមាន៖ ធនាគារវឌ្ឍនៈ អាស៊ី ចំកាត់ (ABA), ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត, ក្រុមហ៊ុន Huawei, ក្រុមហ៊ុន អាយជីធិកគ្រុប (អាយជីធិក), ក្រុមហ៊ុន បងឡូយ, និងក្រុមហ៊ុន Morakot Technology ។

អ្នកផ្សព្វផ្សាយរួម​មាន​៖ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ, សាកលវិទ្យាល័យជាតិគ្រប់គ្រង, វិទ្យាស្ថានបច្ចេកវិទ្យាគីរីរម្យ, វិទ្យាស្ថានជាតិ NIPTICT, ក្រុមហ៊ុន Seedstars និងសាលាតិចណូ៕

មតិយោបល់